ភ្នំពេញ៖ បុរសជនជាតិចិន ចំនួន៤នាក់ ដែលមាន ស្ថានភាពស្រវឹង បានថយ រថយន្ត ម៉ាកលុច្សស៊ីស របស់ខ្លួន ទៅបុក យុវជនម្នាក់ ដែលជាបុគ្គលិក នៅហាងម៉ាស្សា ឡាក់គីម៉ាស្សា ប៉ុន្តែមិនចុះមកសុំទោសទេ បែរជាចុះពីលើរថយន្ត វាយជនរងគ្រោះ ថែមទៀតផង។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១១៖២០នាទី យប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅតាម ផ្លូវលេខ ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ពោលនៅមុខ ហាងម៉ាស្សា ឡាក់គីម៉ាស្សា។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ បុរសជនជាតិចិន ចំនួន៤នាក់ ដែលមានអាការៈស្រឹវឹង ហើយបានបើក រថយន្តម៉ាកលុច្សស៊ីស RX-300 ពណ៌ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ 2O-5518 មានបំណងមកម៉ាស្សា នៅខាងលើ ប៉ុន្តែពេលមកដល់ ត្រូវបានបុគ្គលិក ប្រាប់ថា ផុតម៉ោងហើយ ។ ពេលនោះ អ្នកបើករថយន្ត បានបើក ថយក្រោយ បណ្តាលឲ្យបុក បុគ្គលិកនៅហាងខាងលើនេះ មានឈ្មោះ សួន ម៉ារ៉ែនឌី អាយុ២០ឆ្នាំ កំពុងនៅលើម៉ូតូរបស់ខ្លួនរបស់ម៉ាក សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1F-2911បណ្តាលឲ្យដួល ។

ពេលនោះ បុរសជនជាតិចិន ដែលគេមិនស្គាល់ អត្តសញ្ញាណ បានចុះពីលើរថយន្ត ស្ទុះទៅវាយជនរងគ្រោះ ហើយក៏ត្រូវជនរងគ្រោះ និងមិត្តភក្តិវាយវិញ បណ្តាលឲ្យរងរបួសវិញ ។ ភ្លាមៗនោះពួកគេ បានទូរស័ព្ទ ទៅបុរសម្នាក់ ដើម្បីមក អន្តរាគមន៍ ។

ពេលដែលបុរសរូបនេះ មកដល់ បានសួរទៅជនរងគ្រោះថា យកប៉ុន្មាន ជនរងគ្រោះឆ្លើយថា យក៥០ដុល្លារ ។ តែថៅកែ ហាងម៉ាស្សា ប្រាប់មកវិញថា មិនយកទេ លុយប៉ុណ្ណឹង រូបគេមានលុយឲ្យ បុគ្គលិករបស់គេហើយ ប៉ុន្តែកុំឲ្យធ្វើរឿងបែបនឹង នៅថ្ងៃក្រោយទៀត ទើបពួកគេត្រឡប់ទៅវិញបាត់ទៅ៕

/

/

/

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល