កណ្តាល៖ បុរសម្នាក់បាន រងរបួសធ្ងន់ ចំបំពង់ក ហើយបានស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ ដោយភាគីម្ខាងទៀត ដែលគេដឹងថា ជាអង្គរក្ស របស់អ្នកធំម្នាក់ បានបាញ់ ប្រហារ កាលពីវេលាម៉ោង ប្រហែល ៨៖១០នាទី យប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ នេះ ស្ថិតនៅតាមមាត់ ទន្លេក្រុងតាខ្មៅ ខេត្តកណ្តាល ព្រោះជម្លោះក្នុងវង់ផឹកស៊ី ប៉ុន្តែជនបង្កក្រោយបង្កហេតុបានរត់គេចខ្លួនបាត់។

សេចក្តីរាយការណ៍ ប្រជាពលរដ្ឋ នៅកន្លែង កើតហេតុ បានឲ្យដឹងថា មូលហេតុដែលនាំឲ្យ មានការបាញ់ប្រហារ ខាងលើនេះ អាច បណ្តាលមកពី រឿងជម្លោះ រវាងជនរងគ្រោះ និងជនបង្ក ពេលផឹកស៊ីជាមួយគ្នា ។ សេចក្តីរាយការណ៍ បានបន្តថា ជនបង្កបានធ្វើការបាញ់ប្រហារ ចំជនរងគ្រោះ ត្រូវបំពង់ក បណ្តាលឲ្យរងរបួសធ្ងន់ រហូតដល់ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ ជ័យជំនះ ក្រុងតាខ្មៅ។

ដោយឡែក ជនបង្ក ដែលគេដឹងថាមាន ឈ្មោះ ហុង ជាអង្គរក្ស របស់មន្រ្តីជាន់ខ្ពស់មួយរូបនោះ បានរត់គេច ខ្លួនបាត់។ ជុំវិញករណីនេះ អធិការនគរបាល ក្រុងតាខ្មៅ លោក ស៊ឹម ប៊ុតបណ្ឌិត មិនទាន់អាចពន្យល់ និងប្រាប់ពីដំណើរ រឿងបានទេ ខណៈលោក កំពុងដឹកនាំកម្លាំង សមត្ថកិច្ចចុះទៅ ត្រួតពិនិត្យ នៅកន្លែងកើតហេតុ និងតាមចាប់ជនបង្ក ដែលកំពុងរត់គេចខ្លួន។ ជនរងគ្រោះមានឈ្មោះ ប៊ុន និត អាយុ ៣២ឆ្នាំ រស់នៅភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ។

យ៉ាងណាក៏ដោយ គេមិនទាន់ដឹងពី មូលហេតុពិតដែលនាំ មានជម្លោះ និងឈានទៅដល់ការ ផ្ទុះខាងលើនេះទេ៕

Photo

Photo

Photo

Photo

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល