NASA រៀបគម្រោងធ្វើសមយុទ្ធប្រឆាំងនឹងអាចម៍ផ្កាយដែលនឹងហោះមកបុកផែនដី នៅក្នុងរដ្ឋ California ខាងត្បូង នាថ្ងៃទី ២០កញ្ញា ឆ្នាំ ២០២០។

NASA និងទីភ្នាក់ងារគ្រប់គ្រងស្ថានភាពបន្ទាន់នៃសហរដ្ឋអាមេរិក (FEMA) កំពុងសហការណ៍គ្នារៀបចំគម្រោងការពារមនុស្សក្នុងកាលៈទេសៈបន្ទាន់នៅពេលគេរកឃើញអាចម៍ផ្កាយធំមួយដែលជិតនឹងហោះមកបុកផែនដី នេះបើតាមទំព័រ Nature World News ដែលបានចេញផ្សាយការពីថ្ងៃទី ៦វិច្ឆិកា។
NASA កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើចំនួនអាចម៍ផ្កាយដែលនៅជិតផែនដី ដោយមានជំនួយពីបណ្ដាញមូលដ្ឋានស្រាវជ្រាវទាំងនៅលើដី និងនៅលើអវកាស។ ក្រុមអ្នកវិទ្យាសាស្ដ្របានគន់គូរឃើញថា មានអាចម៍ផ្កាយជិត ១០.០០០ នៅក្បែរផែនដី។ យ៉ាងតិច ១០% ក្នុងចំណោមអាចម៍ផ្កាយទាំងនោះ មានអង្កត់ផ្ចិតវែងជាង ១.០០០ម៉ែត្រ និងអាចបំផ្លាញផែនដីទាំងមូល។Craig Fugate អគ្គនាយករបស់ FEMA ឱ្យដឹងថា “ការធ្វើសមយុទ្ធអំពីគ្រោះមហន្តរាយនេះ បើទោះជាមានហានិភ័យតិចក៏ពិតមែន ប៉ុន្តែ វាមានសារសំខាន់”។
ការធ្វើសមយុទ្ធ យោងទៅលើស្ថានភាពសម្មតិកម្មស្ដីអំពីអាចម៍ផ្កាយមួយដែលមានទំហំប្រហែលពី ៩០ទៅ២៥០ម៉ែត្រ និងមានលទ្ធភាព ២% អាចហោះមកបុកផែនដី នៅថ្ងៃទី ២០កញ្ញា ២០២០។ គន្លងគោចររបស់អាចម៍ផ្កាយនេះ ក្រោយមកបានប្ដូរផ្លាស់ នាំឱ្យហានិភ័យនៃការប៉ះទង្គិច កើនឡើងដល់ ៦៥% ហើយចុងក្រោយគឺ ១០០% នៅខែឧសភា ឆ្នាំ ២០១៧។ ប៉ុន្មានខែក្រោយមក ក្រុមអ្នកវិទ្យាសាស្ដ្របានដឹងអំពីតំបន់ដែលអាចម៍ផ្កាយនេះនឹងហោះមកបុក គឺនៅ California ខាងត្បូង។
Thomas Zurbuchen អនុប្រធានគណកម្មការបេសកកម្មវិទ្យាសាស្ដ្ររបស់ NASA ឱ្យដឹងថា “ពេលនោះ បញ្ហាមិននៅត្រង់ថា លទ្ធភាពនៃការប៉ះទង្គិចនោះទេ ប៉ុន្តែ វាជាពេលវេលានៃការប៉ះទង្គិច”។
លោក Thomas Zurbuchen បន្តថា ក្រុមអ្នកវិទ្យាសាស្ដ្របច្ចុប្បន្ន មានសមត្ថភាពគ្រប់គ្រាន់ដើម្បីទប់ទល់នឹងការប៉ះទង្គិចដូចខាងលើ ដោយការត្រួតពិនិត្យ ព្យាករណ៍ រៀបគម្រោងដើម្បីប្រឈមមុខ និងកាត់បន្ថយស្ថានភាព យោងទៅលើមូលដ្ឋានសមស្រប។ NASA នឹងផ្ដល់អ្នកជំនាញការទៅឱ្យ FEMA តាមរយៈទីភ្នាក់ងារសហការណ៍ការពារភព។ ក្រុមនេះក្រោយមក នឹងបន្តធ្វើសមយុទ្ធអំពីការប៉ះទង្គិច រួមជាមួយនឹងអ្នកតំណាងមកពីស្ថាប័ននៃរដ្ឋ និងមូលដ្ឋាននានា៕
ប្រែសម្រួល ៖ តារាប្រភព ៖ Nature World News