ប្រភពពត៌មានរបស់ អាល្លឺម៉ង់ កាលពីម្សិលម៉ិញអោយដឹងថា ស្ថាប័នបំណុលរបស់ប្រទេស
អាល្លឺម៉ង់ កំពុងតែគិតដល់ផែនការណ៍ឃាត់ទុកយន្តហោះទីពីរ របស់មហាក្សត្រថៃព្រះនាម
Maha Vajiralongkorn ដើម្បីជាថ្នូរនឹងប្រាក់បំណុលដែលថៃបានជំពាក់ ។

ទំព័រកាសែត Bild am Sonntag បានស្រង់សំដីពីអ្នកគ្រប់គ្រងស្ថាប័នប្រាក់បំណុល អាល្លឺម៉ង់
លោក Werner Schneider អោយដឹងថាយើងខ្ញុំកំពុងតែគិតពីជំហ៊ានបន្ទាប់ ដែលក្នុងនោះ
និយាយពីបញ្ហាការឃាត់ទុកនូវយន្តហោះទីពីររបស់ព្រះមហាក្សត្រថៃ ។
គួរបញ្ជាក់ផងដែរថាកាលពីពីរសប្តាហ៍មុន ស្ថាប័នបំណុលរបស់ប្រទេសអាល្លឺម៉ង់ បានធ្វើ
ការឃាត់ទុកនូវយន្តហោះធុន Boeing ៧៣៧ របស់មហាក្សត្រថៃព្រះនាម Maha
Vajiralongkorn នៅឯព្រលាន យន្តហោះ Munich ដើម្បីបង្ខំអោយរដ្ឋាភិបាលប្រទេសថៃ
ធ្វើការសងប្រាក់បំណុលដែលថៃបានជំពាក់ប្រមាណជា ៥៧ លានដុល្លាអាមេរិច ដល់ក្រុម
ហ៊ុនមួយក្នុងប្រទេស អាល្លឺម៉ង់ ដែលទាក់ទងនឹងគំរោងសាងសង់ផ្លូវនៅឯទីក្រុង បាងកក ។
សាលក្រមរបស់តុលាការប្រទេស អាល្លឺម៉ង់ កាលពីសប្តាហ៍មុន បានចេញសេចក្តីសំរេចថា
យន្តហោះ Boeing ៧៣៧ របស់ថៃនឹងត្រូវប្រគល់អោយថៃវិញប្រសិនបើថៃធ្វើការបង់ប្រាក់
ចំនួន ២៨ លានដុល្លា ដែលមានតំលៃស្មើនឹងតំលៃយន្តហោះនោះ ។ ប្រទេសថៃបានច្រាន
ចោលសេចក្តីសំរេចនោះ ដោយបញ្ជាក់ពីហេតុផលថា យន្តហោះនោះជាសម្បត្តិឯកជន មិន
មែនជារបស់រដ្ឋាភិបាលឡើយ ។
ការជំទាស់គ្នាដែលពាក់ព័ន្ធនឹងប្រាក់បំណុលកាលពី ២០ឆ្នាំមុន នៅពេលដែលក្រុមហ៊ុន
អាល្លឺម៉ង់ Walter Bau ធ្វើជាម្ចាស់ម៉ៅការធ្វើការសាងសង់ផ្លូវភ្ជាប់ពីទីក្រុងបាងកក ទៅកាន់
ព្រលានយន្តហោះ Don Muang ។ ប្រទេសថៃត្រូវជាប់ចោទពីបទបំពានលើកិច្ចសន្យា និង
មិនសងប្រាក់ដល់ក្រុមហ៊ុន Walter Bau ដែលមានតំលៃ ៤០ លានអឺរ៉ូ ដែលស្មើនឹងប្រមាណ
ជា ៥៧ លានដុល្លាអាមេរិច ។
តាម Bild am Sonntag បានអោយដឹងថាព្រះមហាក្សត្រថៃបច្ចុប្បន្នកំពុងតែស្ថិតនៅក្នុង
សណ្ឋគារណាមួយ នៅឯMunich នៅឡើយ ហើយយន្តហោះទីពីរនេះគឺបានធ្វើដំណើរ
ទៅកាន់ទីក្រុងនេះដើម្បីធ្វើការផ្លាស់ប្តូរជាមួយយន្តហោះ Boeing ៧៣៧ ដែលត្រូវបាន
ឃាត់ទុកនោះ ៕