ក្រសួងការបរទេសជប៉ុន កោះហៅឯកអគ្គរដ្ឋទូតចិន ដើម្បីប្រឆាំងទៅនឹងនាវាល្បាតសមុទ្រ និងកប៉ាល់នេសាទរបស់ប្រទេសនេះ ដែលមានសកម្មភាពត្រូវបានគេចាត់ទុកថា រំលោភដែនទឹករបស់ប្រទេសជប៉ុន។/អនុរដ្ឋមន្ដ្រីក្រសួងការបរទេសជប៉ុន Shinsuke Sugiyama កាលពីម្សិលមិញ បានកោះហៅអគ្គរដ្ឋទូតចិនប្រចាំនៅក្រុងតូខ្យូ លោក Cheng Yonghua មកសួរនាំ នេះបើការសេចក្ដីប្រកាសរបស់ក្រសួងការបរទេសជប៉ុននៅលើគេហទំព័ររបស់ក្រសួង។ លោក Sugiyama បាន “ប្រឆាំងយ៉ាងខ្លាំងក្លា” ជាមួយនឹងលោក Cheng Yonghua អំពីនាវាល្បាតសមុទ្រ និងកប៉ាល់នេសាទចិន ដោយថ្លែងថា សកម្មភាពខាងលើគឺជាការរំលោកភបំពានលើដែនសមុទ្រជប៉ុន។ឆ្មាំសមុទ្រជប៉ុនបានប្រកាសថា នាវាល្បាតសមុទ្ររបស់ចិន បានចូលទៅក្នុងដែនសមុទ្រក្បែរកោះ សេនកាគួ (Senkaku) ពេញមួយរសៀល ទើបចាកចេញ។ នាវាមួយបានចូលក្នុងតំបន់សមុទ្រជប៉ុនចំនួនពីរលើក ខណៈកប៉ាល់នេសាទមួយគ្រឿងរបស់ចិន ក៏បាន “រំលោភបំពាន” លើដែនទឹកជប៉ុន។ ក្រុមឆ្មាំសមុទ្រជប៉ុន បានព្រមាន និងស្នើឱ្យនាវាល្បាត និងកប៉ាល់នេសាទចិន ចាកចេញពីតំបន់ខាងលើ។នេះគឺជាលើកដំបូងហើយដែលនាវាល្បាត និងកប៉ាល់នេសាទចិន រួមគ្នា ចូលទៅកាន់តំបន់សមុទ្រដែលជប៉ុនអះអាងថា ជារបស់ខ្លួន។ សកម្មភាពរបស់ចិននេះ ត្រូវគេជឿថា គឺដើម្បីបង្កើនសិទ្ធិគ្រប់គ្រងទៅលើតំបន់ សេនកាគួ នេះបើតាមការឱ្យពីមន្ដ្រីក្រសួងការបរទេសជប៉ុន។គួររំលឹកថា ប្រទេសចិន និងជប៉ុន បាន និងកំពុងដណ្ដើមសិទ្ធិកាន់កាប់ប្រជុំកោះគ្មានមនុស្សនៅ ក្នុងតំបន់សមុទ្រចិនខាងកើត ដែលជប៉ុនហៅថា សេនកាគួ និងចិនហៅថា តាវយូ (Diaoyu)។ ជប៉ុន កាលពីខែឧសភា ក៏ធ្លាប់បានផ្ញើកំណត់ទូតប្រឆាំងទៅនឹងប្រទេសចិន ដោយជប៉ុនយល់ថា នាវាចម្បាំងមួយគ្រឿងរបស់ចិន ជាលើកដំបូងបានចូលទៅក្នុងតំបន់ក្បែរកោះ សេនកាគួ។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំស្ដីអំពីការការពារជាតិ ជប៉ុនបានយល់ថា ចិនកំពុងតែបង្កើនសកម្មភាពក្នុងតំបន់ សេនកាគួ ក្នុងនោះ ចិនថែមទាំងបញ្ជាឱ្យយន្ដហោះ ហោះក្បែរប្រជុំកោះ នេះផងដែរ។

ប្រែសម្រួល ៖ បុត្រា