ព័ត៌មានអន្តរជាតិ ៖ យោងតាមអត្ថបទផ្សាយពីគេហទំព័រសារព័ត៌មាននាំមុខ cnn ចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ បានចេញផ្សាយអោយដឹងថា នៅឯប្រទេសចិន ឯណោះវិញយ៉ាងហោចណាស់ មនុស្ស ៤៤ នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានករណីផ្ទុះបំពង់បង្ហូរប្រេងកាលពីថ្ងៃសុក្រកន្លងទៅនេះ នាឯភាគខាងកើតប្រទេស។

អាជ្ញាធរក្នុងស្រុក ក៏ដូចជាប្រចាំតំបន់ នៅថ្ងៃសុក្រនេះ បានអះអាងបន្ថែមអោយដឹងថា ក្នុងករណីឧបទ្ទេវហេតុលើកនេះ មិនត្រឹមតែបានបណ្តាលអោយមនុស្សស្លាប់ប៉ុណ្ណោះនោះទេ តែក៏បានធ្វើអោយមនុស្ស ១៣៥ នាក់ផ្សេងទៀត ទទួលរងរបួសផងដែរ។ គួររំឭកផងដែរថា ករណីផ្ទុះបំពង់បង្ហូរប្រេងមួយនេះ បានកើតឡើងនៅក្នុងក្រុងកំពង់ផែ Qingdao ចម្ងាយប្រមាណ ៣០០ ម៉ាយ ភាគខាងជើង ក្រុង Shanghai ប្រទេសចិន ។

បន្ថែមពីលើនេះ ករណីផ្ទុះបំពង់បង្ហូរប្រេង លើកនេះ អាចកើតឡើងទៅបាន អំឡុងពេលនៃការមានករណីធ្លាយបំពង់ប្រេងមួយនេះ ដោយនៅក្នុងនោះ ក៏មានកិច្ចអន្តរាគមន៍ពីសំណាក់មន្រ្តីជំនាញនៅក្នុងស្រុក ចុះទៅជួយធ្វើកិច្ចអន្តរាគមន៍ និងជួសជុល ។ គួររំឭកផងដែរថា បំពង់បង្ហូរប្រេង មានប្រវែង ១៧៦ គ.ម មួយនេះ គឺជាកម្មសិទ្ធរបស់ក្រុមហ៊ុនប្រេងកាតចិនដ៏ធំមួយ ឈ្មោះ Sinopec ដោយនៅក្នុងនោះ វាធ្វើការតភ្ជាប់ពីកំពង់ផែប្រេងទៅរោងចក្រគីមីមួយកន្លែង ៕

ប្រែសម្រួល ៖ កុសលប្រភព ៖ cnn