CEO របស់ Boeing បានបង្ហើបឱ្យដឹងអំពីមហិច្ឆតាក្នុងការបង្កើតកាំជ្រួចនាំមនុស្សទៅកាន់ភពព្រះអង្គារដំបូង ដែលនឹងយកឈ្នះលើក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk។

Dennis Muilenburg អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Boeing បានចែករំលែកឱ្យដឹងអំពីគម្រោងក្លាយជាក្រុមហ៊ុនអាកាសចរ អវកាសដំបូងដែលនាំមនុស្សឡើងទៅកាន់ភពអង្គារ ដែលនឹងយកឈ្នះលើក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk នេះបើតាមទំព័រ Bloomberg។ Dennis Muilenburg អះអាងនៅក្នុងសិក្ខាសាលាស្ដីអំពីការរីកចម្រើននៃបច្ចេកវិទ្យាដែលត្រូវបានធ្វើឡើងនៅ Chicago អាមេរិក កាលពីថ្ងៃទី ៤តុលាថា “ខ្ញុំជឿថា មនុស្សដែលនឹងបានឈានជើងដើរដំបូងគេលើភពព្រះអង្គារនឹងធ្វើដំណើរដោយកាំជ្រួចរបស់ក្រុមហ៊ុន Boeing”។

/

កាំជ្រួច SLS (ឆ្វេង) ដែលផលិតឡើងដោយ Boeing សហការណ៍ជាមួយ NASA និងកាំជ្រួច Falcon របស់ SpaceX (រូប ៖ Boeing/NASA/SpaceX)

ក្នុងសិក្សាសាលានេះ Muilenburg បង្ហើបឱ្យដឹងថា នឹងផ្ដោតទៅលើទីផ្សារអវកាស ជាមួយនឹងកន្លែងដែលត្រូវទៅជាច្រើននៅលើគន្លងគោចររបស់ផែនដី ហើយយន្តហោះល្បឿនលឿនដែលដឹកអ្នកដំណើរនឹងធ្វើដំណើរត្រឹមតែរយៈមិនដល់ពីរម៉ោង នឹងទៅដល់គោលដៅ។ ដូចទៅនឹង SpaceX ក្រុមហ៊ុន Boeing ចង់ពន្លឿនសេវាកម្មអវកាស នៅក្នុងតំបន់ក្បែរផែនដី ទន្ទឹមនឹងនេះ ពួកគេក៏នឹងអភិវឌ្ឍបច្ចេកវិទ្យាដែលអាចនាំមនុស្សទៅឆ្ងាយជាងព្រះចន្ទ។

Boeing កំពុងតែសហការណ៍ជាមួយ NASA ដើម្បីអភិវឌ្ឍកាំជ្រួចមួយប្រភេទដែលមានឈ្មោះថា Space Launch System សម្រាប់ធ្វើដំណើរទៅកាន់បណ្ដាទីតាំងដែលនៅសែនឆ្ងាយ។ Boeing ធ្លាប់ច្នៃផ្នែកមួយរបស់ Saturn V ដែលជាកាំជ្រួចខ្លាំងបំផុតរបស់អាមេរិក ដែលបានជួយដល់ការនាំមនុស្សឡើងទៅឋានព្រះចន្ទ។ Boeing និង SpaceX គឺជាក្រុមហ៊ុនឯកជនដំបូងគេដែលត្រូវបាន NASA ជ្រើសរើសដើម្បីនាំអ្នកអវកាសឡើងទៅស្ថានិយអវកាសអន្តរជាតិ។

បច្ចុប្បន្ន Muilenburg បានវាយតម្លៃថា សេវាកម្មទេសចរណ៍អវកាសនឹងផ្ទុះឡើងក្នុងអំឡុងពីរទសវត្សរ៍ខាងមុខ និងក្លាយជាទីផ្សារដ៏ល្អនៃឧស្សាហកម្ម។

យោងតាម Muilenburg ក្រុមហ៊ុន Boeing នឹងផលិតយានអវកាសដែលផ្ដល់សេវាកម្មផ្នែកទេសចរណ៍ក្នុងយុគសម័យថ្មី។ លោក Muilenburg ក៏បានវាយតម្លៃខ្ពស់ទៅលើយន្តហោះល្បឿនលឿន ដែលអាចហោះលឿនជាងល្បឿនសម្លេងចំនួនបីដង។ Muilenburg យល់ថា តម្លៃសម្រាប់ទេចរណ៍អវកាសនឹងថយចុះច្រើន មុនពេលបណ្ដាយានអវកាសសាកល្បងអាចត្រូវបានគេប្រើប្រាស់សម្រាប់សកម្មភាពពាណិជ្ជកម្ម៕

ប្រែសម្រួល ៖ តារាប្រភព ៖ CNN