(វ៉ាស៊ីនតោន)៖ អាចនិយាយបានថា រយៈពេល ០៨ឆ្នាំមកនេះប្រធានាធិបតីអាមេរិកស្បែកខ្មៅជាលើកដំបូងក្នុង ប្រវត្តិសាស្ត្រលោក បារ៉ាក់ អូបាម៉ា បានពុះពារជម្នះរាល់ឧបសគ្គ ជាពិសេសការស្តារសេដ្ឋកិច្ចអាមេរិក ឲ្យមានស្ថិរភាព ឡើងវិញប្រកបដោយជោគជ័យ និង ការដើរតួជាមេគ្រប់គ្រងពិភពលោក ប្រកបដោយកណ្តាប់ដៃដែក។ សម្រាប់ ពេលវេលាជិតផុតអាណត្តិនេះ លោកក៏មានរឿងរ៉ាវជាច្រើន ដែលត្រូវបញ្ចប់ផងដែរ ប៉ុន្តែក៏មិនអាចបោះបង់ការ កម្សាន្តជាមួយក្រុមគ្រួសារនោះឡើយ។ នេះបើតាមការចេញផ្សាយមុន នេះបន្តិច ដោយ Channel News Asia នាព្រឹកថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០១៦។

/

នៅថ្ងៃចុងសប្តាហ៍លោក អូបាម៉ា បានចំណាយពេលដើរកម្សាន្តជាមួយភរិយា និងកូនស្រីពីររូបប្រកបដោយ ភាពសប្បាយរីករាយ ជាលើកចុងក្រោយ ក្នុងនាមជាគ្រួសារទីមួយ ឬគ្រួសារថ្នាក់ដឹកនាំកំពូល របស់អាមេរិក។ នៅថ្ងៃ អាទិត្យទី ២១ ខែសីហា ក្រុមគ្រួសារលោក អូបាម៉ា បានធ្វើដំណើរទៅកាន់តំបន់កម្សាន្ត Martha's Vineyard ដែលជាប្រជុំកោះមួយប្រកបដោយ ទេសភាពស្រស់ស្អាត នៃតំបន់ជំរាលភ្នំ និងឆ្នេរសមុទ្រក្នុងរដ្ឋ  Massachusetts ភាគឦសាននៃសហរដ្ឋអាមេរិក។

/

គួរបញ្ជាក់ថាលោក អូបាម៉ា និង ភរិយាលោកជំទាវ Michelle Obama ព្រមទាំងកូនស្រីទាំងពីរគឺ  Sasha និង Malia បានចាកចេញពីសេតវិមានក្នុងរដ្ឋធានី វ៉ាស៊ីនតោន ដើម្បីធ្វើដំណើរតាម ជើងហោះហើរពិសេស Air Force នាព្រឹកថ្ងៃ អាទិត្យ និងត្រឡប់មកវិញនៅយប់ថ្ងៃដដែល។ វាមានរយៈពេលពីរសប្តាហ៍ហើយ ដែលក្រុមគ្រួសារប្រធានាធិបតីរូបនេះ បានចំណាយពេលធ្វើដំណើរកម្សាន្ត នារដូវក្តៅ នៅកោះដ៏ពេញនិយមមួយរបស់រដ្ឋ Massachusetts ខាងលើនេះ៕

/

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង