អគ្គស្នងការដ្ឋានគរបាលជាតិ កាលពីព្រឹកនេះ បានរៀបចំ ផ្សព្វផ្សាយ ផែនការការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី២១ ដែលនឹងត្រូវបានប្រារព្ធធ្វើឡើងពីថ្ងៃទី ១៥-២០ ខែវិច្ឆិកាខាងមុខ។
កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១២ នេះ នៅអគ្គស្នងដ្ឋានការនគរបាលជាតិ មានរៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសម្រាប់ការពារកិច្ចប្រជុំកំពូលអាស៊ាន ជាមួយគណប្រតិភូទីប្រឹក្សាសន្តិសុខជាតិរបស់លោកប្រធានាធិបតី Barack Obama ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ឯក ជួន សុវណ្ណ អគ្គ ស្នងការរងនគរបាលជាតិ។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង ក្នុងបំណងដើម្បីដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួន ក្នុងការត្រៀមការពារ កិច្ចប្រជុំកំពូលអាស៊ាន ដែលគ្រោងធ្វើឡើងនៅសបា្ដហ៍នេះ អោយមានប្រសិទ្ធិភាពនិងចៀសវាងបញ្ហាអសន្ដិសុខដែលអាចកើតមានឡើង ក្នុងអំឡុងកិច្ចប្រជុំកំពូលនេះ។
នៅក្នុងថ្ងៃនេះដែរ លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ ក៏បានបើកកិច្ចប្រជុំជាមួយគណៈបញ្ជាការឯកភាពគ្រប់បណ្ដាខណ្ឌ ក្នុងរាជធានីទាំង៩ ស្នងការ និងកងរាជវុធហត្ថ ដើម្បីត្រួតពិនិត្យលទ្ធផលការងាររៀបចំសន្តិសុខ និងការងារអភិវឌ្ឍន៍ ក្នុងរាជធានីភ្នំពេញ។
លោក កែប ជុតិមា មានប្រសាសន៍បន្តថា យើងត្រូវរៀបចំសណ្តាប់ធ្នាប់ ក៏ដូចជាសោភ័ណភាពក្នុងរាជធានីភ្នំពេញ ឱ្យកាន់តែល្អប្រសើរបំផុតពិសេសក្នុងរយៈពេល១ខែនេះ សម្រាប់ទទួលព្រឹត្តិការណ៍ធំៗ គឺកិច្ចប្រជុំកំពូល អាស៊ាននៅក្នុងខែនេះ និងពិធីរំកិលព្រះបរមសពនៃព្រះករុណា ព្រះសម្តេចព្រះនរោត្តម សីហនុដែលគ្រោងធ្វើនៅដើមខែកុម្ភៈ ឆ្នាំ២០១៣ ដែលរំពឹងទុកថានឹងមានប្រជាពលរដ្ឋរាប់លាននាក់ ចូលមកក្នុងរាជធានីភ្នំពេញដើម្បីចូលរួមក្នុងព្រះពិធីឈាបនកិច្ចព្រះ បរមសព៕



ដោយ ៖ សីហាប្រភព ៖ PL