ក្រុមអ្នកស្រាវជ្រាវជនជាតិដាណឺម៉ាក បាននិយាយថា អ្នកដែលផឹកគ្រឿងស្រវឹង ៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍ ទំនងជាមិនសូវវិវត្តទៅកើតជំងឺទឹកនោមផ្អែមប្រភេទទី ២ ជាងអ្នកដែលមិនផឹកគ្រឿងស្រវឹងសោះ។

ការស្រាវជ្រាវមួយ ចុះផ្សាយនៅក្នុងទស្សនាវដ្ដី Diabetologia បានឱ្យដឹងថា ស្រាទំពាំងបាយជូរ(Wine) មានអត្ថប្រយោជន៍ជាពិសេស ព្រោះវាដើរតួនាទីក្នុងការជួយគ្រប់គ្រងជាតិស្ករ នៅក្នុងឈាម។

ក្រុមអ្នកស្រាវជ្រាវ បានធ្វើការស្ទង់មតិលើមនុស្សជាង ៧០,០០០ នាក់ចំពោះការផឹកគ្រឿងស្រវឹងរបស់ពួកគេ ដោយកំណត់ថា តើពួកគេផឹកគ្រឿងស្រវឹងប៉ុន្មានដង ហើយផឹកច្រើនប៉ុនណា។ ប៉ុន្តែអ្នកជំនាញបាននិយាយថា លទ្ធផលស្ទង់មតិនេះមិនមែនជា សញ្ញាភ្លើងពណ៌បៃតង ដែលអនុញ្ញាតឱ្យផឹកច្រើនជាងការណែនាំរបស់អ្នកជំនាញនោះទេ។

/

លោកសាស្ត្រាចារ្យ Janne Tolstrup អ្នកដឹកនាំការស្រាវជ្រាវ មកពីវិទ្យាស្ថានសុខភាពសាធារណៈនៃសាកលវិទ្យាល័យ University of Southern Denmark បាននិយាយថា៖ យើងបានរកឃើញថា ភាពញឹកញាប់នៃការផឹកគ្រឿងស្រវឹង មានឥទ្ធិពលឯករាជ្យ ពីបរិមាណគ្រឿងស្រវឹង ដែលបានផឹក”។

ក្រោយរយៈពេល ៥ ឆ្នាំ អ្នកចូលរួមក្នុងការសិក្សាស្រាវជ្រាវ ត្រូវបានតាមដាន ហើយបុរសសរុប ៨៥៩ នាក់ និងស្ត្រីសរុប ៨៨៧ នាក់បានវិវត្តទៅកើតជំងឺទឹកនោមផ្អែមប្រភេទទី ១  ឬប្រភេទទី២ ។ អ្នកស្រាវជ្រាវបានធ្វើការសន្និដ្ឋានថា ការផឹកគ្រឿងស្រវឹងកម្រិតសមល្មម ៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍ មានប្រសិទ្ធភាព កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមចំពោះស្ត្រីបានប្រមាណ ៣២ % ខណៈពេល ដែលវាកាត់បន្ថយហានិភ័យនេះបាន ២៧% ចំពោះបុរស បើប្រៀបធៀបទៅនឹងមនុស្ស ដែលផឹកគ្រឿងស្រវឹង តិចជាងមួយថ្ងៃ ក្នុងមួយសប្តាហ៍។

/

ការស្រាវជ្រាវក៏ បានបង្ហាញផងដែរថា មិនមែនគ្រប់ប្រភេទនៃគ្រឿងស្រវឹង សុទ្ធតែមានប្រសិទ្ធភាពដូចគ្នា នោះទេ។ ស្រាទំពាំងបាយជូរ(Wine) មានអត្ថប្រយោជន៍ជាពិសេស ដោយសារតែសារធាតុ polyphenols  របស់វា ជាពិសេសស្រាទំពាំងបាយជូរនេះ ដើរតួនាតីក្នុងការជួយគ្រប់គ្រងជាតិស្ករ នៅក្នុងឈាម។ នៅពេល ដែលនិយាយដល់ការផឹកស្រាបៀរ បុរសដែលផឹកស្រាបៀរពី ១ ទៅ ៦ កំប៉ុង ក្នុងមួយសប្តាហ៍ អាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមបាន ២១% បើប្រៀបធៀបទៅនឹងបុរស ដែលផឹកស្រាបៀរតិចជាងមួយកំប៉ុង ក្នុងមួយសប្តាហ៍ ប៉ុន្តែការណ៍នេះ មិនមានឥទ្ធិពលលើហានិភ័យរបស់ស្ត្រីនោះទេ។

ទន្ទឹមនឹងនេះដែរ ការផឹកស្រាមានជាតិអាកុលខ្ពស់(Spirits) ក្នុងចំណោមមស្ត្រីហាក់ បែរជាបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមយ៉ាងខ្លាំងទៅវិញ ប៉ុន្តែវាមិនមានឥទ្ធិពលលើបុរសនោះទេ។ វា មិនដូចការជាការសិក្សាដទៃទៀតឡើយ ការស្រាវជ្រាវលើកនេះ មិនបានរកឃើញពីទំនាក់ទំនងរវាងការផឹកស្រាច្រើន និងជំងឺទឹកនោមផ្អែមឡើយ ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC