កូរ៉េខាងជើង បានហាមអត្តពលិកចំនួន ៣១នាក់របស់ខ្លួន ដែលបានចូលរួមប្រកួតក្នុងព្រឹត្ដិការណ៍អូឡាំពិក Rio 2016 មិនឱ្យទទួលអំណោយដែលជាស្មាតហ្វូន Samsung Galaxy S7 edge ពីព្រោះ វាជាផលិតផលរបស់កូរ៉េខាងត្បូង។
ក្រុមអត្តពលិកកូរ៉េខាងជើង
Samsung គឺជាម្ចាស់ឧបត្ថម្ភរបស់ព្រឹត្តិការណ៍កីឡាអូឡាំពិកដែលត្រូវបានធ្វើឡើងនៅប្រេហ្សីល។ ក្នុងខែកក្កដា ក្រុមហ៊ុនទូរស័ព្ទកូរ៉េខាងត្បូង បានបញ្ចេញស្មាតហ្វូនកំណែ Olympic Games Edition របស់ Galaxy S7 edge ហើយបានចំណាយទូរស័ព្ទនេះចំនួន ១១.២០០គ្រឿង ដើម្បីជូនជាអំណោយដល់ក្រុមអត្តពលិកទាំងអស់ដែលបានចូលរួមប្រកួត។ ប៉ុន្តែ ស្មាតហ្វូននេះ នឹងមិនបានទៅដល់ដៃក្រុមអត្តពលិកកូរ៉េខាងជើងនោះទេ ព្រោះថា គណកម្មការអូឡាំពិកនៃប្រទេសនេះ បានបដិសេធអំណោយនេះ។
យោងតាមទំព័រ BTimes ប្រធានក្រុមអូឡាំពិកកូរ៉េខាងជើង បានប្រមូលស្មាតហ្វូន Galaxy S7 edge ពីអត្តពលិករបស់ខ្លួន ដោយមិនបានប្រាប់ច្បាស់អំពីមូលហេតុ។ ក្រុមអត្តពលិកកូរ៉េខាងជើង ក៏បានបដិសេធ មិនឆ្លើយនឹងសំនូរណាមួយផងដែរ។ ក៏ប៉ុន្តែ យោងតាមការបង្ហើបឱ្យដឹងពីអត្តពលិកកូរ៉េខាងត្បុង មិនមែនតែនៅក្នុងព្រឹត្តិការណ៍អូឡាំពិកនោះទេ កូរ៉េខាងជើង ក៏តែងតែបានប្រមូលយកអំណោយទាំងឡាយដែលអ្នកឧបត្ថម្ភជូនចំពោះក្រុមកីឡាកររបស់ខ្លួន។
ទាក់ទឹននឹងកីឡាអូឡាំពិកនេះដែរ សាធារណជនកំពុងតែមានការព្រួយបារម្ភចំពោះអត្តពលិក Hong Un Jong ដែលអាចនឹងត្រូវបានដាក់ទណ្ឌកម្ម បន្ទាប់ពីបានថតរូបសែលហ្វីជាមួយអត្តពលិកLee Eun Ju របស់កូរ៉េខាងត្បូង។ ទំព័រ Daily Star បានចេញផ្សាយថា ជាមួយនឹងច្បាប់កូរ៉េខាងជើង Hong Un Jong អាចនឹងត្រូវពិន័យឱ្យធ្វើពលកម្ម ១៦ម៉ោង/ថ្ងៃ នៅក្នុងមន្ទីរកែប្រែ សម្រាប់ទោសស្រាល ប៉ុន្តែ បើធ្ងន់ជាងនេះ Hong Un Jong អាចនឹងត្រូវជាប់ព័ន្ធនាគារ។ យ៉ាងនេះក្ដី ភាគីខាងកូរ៉េខាងជើង មិនទាន់បញ្ចេញប្រតិកម្មណាមួយទាក់ទឹននឹងករណីនេះ។

អត្តពលិកកូរ៉េខាងជើង នាង Hong Un Jong ថតជាមួយអត្តពលិកកូរ៉េខាងត្បូង នាង Lee Eun Ju
ចាប់តាំងពីបានចូលរួមព្រឹត្តិការណ៍អូឡាំពិក កាពីឆ្នាំ ១៩៧២ កូរ៉េខាងជើង តែងតែហាមមិនឱ្យអត្តពលិករបស់ខ្លួន មានទំនាក់ទំនងជាមួយនឹងមនុស្សនៅក្រៅប្រទេស ពិសេសគឺកូរ៉េខាងត្បូង។ ប្រទេសបងប្អូនគូសត្រូវនេះកំពុងតែមានភាពតានតឹងទាក់ទឹននឹងរឿងនយោបាយ និងយោធា ដែលមិនអាចដោះស្រាយបាន សំខាន់គឺបញ្ហានុយក្លេអែររបស់កូរ៉េខាងជើង។
ប្រែសម្រួល ៖ បុត្រា