ភ្នំពេញ ៖ នារីរត់តុ នៅហាងអាន់ឆ័រ៩៩ ត្រូវបានបុរសម្នាក់ ក្រៀកយកទៅចាប់ រំលោភតែមិនបានសម្រេច នៅពេលដែល នារីរងគ្រោះ កំពុងតែដើរម្នាក់ឯងទៅផ្ទះ របស់ខ្លួន ក្រោយពីត្រឡប់មកចូលរួមពិធី ខួបកំណើតកូន ថៅកែហាង ។

ករណីចាប់រំលោភ មិនបានសម្រេចខាង លើនេះ បានកើតឡើង កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៣  ស្ថិតនៅតាមផ្លូវលំក្នុងភូមិត្រញំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនសង្ស័យ រូបនេះ ត្រូវបានអ្នកជិតខាងជួយចាប់ប្រគល់ ជូនសមត្ថកិច្ចមូលដ្ឋាន នៅពេលនារីរងគ្រោះ បានស្រែកឱ្យគេជួយ ។

យោងតាមរបាយការណ៍របស់នគរបាល ខណ្ឌសែនសុខបានឱ្យដឹងថា ជនសង្ស័យរូបនេះ ឈ្មោះ សុខ ជា អាយុ ៣៧ឆ្នាំ មុខរបរ នៅផ្ទះ មានស្រុកកំណើត នៅស្រុកចំការ លើ ខេត្ដកំពង់ចាម រីឯនារីរងគ្រោះឈ្មោះ ស.ល អាយុ ២១ឆ្នាំ មុខរបរ ជាអ្នករត់តុ នៅហាងអាន់ឆ័រ ៩៩ ។

យោងតាមរបាយការណ៍ដដែលមុនពេលកើតហេតុ ពោលនៅយប់ថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ ២០១៣ នៅក្នុងហាងផឹកស៊ីខាង លើនេះ មានកម្មវិធីខួបកំណើតដែលជាកូន  របស់ម្ចាស់ហាង ពេលនោះអ្នកធ្វើការនៅ ក្នុងហាង ព្រមទាំងនារីរងគ្រោះបានចូលរួម ទាំងអស់គ្នា ។ លុះពេលកម្មវិធីចប់នារីរងគ្រោះត្រូវបានម្ចាស់ហាង ដឹកតាមរថយន្ដ ជូនមកកាន់លំនៅដ្ឋាន ប៉ុន្ដែ បានឈប់នៅ ច្រកចូលផ្ទះ ។ ក្រោយពីឈប់រួច នារីរង គ្រោះបានដើរទៅផ្ទះជួលរបស់ខ្លួន ប្រមាណ ៣០០ម៉ែត្រពីច្រកចូល ក៏លេចមុខជនសង្ស័យ រូបនេះចូលទៅក្រៀកក រួចហើយចាប់ផ្ដួល បំណងរំលោភ ប៉ុន្ដែត្រូវបាននារីរងគ្រោះ ស្រែកឱ្យគេជួយ ក៏ឮដល់អ្នកជិតខាងចេញ មកជួយអន្ដរាគមន៍ វាយមួយដៃមួយជើង  ហើមមុខហើមមាត់ រួចប្រគល់ឱ្យសមត្ថកិច្ច តែម្ដងទៅ។ បច្ចុប្បន្នជនសង្ស័យរូបនេះត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល