តាមស្ថិតិថ្មីបង្ហាញថា ស្មាតហ្វូនរបស់ Samsung បានកាន់កាប់ ៣៦% នៃទីផ្សារអាមេរិក គឺច្រើនជាង ៧% បើធៀបនឹងគូប្រជែង Apple ។

យោងតាមរបាយការណ៍ពីទីផ្សារស្មាតហ្វូនធំមួយក្នុងពិភពលោក ដែលទើបត្រូវបាន Kantar WorldPanel ប្រកាសឱ្យដឹងបង្ហាញថា Apple ត្រូវបាន Samsung យកឈ្នះនៅទីផ្សារអាមេរិក។ ក្នុងរយៈពេល ៣ខែកន្លង គិតមកដល់ខែឧសភា ឆ្នាំ ២០១៦ iPhone របស់ Apple កាន់កាប់ចំណែកទីផ្សារបាន ២៩% ប៉ុន្តែ Galaxy របស់ Samsung កាន់កាប់ ៣៦%។

/

ការយកឈ្នះលើ Apple របស់ Samsung គឺពឹងទៅលើ Galaxy S7 និង Galaxy S7 edge ដែលទើបត្រូវបានចេញលក់កាលពីដើមឆ្នាំនេះ។

ទន្ទឹមនឹងនេះ រយៈកន្លងមកនេះ អ្នកប្រើប្រាស់ស្មាតហ្វូនរបស់ Samsung បានកើនឡើងច្រើនជាងមុន។ ៨៨% នៃអ្នកប្រើប្រាស់ iPhone បានឱ្យដឹងថា ពួកគេនឹងបន្តប្រើស្មាតហ្វូនរបស់ Apple ខណៈដែលអតិថិជនប្រមាណជា ៨៦% របស់ Samsung និយាយថា ពួកគេនឹងប្រើស្មាតហ្វូន Galaxy ក្នុងពេលអនាគតខាងមុខ។ Kantar WorldPanel ក៏បានឱ្យដឹងថា អតិថិជនត្រឹមតែ ១៤% ប៉ុណ្ណោះ ដែលទិញ iPhone គឺជាអ្នកធ្លាប់ប្រើប្រាស់ស្មាតហ្វូនរបស់  Samsung ។

ការដែល Samsung យកឈ្នះ Apple នៅលើទឹកដីអាមេរិក ក៏នឹងធ្វើឱ្យតំណែងលេខមួយក្នុងវិស័យស្មាតហ្វូននៅទូទាំងពិភពលោក មានការប្រែប្រួល។ នៅក្នុងទីផ្សារចិន Samsung បានកាន់កាប់ចំណែកទីផ្សារធំជាងគេ ពោកគឺកាន់កាប់ ៣៤% ។ បន្ទាប់ពី Samsung គឺ Apple និងក្រុមហ៊ុនស្មាតហ្វូនធំៗ របស់ចិន ដូចជា Xiaomi និង Huawei ជាដើម។

ដើមខែសីហាខាងមុខ Samsung នឹងបញ្ចេញ Galaxy Note 7 ក្នុងទីផ្សារអាមេរិក ខណៈដែលគេត្រូវរង់ចាំដល់ទៅខែកញ្ញា ទើប Apple បង្ហាញខ្លួន iPhone 7 ។

ប្រែសម្រួល ៖ បុត្រា