រដ្ឋមន្ដ្រីក្រសួងការពារជាតិអ៊ីរ៉ាក់ Khaled al-Obeidi បានឱ្យដឹងថា មេដឹកនាំជាច្រើនរូបរបស់ក្រុម ISIS បាននាំយកទ្រព្យសម្បត្តិ រត់ទៅកាន់ប្រទេសជិតខាង នៅមុនពេលរដ្ឋាភិបាលវាយលុកផ្ដាច់ព្រ័ត្រទៅលើ Mosul ។

រដ្ឋាភិបាលអ៊ីរ៉ាក់ កំពុងត្រៀមខ្លួន វាយលុកផ្ដាច់ព្រ័ត្រទៅលើតំបន់ Mosul ដែលមានទាហាន ISIS ប្រហែល ១០.០០០នាក់
Reuters ដកស្រង់សំដីលោក Khaled al-Obeidi ឱ្យដឹងថា “មេដឹកនាំជាច្រើនរូប រួមនឹងគ្រួសារមួយចំនួនរបស់ក្រុម ISIS នៅ Mosul បានប្រមូលទ្រព្យសម្បត្តិរបស់ខ្លួន រត់ទៅកាន់ប្រទេសស៊ីរី ហើយមួយចំនួនទៀត ថែមទាំងបានរត់ទៅកាន់តំបន់ដែលមានជនជាតិ Kurd រស់នៅ”។
លោក al-Obeidi ថ្លែងថា លោកទទួលបានព័ត៌មានថា ការមិនចុះសម្រុងគ្នារវាងមេដឹកនាំសំខាន់ៗរបស់ក្រុម ISIS កំពុងតែកើតឡើង ពិសេសគឺទាក់ទឹននឹងបញ្ហាហិរញ្ញវត្ថុ។ បច្ចប្បន្ន នៅ Mosul (ជាកន្លែងដ៏រឹងមាំរបស់ក្រុម ISIS នៅអ៊ីរ៉ាក់) មានទាហានរបស់ ISIS ក្រោម ១០.០០០នាក់។ ចំណែកខាងរដ្ឋាភិបាលអ៊ីរ៉ាក់ គ្រោងនឹងបញ្ជូនទាហាន ៣០.០០០នាក់ ទៅកាន់សមរភូមិដើម្បីដណ្ដើមយកទីក្រុងនេះមកវិញ ដោយមានការគាំទ្រពីអាកាសរបស់កងទ័ពអាមេរិក។
កងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់ បានដណ្ដើមបាន Falluja និងមូលដ្ឋានទ័ពអាកាសសំខាន់ នៅ Mosul។ លោក al-Obeidi ថ្លែងថា បញ្ហាធំបំផុតដែលត្រូវប្រឈម គឺការការពារពលរដ្ឋប្រមាណ ពីរលាននាក់ នៅពេលទ័ពរដ្ឋាភិបាលវាយលុកចូល Mosul ។
មកដល់ពេលនេះ ក្រុម ISIS បានបាត់បង់ទឹកដីពាក់កណ្ដាល នៅអ៊ីរ៉ាក់ ដែលពួកគេបានកាន់កាប់កាលពីពាក់កណ្ដាលឆ្នាំ ២០១៤។ ក្រុមនេះ ក៏បានបាត់បង់តំបន់ជាច្រើននៅប្រទេសស៊ីរីផងដែរ។
ប្រែសម្រួល ៖ បុត្រា