រាល់ភព និងផ្កាយ រួមនិងវត្ថុទាំងអស់ នៅលើមេឃា នឹងត្រូវវិនាសគ្មានសល់ ក្នុងរយៈពេល ១១០០០០ ពាន់លានឆ្នាំទៀត ដូច្នេះ ផែនដីនឹងបាត់ខ្លួនទាំងស្រុង មុនពេលថ្ងៃនោះមកដល់។

នៅក្នុងវីដេអូមួយដែលមានចំណងជើងថា The Far Future of the Universe ពិធីករ Joe Hanson នាំយើងធ្វើដំណើរពីបច្ចុប្បន្ន ទៅកាន់អនាគតដ៏ខ្លីខាងមុខ នឹងឆ្ពោះទៅដល់អនាគតដ៏ឆ្ងាយ សែនឆ្ងាយ ហើយចុងក្រោយ បានបង្ហើបឱ្យដឹងអំពី របៀបដែលពិភពលោក និងវត្ថុក្នុង មេឃា ត្រូវបញ្ចប់យ៉ាងដូចម្ដេច។
Joe Hanson ចាប់ផ្ដើមដោយការយល់ឃើញថា មនុស្សដែលកំពុងរស់នៅលើផែនដី នាពេលបច្ចុប្បន្ន នឹងលែងមានវត្តមាន ក្នុងរយៈពេល ១០០ឆ្នាំទៀត។ ក្នុងរយៈពេល ១សែនឆ្នាំទៀត ទីតាំងរបស់ផែនដី ក្នុងគន្លងដំរីស នឹងប្ដូរផ្លាស់ រហូតដល់ថ្នាក់ បណ្ដាកញ្ចុំផ្កាយ នឹងមានរូបរាង ខុសពីមុនទាំងស្រុង នៅពេលគេមើលពេលយប់។

ក្នុងអំឡុង ៥សែនឆ្នាំទៀត ផែនដីរបស់យើង អាចនឹងត្រូវអាចម៍ផ្កាយយក្ស ហោះមកប៉ះ បណ្ដាលឱ្យសីតុណ្ហភាពផែនដី ប្រែប្រួលខ្លាំង។ ក្នុងរយៈពេល ៦០០ លានឆ្នាំទៀត ការសំយោគកាំរស្មីពីព្រះអាទិត្យរបស់សត្វ និងរុក្ខជាតិ ត្រូវបានគេជឿថា “មិនអាចទៅរួច” ទៀតឡើយ ដោយសារតែឧស្ម័ន CO2 ជាច្រើន ត្រូវបានឃាំងទុក ក្នុងស្រទាប់ផែនដី។
តាមការអធិប្បាយរបស់ Hanson បន្ទាប់ពី ១ពាន់លានឆ្នាំ (រាប់ពីពេលនេះទៅ) ទៀត រាល់ជីវិត ដែលមានកោសិកាច្រើន រួមទាំងមនុស្សផង នឹងត្រូវផុតពូជ ដោយសារកំដៅព្រះអាទិត្យ ធ្វើឱ្យទឹកនៅលើផែនដី ត្រូវពុះ និងបំផ្លាញរុក្ខជាតិទាំងស្រុង។ រយៈពេល ៤ពាន់លានឆ្នាំទៀត គន្លងដំរីស (Milky Way) នឹងត្រូវប៉ះទង្គិចនឹង ហ្គាឡាក់ស៊ី Andromeda ថ្វីបើពេលនេះ ហ្គាឡាក់ស៊ី ទាំង ២ នៅសែនឆ្ងាយពីគ្នា។ ប្រការនេះ មានន័យថា ពេលនោះ នឹងមានតែផ្កាយ ៦ ក្នុងចំណោមផ្កាយរាប់ពាន់ពាន់លាន ត្រូវប៉ះគ្នា។
ក្នុងរយៈពេល ៧,៩ពាន់លានឆ្នាំទៀត នៅពេលព្រះអាទិត្យរបស់យើង ជិតអស់ឧស្ម័ន វានឹងចាប់ផ្ដើម “លេបយក” ភពនានា ដែលនៅក្បែរ ដូចជា ភព Mercury និងភព Venus មុនពេលវាថយកម្លាំង ក្លាយជាផ្កាយងាប់ ក្រោយរយៈពេល ១,៦ពាន់លានឆ្នាំ តមកទៀត។

ប្រហែល ១៥០ពាន់លានឆ្នាំក្រោយ ការផ្លាស់ប្ដូរនៅលើលំហអាកាសដ៏ជ្រៅ ចាប់ផ្ដើមកើតឡើង។ នៅពេលផ្កាយ និងភពទាំងអស់ ចាប់ផ្ដើមហោះទៅឆ្ងាយពីគ្នា យើងនឹងលែងមានលទ្ធភាពក្នុងការតាមដានបណ្ដា ហ្គាឡាក់ស៊ី ពីផែនដី ដោយសារវាបានរសាត់ទៅសែនឆ្ងាយ។ មកដល់ចំណុច ១០០០ ពាន់លានឆ្នាំទៀត បណ្ដាផ្កាយ នឹងលែងចាប់កំណើត ហើយមកដល់ចំណុច ១១០០០០ ពាន់លានឆ្នាំ ផ្កាយទាំងអស់ នឹងអស់ថាមពល ហើយលែងមានរស្មីដូចមុន នេះក៏ជាពេលដែលមេឃនឹងត្រូវងងឹតទាំងស្រុង មិនថាយប់ ឬថ្ងៃ។
១លាន ពាន់លានឆ្នាំ រាប់ពីពេលនេះ អ្វីដែលនៅសល់លើផែនដី នឹងត្រូវបានផ្កាយខ្មៅ (បច្ចុប្បន្ន ជាព្រះអាទិត្យ) ស្រូបយក នៅពេលគន្លងគោចរ ត្រូវបែកធ្លាយ។ រយៈពេលយ៉ាងយូរ ក្រោយអំឡុងពេលនោះ មេឃ ហាក់នឹងមានចន្លោះទំនេរធំទូលាយ។

ទោះយ៉ាងណាក៏ដោយ នេះគ្រាន់តែជាសម្មតិកម្មអំពីថ្ងៃអវសានរបស់មេឃា។ ក្រៅពីសម្មតិកម្មនេះ ក៏នៅមានសម្មតិកម្មដទៃ ដូចជា ករណីផ្កាយប៉ះទង្គិចនឹងគ្នា នាំឱ្យមានការផ្ទុះធំ Big Bang ថ្មីមួយទៀតកើតឡើង។ យ៉ាងនេះក្ដី ក្នុងករណីណាក៏ដោយ ផែនដីរបស់យើង ប្រាកដជាត្រូវខ្ទេចខ្ទី មុនពេលវត្ថុទាំងអស់នៅលើមេឃ ដល់ថ្ងៃអវសាន៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Youtube/Daily Mail