ភ្នំពេញ៖ របងផ្ទះលោកឧកញ៉ា ថោង សារ៉ាត់ ប្រវែងប្រមាណជា ១៥ម៉ែត្រ កម្ពស់៣ម៉ែត្រ ដែលគេអះអាងថា សាងសង់មិនត្រូវតាមបទដ្ឋានបច្ចេកទេសនោះ បានដួលរលំសង្កត់កម្មករស្លាប់ ២នាក់ នៅម៉ោងប្រមាណ ១០ព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមាន ជ័យ។
ក្រោយហេតុការណ៍រលំរបងផ្ទះនេះ អាជ្ញាធរខណ្ឌមានជ័យ ដែលដឹកនាំលោក គួច ចំរើន អភិបាលខណ្ឌ បានចុះ ទៅកាន់កន្លែងកើតហេតុភ្លាមៗ និងយកអេស្កាវ៉ាទ័រទៅជីកកាយផងដែរ។ តែជាអកុសលមិនអាចជួយសង្រ្គោះ ជនរងគ្រោះឲ្យបានទាន់ពេលវេលានោះទេ ពោលកម្មករពីរនាក់ ដែលត្រូវផ្ទាំងរបងផ្ទះសង្កត់ពីលើនោះ បាន ស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។
កម្មករ ដែលត្រូវរបងផ្ទះលោកឧកញ៉ា ថោង សារ៉ាត់ ផ្តាច់ជីវិតនេះ មានឈ្មោះ ទូច ចម អាយុ ១៧ឆ្នាំ មានស្រុក កំណើតនៅភូមិត្រពាំងអណ្តូង ឃុំទំនប់ ស្រុកពញាឭ ខេត្តកណ្តាល និងជនរងគ្រោះម្នាក់ទៀតឈ្មោះ ត្រ ជនជាតិ វៀតណាម រស់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌមានជ័យ។
សពកម្មករទាំងពីរនាក់ ក្រោយអាជ្ញាធរជីកកកាយរកឃើញហើយនោះ ត្រូវបានយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ រង់ចាំក្រុមគ្រួសារមកទទួលទៅទុកដាក់ និងធ្វើបុណ្យតាមប្រពៃណី។
ហេតុការបាក់រលំរបងផ្ទះនេះ ត្រូវបានសមត្ថកិច្ចរៀបរាប់ឲ្យដឹងផងដែរ ក្រុមកម្មកររងគ្រោះ មិនមែនធ្វើការក្នុងការ ដ្ឋានសំណង់របស់លោកឧកញ៉ា ថោង សារ៉ាត់នោះទេ ពោលគឺក្រុមកម្មករកំពុងធ្វើការក្នុងការដ្ឋានសំណង់ផ្ទះល្វែង ឲ្យក្រុមហ៊ុនផ្សេង ដែលមានទីតាំងនៅជាប់របងផ្ទះរបស់លោកឧកញ៉ា ថោង សារ៉ាត់ ប្រវែងប្រមាណជា ១៥ ម៉ែត្រ។ ខណៈដែលក្រុមកម្មករកំពុងបំពេញការងារ ស្រាប់តែរបងផ្ទះរបស់លោកឧកញ៉ា ថោង សារ៉ាត់ បានដួល រលំ ហើយសង្កត់លើកម្មករ២នាក់។
ការបាក់រលំរបងផ្ទះនេះ ត្រូវបានក្រុមអ្នកជំនាញខាងសំណង់អះអាងថា របងផ្ទះរបស់លោកឧកញ៉ា ថោង សារ៉ាត់ ធ្វើមិនត្រូវតាមបទដ្ឋានបច្ចេកទេសនោះទេ។របងផ្ទះនេះមិនបានចាក់គ្រឹះឡើយ គ្រាន់តែចាក់ធ្នឹមហើយបណ្តុះ ឥដ្ឋចាក់ស៊ីម៉ង់តិ៍យកតែម្តង ទើបដួលរលំទាំងផ្ទាំងបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃបែបនេះ។
ហេតុការណ៍បាក់ផ្ទាំងរបងនេះ គេនៅមិនទាន់ដឹងថា ទាំងម្ចាស់របងផ្ទះ គឺលោកឧកញ៉ា ថោង សារ៉ាត់ និងម្ចាស់ ការដ្ឋានផ្ទះល្វែង នឹងផ្តល់សំណង់ដល់ក្រុមគ្រួសារកម្មកររងគ្រោះទាំងពីរនាក់ យ៉ាងណានៅឡើយនោះទេ៕











ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល