នារីក្រមុំម្នាក់ ត្រូវបានគេជឿថា បានស្លាប់ នៅពេលកំពុងប្រើប្រាស់ iPhone ដែលខ្លួនកំពុងបញ្ចូលថាមពលថ្ម ក្នុងបន្ទប់ទឹក។ នេះគឺជាករណីស្លាប់មនុស្សទីពីរ ដោយសារតែទូរស័ព្ទ និងឆ្នាំងសាក នៅ​រុស្ស៊ី។

/

នាង Evgenia Sviridenko អាយុ ២៤ឆ្នាំ បានបាត់បង់ជីវិត ខណៈកំពុងអានព័ត៌មាននៅលើទូរស័ព្ទ iPhone របស់ខ្លួន ក្នុងបន្ទប់ទឹក។ មូលហេតុដំបូង ត្រូវបានគេជឿថា ដោយសារ iPhone នោះ កំពុងតែបញ្ចូលថាម ហើយធ្លាក់ទៅក្នុងកូនអាងទឹកដែលនាងកំពុងងូត។ ចរន្ធអគ្គីសនីដែលមានកម្លាំងខ្លាំង បានឆក់នារីរូបនេះ រហូតដល់ដាច់ខ្យល់ស្លាប់។

ម្នាក់ក្នុងចំណោមមនុស្សដែលបានឃើញហេតុការណ៍ដំបូងគេ ឱ្យដឹងថា Evgenia Sviridenko អណ្ដែតលើផ្ទៃទឹកដោយមានទឹកមុខស្លេកស្លាំង និងស្ថិតក្នុងសភាពកន្ត្រាក់។ ចំណែកទូរស័ព្ទ បានធ្លាក់ដល់បាតអាង។

/

ការប្រើប្រាស់ទូរស័ព្ទ ដើម្បីអានព័ត៌មាន ឬលេង Facebook ជាដើម គឺជារឿងសាមញ្ញ សម្រាប់យុវវ័យសម័យនេះ។ ពួកគេលេងទូរស័ព្ទ គ្រប់កន្លែង គ្រប់ពេលវេលា សូម្បីតែពេលកំពុងងូតទឹក។ ហើយ Evgenia Sviridenko ក៏ត្រូវគេអះអាងថា រៀបនឹងត្រូវភ្លើងឆក់ គឺនាងកំពុងប្រើ iPhone លេង Facebook ជាភាសារុស្ស៊ី (VKontakte)។

ក្រៅពីនេះ ក្រុមសមត្ថកិច្ច ក៏កំពុងស្រាវជ្រាវ ឱ្យដឹងថា តើហេតុអ្វីបានជាឆ្នាំងសាកថ្មទូរស័ព្ទដែលមានកម្លាំងត្រឹមតែ ៥V បែរជាអាចសម្លាប់មនុស្សបានបែបនេះ។ គេក៏បានសង្ស័យថា នេះគឺជាឆ្នាំងសាកក្លែងក្លាយ ដែលមិនមែនជារបស់ Apple ពិតៗ។ ការស្លាប់របស់ Evgenia Sviridenko កើតមានឡើង តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការស្លាប់របស់នារីវ័យ ១៦ឆ្នាំម្នាក់ ជនជាតិរុស្ស៊ីដូចគ្នា បានបាត់បង់ជីវិត នៅពេលប្រើ iPhone ក្នុងពេលកំពុងងូតទឹកក្រោមផ្កាឈូក។

/

គួររំលឹកថា ករណីស្លាប់ដោយសារការប្រើ iPhone កំពុងសាកថ្ម កើតមានកាន់តែច្រើនឡើងៗ។ មុននេះ ក៏ធ្លាប់មានករណីស្រដៀងគ្នានេះជា​ច្រើន កើតមាននៅប្រទេសចិន រុស្ស៊ី ប្រទេសថៃ។ល។ ករណីទាំងនេះ ភាគច្រើន ដោយសារឆ្នាំងសាកក្លែងក្លាយ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Dailymail