ក្រុមអវកាសចរនឹងត្រូវបាននាំទៅកាន់អាកាស កំពស់ ២០គីឡូម៉ែត្រ ដោយជណ្ដើរយោងមួយ មុននឹងហោះទៅក្នុងអវកាស។

ក្រុមហ៊ុនរបស់កាណាដា Thoth Technology ទទួលបានអាជ្ញាប័ណ្ណមួយស្ដីអំពីការផលិតជណ្ដើរអវកាស ដែលនឹងតភ្ជាប់ពីផ្ទៃដី ទៅកាន់អាកាសដែលមានកំពស់ ២០គីឡូម៉ែត្រ។

/

ជណ្ដើរនេះនឹងជួយកាត់បន្ថយបានដល់ ១ភាគ៣នៃចំណាយទៅលើការហោះហើរទៅកាន់អវកាស។ បណ្ឌិត Brendan Quine ថ្លែងថា អវកាសចរនឹងត្រូវបានបញ្ជូនឡើងទៅកាន់កំពស់ ២០គីឡូម៉ែត្រ តាមរយៈជណ្ដើរយោងមួយ។ ក្រោយមក ពួកគេនឹងហោះហើរពីកំពូលជណ្ដើរនេះ ទៅកាន់គន្លងគោចរ។ នៅពេលបានបញ្ចប់ភារកិច្ច យានអវកាស​នឹងត្រឡប់មកកំពូលជណ្ដើរដើម្បីចាក់ប្រេង ដើម្បីបំរុងសម្រាប់ដំណើរបន្ទាប់។

គួររំលឹកថា មុននេះក៏ធ្លាប់មានគំនិតស្ដីអំពីជណ្ដើរអវកាស ប៉ុន្តែ ក្រុមវិស្វករសុទ្ធតែមិនអាចធ្វើអ្វីបាន​ ដោយសាររកមិនឃើញវត្ថុធាតុរឹងណាមួយដែលអាចរក្សាជណ្ដើរឱ្យនៅនឹងពីផ្ទៃដី ទៅកាន់ដល់អវកាស។ ដើម្បីដោះសា្រយបញ្ហានេះ Thoth Technology បានលើកឡើងថា ជណ្ដើរអវកាសត្រូវតែទាបបន្ដិច ពោលគឺ សាងសង់ត្រឹមតែកំពស់ ២០គីឡូម៉ែត្រ ជំនួសឱ្យ ៣៥.០០០គីឡូម៉ែត្រ ដូចការលើកឡើងមុននោះ។

“ThothX Tower” ដែលជាឈ្មោះរបស់ជណ្ដើរអវកាស នឹងមានរចនាសម្ពន្ធពិសេស និងស្មុកស្មាញបំផុត ហើយនៅកំពូលជណ្ដើរនេះ នឹងមាន ព្រលានសម្រាប់យានអវកាស។ បន្ទប់ជណ្ដើរនឹងមានរូបរាង និងស្ថិតនៅក្នុងស្នូលជណ្ដើរ ដូចទៅនឹងជណ្ដើរយោងធម្មតា តែវាក៏អាចត្រូវបានគេដាក់នៅខាងក្រៅដូចទៅនឹងរថភ្លើងឡើងភ្នំ។ បន្ទប់ជណ្ដើរនិមួយៗ អាចផ្ទុកបាន ១០តោន។

width=447

Caroline Roberts អគ្គនាយកនៃក្រុមហ៊ុន Thoth Technology ថ្លែងថា ជណ្ដើរនេះនឹងខ្ពស់ជាងអគារខ្ពស់បំផុតក្នុងលោក Burj Khalifa ដល់ទៅ ២០ដង។

សូមបញ្ជាក់ថា គំនិតស្ដីអំពីជណ្ដើរអវកាសនេះ ត្រូវបានលើកឡើងដំបូងគេកាលពីឆ្នាំ ១៨៩៥ ដោយអ្នកវិទ្យាសាស្ដ្ររុស្ស៊ី Konstantin Tsiolkovsky ដែលកាលណោះ លោកចង់សាងសង់ជណ្ដើរអវកាសដែលមានកំពស់ដល់ទៅ ៣៥.០០០គីឡូម៉ែត្រ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Telegraph