ធនាគារ ABA ដែលជាសមាជិកនៃធនាគារជាតិនៃកាណាដា គ្រោងនឹងពង្រីកសាខាថ្មីនៅកម្ពុជា នាចុងឆ្នាំនេះ។

លោក Askhat Azhikhanov អគ្គនាយកធនាគារ ABA បានមានប្រសាសន៍ថា ពួកគេមានបំណងបន្ថែមសាខាថ្មីចំនួន ១១ បន្ថែមទៅលើ ៥៥ សាខាដែលខ្លួនមានស្រាប់។

លោកបានបន្តថា ទ្រព្យសកម្មសរុបរបស់ធនាគារបានកើនដល់ ១,៨ ពាន់លានដុល្លារ ដែលធ្វើឱ្យ ABA ក្លាយជាស្ថាប័នធនាគារធំជាងគេ ទីបួន នៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា​ នៅក្នុងឆ្នាំ ២០១៤ ធនាគារជាតិនៃកាណាដា បានទិញភាគហ៊ុនចំនួន ១០ ភាគរយនៃភាគហ៊ុនរបស់ធនាគារ ABA ហើយនៅឆ្នាំ ២០១៦ វាបានក្លាយជាភាគទុនិកធំបំផុត ដោយមានភាគហ៊ុនចំនួន ៩០ ភាគរយ។

/

លោក Louis Vachon ប្រធាន និងជាអគ្គនាយកធនាគារជាតិនៃកាណាដា ដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍នោះបាននិយាយថា ស្ថាប័នទាំងពីរប្តេជ្ញាជួយដល់សហគ្រិន និងអាជីវកម្មនៅក្នុងប្រទេសកម្ពុជា តាមរយៈដំណោះស្រាយធនាគារឌីជីថលប្រកបដោយភាពច្នៃប្រឌិត។ ការវិនិយោគនេះ គឺមានរយៈពេលវែង។

ធនាគារ ABA នឹងបន្តអនុវត្ត និងគាំទ្រដល់កម្មវិធី និងគំនិតផ្តួចផ្តើមក្នុងស្រុក ក៏ដូចជាបង្កើនចំណេះដឹងរបស់ប្រជាពលរដ្ឋនៅតាមជនបទគាំទ្រដល់អ្នកច្នៃប្រឌិតបច្ចេកវិទ្យា និងលើកកម្ពស់គំនិតផ្តួចផ្តើមទាក់ទងនឹងការអប់រំនិងកាត់បន្ថយភាពក្រីក្រ ៕

/

ប្រែសម្រួល ៖​ ច័ន្ទ

ប្រភព៖ KhmerTimes