មណ្ឌលគិរីៈ ផ្ទះជនជាតិព្នងសង់ពីឈើផ្ទាល់ដីមួយខ្នង ត្រូវបានអគ្គិភ័យឆេះកាលពីវេលាម៉ោង២ និង១៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៣នេះ បណ្តាលឲ្យម្ចាស់ផ្ទះ៧នាក់ បានស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់។

ឧប្បត្តិហេតុគ្រោះអគ្គិភ័យទ្រង់ទ្រាយតូច តែសម្លាប់មនុស្សអស់ច្រើននេះ បានកើតនៅក្នុងភូមិពូត្រុំ៣ (ដំរីជាន់) សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយក្នុងនោះផ្ទះមួយខ្នងធ្វើពីឈើប្រក់ស័ង្កសី ជាប្រភេទផ្ទះ ទៀមចាំចំការ ត្រូវភ្លើងឆាបឆេះគ្មានសល់ ដោយឆេះសម្លាប់អ្នកនៅក្នុងផ្ទះអស់ ៧នាក់ និងម្នាក់រងរបួសធ្ងន់  ហើយម្នាក់ទៀត បានរត់គេចខ្លួនទាន់ មិនមានរងរបួសនោះទេ។

ពាក់ព័ន្ធទៅនិងករណីភ្លើងឆេះខាងលើនេះ គេនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយនោះទេ តែបើ យោងតាមកូនប្រុសរបស់ម្ចាស់ផ្ទះ អាយុជាង ២០ឆ្នាំ ដែលរួចជីវិតពីការឆាបឆេះនេះ បានប្រាប់អ្នកកាសែតនៅ កន្លែងកើតហេតុឲ្យដឹងថា កាលពីក្បាលព្រលប់ ក្រុមគ្រួសាររបស់ខ្លួន បានមានកម្មវិធីផឹកស្រាជុំគ្នានៅក្នុងផ្ទះ រហូតដល់យប់ជ្រៅ ក៏នាំគ្នាលង់លក់ក្នុងដំណេកអស់ទៅ។ ចំណែកខ្លួនបានទៅចងមុងដេកនៅខាងក្រៅផ្ទះ ស្រាប់តែម៉ោងជាង២ ខ្លួនក៏ភ្ញាក់ដឹងខ្លួនឡើង ស្រាប់តែឃើញអណ្តាត់ភ្លើងឆេះសន្ធោសន្ធៅ ហើយខ្លួនក៏មិនមាន លទ្ធភាពពន្លត់ភ្លើងដែរ ព្រោះគ្មានទឹក ហើយយប់ងងិតសូន្យសុងទៀត។ ក្នុងនោះភ្លើងបានឆាបឆេះតាមអំណាចរបស់វា រហូតដល់រលត់ឯងៗ ដោយមិនមាននរណាជួយ ពន្លត់នោះទេ ព្រោះជាផ្ទះចាំចំការនៅឆ្ងាយដាច់ពីគេឯង។

នៅព្រឹកព្រលឹមថ្ងៃទី០៧ ខែមីនា នេះ បន្ទាប់ពីដឹងហេតុការណ៍ សមត្ថកិច្ច និងប្រជាពលរដ្ឋបានទៅដល់កន្លែង កើតហេតុ បានរកឃើញយុវជនជាកូនប្រុសម្ចាស់ផ្ទះរួចជីវិត និងម្តាយរបស់គេរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូន ទៅសង្រ្គោះភ្លាមៗផងដែរ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា អ្នកស្លាប់ទាំង៧នាក់ខាងលើនេះ រួមមានបុរសជាម្ចាស់ផ្ទះ ត្រូវជា ឪពុកម្នាក់ និងកូនប្រុស-ស្រី ៦នាក់ ហើយមូលហេតុពិតប្រាកដ ដែលបណ្តាលឲ្យឆេះនេះ គេនៅមិនទាន់ដឹង ច្បាស់លាស់នោះទេ៕

Photo

Photo

Photo

Photo

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល