ផែនដី មានមនុស្សជិត ៨ពាន់លាននាក់ ហើយមនុស្សម្នាក់ៗ គឺគ្រាន់តែជាចំនុចដ៏តូចមួយ។ ដូច្នេះ ដើម្បីឱ្យដឹងថា មនុស្ស មានសភាពតូចកម្រិតណា ក្នុងអវកាស សូមបន្តតាមដាន។

/

ភព​ផែន​ដី​របស់​មនុស្ស

ពេលខ្លះ អ្នកគិតថា មនុស្សយើងគឺជាសត្វលោកដែលមានអំណាចខ្លាំងក្លាបំផុត ក្នុងភពផែនដី។ មនុស្សជាម្ចាស់ផែនដី និងជាម្ចាស់បរិយាកាសជុំវិញខ្លួន។ ប៉ុន្ដែ តើអ្នកធ្លាប់គិតថា នៅខាងក្រៅផែនដី ឬខាងក្រៅប្រព័ន្ធព្រះអាទិត្យ មានអ្វីដែលអស្ចារ្យជាងផែនដីដែរ ឬអត់?

/

ផែន​ដី ធៀប​នឹង​ភព​មួយ​ចំនួន ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ

ប្រការដែលវិទ្យាសាស្ដ្របច្ចុប្បន្នរកឃើញ បានឱ្យយើងដឹងអំពីទំហំរបស់ភពផែនដី និងប្រព័ន្ធព្រះអាទិត្យ ក្នុងនោះ ព្រះអាទិត្យគឺជាផ្កាយមួយដ៏ធំមហិមា ពោលគឺមានមុខកាត់ ធំជាងផែនដី ដល់ទៅប្រហែល ១០០ដង។ ក៏ប៉ុន្ដែ ព្រះអាទិត្យ ក៏គ្រាន់តែជាកូនផ្កាយមួយ ដែលប្រៀបដូចជាដីខ្សាច់មួយគ្រាប់ បើធៀបនឹងផ្កាយយក្សដទៃក្នុងលំហអវកាស។

/

ផ្កាយដែលមានទំហំធំជាងគេបំផុត ដែលមនុស្សបានដឹង នោះគឺផ្កាយ VY Canis Majoris គឺធំជាងព្រះអាទិត្យដល់ទៅប្រហែល ២.០០០ដង។ ជាមួយនឹងទំហំរបស់មនុស្ស ប្រសិនគេបើកយន្ដហោះមួយគ្រឿងដែលអាចហោះក្នុងល្បឿន ៩០០គីឡូម៉ែត្រ/ម៉ោង នោះ គេនឹងត្រូវចំណាយ ១.១០០ឆ្នាំ ទើបអាចហោះបានមួយជុំផ្កាយ VY Canis Majoris។

/

ទំហំ​របស់​ភព និង​ផ្កាយ​នានា ក្នុង​លំហ​អវកាស ដែល​មនុស្ស​បាន​ស្គាល់

តាមការគន់គូររបស់ក្រុមតារាវិទូ ក្នុងហ្គាឡាក់ស៊ី មីលគីវ៉េរបស់មនុស្ស មានដល់ទៅ ១០០ ទៅ ៣០០ពាន់លានភព។ តារាវិវទូ Karen Master ថ្លែងថា នៅក្នុងលំហអវកាស គឺមានប្រហែលជាង ១០០.០០០ ហ្គាឡាក់ស៊ី ដែលត្រូវបានមនុស្សស្គាល់។ ប៉ុន្ដែ ចំនួនហ្គាឡាក់ស៊ីដទៃទៀត ដែលមនុស្សមិនទាន់ ដឹង គឺមានប្រមាណជា ២០០លានហ្គាឡាក់ស៊ី។

/

ទំហំ​របស់​ព្រះអាទិត្យ ប្រៀប​ដូច​ខ្សាច់​មួយ​គ្រាប់ នៅ​ចំពោះ​មុខ​ផ្កាយធំ​បំផុត

ហ្គាឡាក់ស៊ីរបស់មនុស្ស មានឈ្មោះថា មីលគីវ៉េ ដែលជាហ្គាឡាក់ស៊ីខ្នាតមធ្យម ពោលគឺមានទំហំប្រហែល ១០០.០០០ឆ្នាំពន្លឺ។ ដូច្នេះ យានអវកាសមួយគ្រឿង នឹងត្រូវចំណាយពេល ២០០.០០០ឆ្នាំ ក្នុងការធ្វើដំណើរទៅ និងត្រឡប់មកវិញ ដោយប្រើល្បឿនលឿនដូចពន្លឺ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ universetoday/dailymail/youtube