(ប្រេស៊ីល)៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ យន្តហោះ Avro RJ85 ជើងហោះហើរលេខ CP2933 បានជួបឧប្បត្តិវហេតុធ្លាក់យន្តហោះ ខណៈដឹកក្រុមកីឡាករ បាត់ទាត់ប្រទេស ប្រេស៊ីល Chapecoense ធ្វើដំណើរទៅកាន់ប្រទេសកូឡុំប៊ី តែបែរជាធ្លាក់នៅតំបន់ភ្នំក្បែរទីក្រុង Medellin ប្រទេសកូឡុំប៊ី ដោយសារបញ្ហាបច្ចេកទេស និងអាកាសធាតុមិនល្អ។
ខាងក្រោមជាព័ត៌មានខ្លះៗស្តីពីយន្តហោះខាងលើនេះ៖* យន្តហោះ៖ ចក្រភពអង់គ្លេស* រោងចក្រផលិត៖ រោងចក្រ British Aerospace រោងចក្រ BAE Systems និងរោងចក្រ Avro International* ក្រុមហ៊ុនដែលប្រាស់ប្រាស់ជាលើកដំបូង៖ ក្រុមហ៊ុន CityJet ក្រុមហ៊ុន Swiss Global Air Lines ក្រុមហ៊ុន Brussels Airlines និងក្រុមហ៊ុន Airlink។* ការដំណើរការលើកដំបូង៖ យន្តហោះដែលបានធ្លាក់នេះ ត្រូវបានដាក់ឱ្យដំណើរការជាលើកដំបូងក្នុងថ្ងៃទី២៦ ខែមីនា ឆ្នាំ១៩៩៩ ដោយក្រុមហ៊ុន LaMia Airlines របស់ប្រទេស វេណេហ្សូអេឡា និងបុលឡាវី។* តម្លៃយន្តហោះមួយគ្រឿង៖ ១១លានដុល្លារសហរដ្ឋអាមេរិក។
យន្តហោះនេះ ជាប្រភេទសម្រាប់ហោះហើររយៈពេលខ្លី និងសម្រាប់ហោះហើរក្នុងតំបន់ ដែលត្រូវបានផលិតឡើងក្នុងដែនដីចក្រភពអង់គ្លេស ដោយក្រុមហ៊ុន British Aerospace ដែលក្រោយមកបានក្លាយជាផ្នែកមួយរបស់ក្រុមហ៊ុន BAE Systems។ ដំបូងឡើយមានវាឈ្មោះថា BAe 146 តែក្រោយមកក្នុងឆ្នាំ១៩៩២ វាបានអភិវឌ្ឍន៍ទៅជាយន្តហោះ Avro RJ ។
ក្នុងចំណោមយន្តហោះដែលត្រូវបានផលិតឡើងទាំង៣៨៧គ្រឿង យន្តហោះប្រភេទ Avro RJ/BAe 146 នេះ បានក្លាយជាយន្តហោះស៊ីវិល ដែលទទួលបានជោគជ័យជាងគេ។ វាជាប្រភេទយន្តហោះដែលមានស្លាបតែមួយជាន់ ជាមួយនឹងកន្ទុយស្លាបរាងអក្សរT។ វាជាប្រភេទយន្តហោះម៉ាស៊ីនបួន ដែលត្រូវបានតម្លើងនៅក្រោមស្លាប។
យោងតាមប្រធានអ្នករចនាម៉ូតយន្តហោះនេះគឺលោក Bob Grigg បានបញ្ជាក់ថា វាត្រូវបានផលិតឡើងក្នុងគោលបំណងងាយស្រួលក្នុងការថែរក្សា និងធ្វើយ៉ាងណាឱ្យដំណើរការ នៃការផលិតចំណាយទាបបំផុតតាមដែលអាចធ្វើទៅបាន ដែលទាំងពីរចំណុចនេះត្រូវបានគេចាត់ទុកជារឿងអទិភាពមួយ ក្នុងការផលិតយន្តហោះនេះ។
លោក Grigg បានគូសបញ្ជាក់ពីកត្តាមួយ ដែលនាំឱ្យការផលិតយន្តហោះនេះមានលក្ខណៈសាមញ្ញ ដោយសារវាត្រូវការប្រើប្រាស់តែផលិតផលដែលមានស្រាប់ ដោយមិនទាមទារឱ្យមានការផលិតអ្វីមួយជាពិសេស សម្រាប់យន្តហោះនេះដាច់ដោយឡែកនោះទេ។ យន្តហោះ BAe146 នេះបានក្លាយជាយន្តហោះទីពីរ បន្ទាប់ពីយន្តហោះ Concorde ដែលបានប្រើប្រាស់សារធាតុសេរ៉ាមិក។
សូមជម្រាបថា នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ម៉ោងនៅកូឡុំប៊ី ត្រូវនឹងវេលាពេលព្រឹកថ្ងៃទី២៩ ខែវិច្ឆិកានៅកម្ពុជា យន្តហោះដឹកក្រុមកីឡាករ Chapecoense តាមជើងហោះហើរ LaMia Airlines Flight 2933 ហោះចេញពីប្រទេសប្រេស៊ីល ធ្វើដំណើរត្រង់ទៅប្រទេសកូឡុំប៊ី បានឧប្បទ្ទវហេតុធ្លាក់ នៅតំបន់ភ្នំ ក្បែរទីក្រុង Medellin ប្រទេសកូឡុំប៊ី ដោយសារបញ្ហាបច្ចេកទេស និងអាកាសធាតុមិនល្អ។ នៅលើយន្តហោះនោះមានមនុស្សទាំងអស់៨១នាក់ (៧២នាក់ជាអ្នកដំណើរ និង៩នាក់ជាសហសេវិក)៕
-វីដេអូ មុនសោកនាដកម្ម ធ្លាក់យន្តហោះ សម្លាប់ក្រុមកីឡាករប្រេស៊ីល អស់ជិតមួយក្រុម ខ្លោចចិត្ត :(
-ប្រវត្តិសំខាន់ៗ របស់អតីតក្រុមខ្លាំង Chapecoense មុនធ្លាក់យន្តហោះនៅប្រទេសកូឡុំប៊ី
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី