គ្រោះរញ្ជួយដីកាលពីព្រឹកនេះ បណ្ដាលឱ្យញាប់ញ័រតំបន់ភាគខាងជើងប្រទេសជប៉ុន និងបង្កឱ្យមានរលកយក្សតូចៗផងដែរ។

ចំនុចកណ្ដាលនៃការរញ្ជួយដីនៅវេលាម៉ោងជិត៦ព្រឹកនេះ (ម៉ោងក្នុងស្រុក) ស្ថិតនៅលំហសមុទ្រក្បែររោងចក្រអគ្គីសនីនុយក្លេអែរ Fukushima ក្នុងជម្រៅប្រហែល១០គីឡូម៉ែត្រ។ Reuters ដកស្រង់ប្រភពពីទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) ឱ្យដឹងថា ជញ្ជួយដីនេះ មានកម្លាំង ៧,៣ Richter ហើយអ្នកដែលនៅក្នុងក្រុង Tokyo អាចដឹងបានអំពីការញាប់ញ័រនេះ។
ទីភ្នាក់ងារស្ទង់ការរញ្ជួយដីអាមរិកក្រោយមក បានឱ្យដឹងថា ការរញ្ជួយដីលើកនេះ មានកម្លាំង ៦,៩ Richter។
យោងតាម JMA រលកយក្សដែលមានកំពស់ ១ម៉ែត្រ បានកើតឡើងនៅជុំវិញរោងចក្រអគ្គីសនី Fukushima ហើយការព្រមានស្ដីអំពីរលកយក្សកំពស់៣ម៉ែត្រត្រូវបានគេធ្វើឡើងផងដែរ។
បច្ចុប្បន្ន គេនៅមិនទាន់ដឹងអំពីការខូចខាតនៅឯរោងចក្រអគ្គីសនីនុយក្លេអែរ ប៉ុន្តែ ការដាច់ភ្លើងបានកើតឡើងនៅក្នុងតំបន់មួយចំនួន នេះបើតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុនអគ្គីសនីក្រុង Tokyo។
រញ្ជួយដីនេះក៏បានបង្កឱ្យមានរលកនៅក្នុងដៃទន្លេផងដែរ
គួររំលឹកថា កាលពីខែមិនា ឆ្នាំ ២០១១ មានគ្រោះរញ្ជួយដីមួយដែលមានកម្លាំង ៩ Richter បានបង្កឱ្យមានរលកយក្ស បណ្ដាលឱ្យកើតមហន្តរាយនុយក្លេអែរដ៏អាក្រក់បំផុត រាប់ចាប់តាំងពីករណី Chernobyl កាលពី២៥ឆ្នាំមុន។
ប្រែសម្រួល ៖ តារាប្រភព ៖ ABC