Soi Cowboy ជាតំបន់កំសាន្តដ៏ល្បីឈ្មោះមួយនៅក្រុងបាងកក ស្ថិតនៅក្នុងសភាពងងឹត នៅពេលបណ្ដាហាង បារ ឈប់ដំណើរការដើម្បីកាន់ទុក្ខព្រះមហាក្សត្រដែលទើបសោយទិវង្គត។

នៅ Soi Cowboy ជាតំបន់ដែលនៅតែបើកទ្វារទទួលភ្ញៀវ កាលពីមានព្រឹត្តិការណ៍រដ្ឋប្រហារកន្លងមក ពេលនេះកំពុងស្ងាត់ជ្រងំ។

/

ទិដ្ឋភាពនៅ Nana Plaza តំបន់ភ្លើងក្រហមនៅបាងកក ដែលត្រូវបានគេជឿថា កន្លែងដែលមានសកម្មភាពផ្លូវភេទធំបំផុតក្នុងលោក ត្រូវបានគេផ្អាកដំណើរការ។ រូប ៖ AP

Telegraph ដកស្រង់សំដី Fabrice ដែលជាអ្នកបម្រើលើយន្តហោះពីក្រុង បារីស និយាយថា “ពិតជាមិនអាចជឿបាន។ ខ្ញុំមិនដែលបានឃើញទិដ្ឋភាពបែបនេះពីមុនមក។ ប៉ុន្តែ យើងខ្ញុំយល់”។

Thanapan Sriphan អ្នកគ្រប់គ្រងហាង Spritz ដែលនៅតែបើកដំណើរការ ឱ្យដឹងថា ប្រាក់ចំណូលបានថយចុះ ២ភាគ៣។ អ្នកស្រីថ្លែងថា “យ៉ាងនេះក្ដី យើងខ្ញុំមិនអន់ចិត្តដោយសារមុខជំនួននេះនោះទេ នោះគឺដើម្បីព្រះមហាក្សត្រ”។

នៅក្នុងតំបន់ទេសចរណ៍តាមដងផ្លូវ Khaosan ជាកន្លែងដែលអ្នករាល់គ្នាអាចរាំរែកទៅតាមចង្វាក់ភ្លេងរហូតដល់ព្រឹក ពេលនេះ ភ្ញៀវបានត្រឹមតែផឹកភេសជ្ជៈដែលមានជាតិអាកុលទាប ហើយហាងទាំងនោះ អាចបើកដំណើរការដល់ត្រឹមតែពាក់កណ្ដាលយប់ ទៅតាមបញ្ជារបស់នគរបាល។ បារទាំងឡាយសុទ្ធតែត្រូវបានបិទទ្វារ និងត្រូវហាមបើកចម្រៀង។

/

ទិដ្ឋភាព​ស្ងាត់ជ្រងំ​នៅបារ​មួយ​ក្នុងតំបន់​ភ្លើងក្រហម​។ រូប ៖ Reuters

Danny Cheaton អាយុ ៣២ឆ្នាំ ជាជនជាតិអង់គ្លេស ទើបតែមកដល់ប្រទេសថៃបានមួយអាទិត្យ បង្ហាញនូវភាពជឿជាក់ក្នុងស្ថានភាពស្ងប់ស្ងាត់បែបនេះ។ Danny Cheaton និយាយថា “ខ្ញុំបានមកដល់ទីនេះមុននោះ ហើយតំបន់នេះ តែងតែមមាញឹក។ ប៉ុន្តែ បែបនេះគឺល្អជាងអ្វីដែលខ្ញុំរំពឹងទុក”។

សកម្មភាពកំសាន្តនៅប្រទេសថៃ បានទាក់ទាញភ្ញៀវទេសចរណ៍ ប្រហែល ៣០លាននាក់ក្នុងមួយឆ្នាំ និងមានចំនួន ១០% ក្នុងចំណោមប្រាក់ចំណូលរបស់រាជរដ្ឋាភិបាល ប៉ុន្តែ សកម្មភាពកំសាន្តទាំងនេះកំពុងតែត្រូវបានផ្អាកក្នុងរយៈពេល ៣០ថ្ងៃ ដើម្បីកាន់ទុក្ខបន្ទាប់ពីព្រះមហាក្សត្រ Bhumibol Adulyadej បានសោយទិវង្គត កាលពីថ្ងៃទី ១៣តុលា។ ប្រការនេះ បានបណ្ដាលឱ្យអ្នកសិល្បៈមួយចំនួនជួបបញ្ហា។

នៅ Bangkok Bunnies ដែលជាក្លិបរាត្រីមួយនៅក្នុងតំបន់ភ្លើងក្រហម Nana Plaza បុគ្គលិកពីរនាក់ឈ្មោះ Bill និង Bells ឱ្យដឹងថា ពួកគេរស់ដោយសារប្រាក់ចំណូលពី ១៣ទៅ១៩ដុល្លារក្នុងមួយថ្ងៃ ទន្ទឹមនឹងប្រាក់ខែ ១៦០ដុល្លារ/ខែ។ Bells និយាយថា “ពិតហើយ យើងខ្ញុំមានការព្រួយបារម្ភអំពីប្រការនេះ”។

/

ការ​ប្រគំតន្ដ្រី និង​ពិធីជប់លៀង​ត្រូវបាន​ផ្អាក ហើយ​បណ្ដា​ហាង​ បារ ភាគច្រើន​ដែលធ្លាប់តែ​មានភ្ញៀវច្រើន ពេល​នេះ​ ស្ងាត់ដូចចោរលួចសេះ

បរិយាកាសទុក្ខសោកក៏កើតមានទៅលើវិស័យកំសាន្តនៅកន្លែងដទៃរបស់ប្រទេសថៃ នៅពេលប្រជាពលរដ្ឋនាំគ្នាកាន់ទុក្ខ។ ប្រទេសថៃ នឹងកាន់ទុក្ខរយៈពេលមួយឆ្នាំ។ ឧបនាយករដ្ឋមន្រ្តី Wissanu Krea-Ngam ឱ្យដឹងថា ព្រះរាជពិធីថ្វាយព្រះភ្លើងនឹងត្រូវបានធ្វើឡើង បន្ទាប់ពីពិធីកាន់ទុក្ខបានបញ្ចប់។ ព្រះរាជពិធីឡើងគ្រងរាជរបស់ព្រះរាជបុត្រា Vajiralongkorn ព្រះជន្ម ៦៤ព្រះវស្សា ក៏នឹងត្រូវបានធ្វើឡើងក្រោយពិធីថ្វាយព្រះភ្លើង៕

ប្រែសម្រួល ៖ តារាប្រភព ៖ Telegraph