សាក្សីគឺជាបុគ្គលដ៏សំខាន់ ក្នុងការផ្តល់សក្ខកម្មអំឡុងពេលសវនាការ ដើម្បីឲ្យចៅក្រមអាចសម្រេចបានថា ជនជាប់ចោទមានទោស ឬក៏គ្មានទោស។ នៅក្នុងជំនុំជម្រះក្តីខ្លះ ជនជាប់ចោទ ឬពិរុទ្ធជន ចាំបាច់ត្រូវមានសាក្សី ហើយចៅក្រម ចាំបាច់ត្រូវឲ្យសាក្សីស្បថជាមុនសិន មុននឹងចូលខ្លួនផ្តល់សក្ខីកម្មអំឡុងសវនាការ ។លោកមេធាវី សួន វីរៈបញ្ញាមកពីក្រុមហ៊ុនមេធាវីខ្មែរអប្សរា មានប្រសាសន៍អំឡុងបទសម្ភាសន៍មួយថា៖” នៅក្នុងសំណុំរឿងព្រហ្មទណ្ឌ សាក្សីគឺជាបុគ្គល ដែលជួយបញ្ជាក់បំភ្លឺអំពីអង្គហេតុ ដែលពួកគេបានឃើញបានឮ ឬបានដឹងផ្ទាល់ទាក់ទងនឹងព្រឹត្តិការណ៍នៃបទល្មើស ទៅកាន់ចៅក្រម និងអង្គសវនាការ។ ឧទាហរណ៍ សាក្សីអាចជាមន្រី្តនគរបាលយុត្តិធម៌ ដែលបានចាប់ជនសង្ស័យ ឬអ្នកដែលស្ថិតនៅកន្លែងកើតហេតុក្នុងពេលបទល្មើសកើតឡើង។
ក្នុងដំណើរការសវនាការនៃសំណុំរឿងព្រហ្មទណ្ឌ សាក្សីមានតួនាទីក្នុងការឆ្លើយតបសំណួររបស់មេធាវី និងប្រាប់ចៅក្រមអំពីអង្គហេតុ ដែលពួកគេបានដឹងផ្ទាល់តែប៉ុណ្ណោះ។ សាក្សីមិនត្រូវបានអនុញ្ញាតឲ្យធ្វើការផ្តល់មតិយោបល់ ឬធ្វើការសន្និដ្ឋានអំពីអ្វី ដែលបានកើតឡើងឡើយ។

សាក្សីពិតជាមានប្រយោជន៍ណាស់សម្រាប់ជនជាប់ចោទប្រសិនជាចម្លើយរបស់សាក្សីនោះជាចម្លើយដោះបន្ទុកឲ្យជនជាប់ចោទ។ (ឧទាហរណ៍ៈសាក្សីដែលបានឃើញជនជាប់ចោទមិនស្ថិតនៅកន្លែងកើតហេតុក្នុងអំឡុងពេលបទល្មើសកើតឡើងជាដើម) តែមិនមែនសាក្សីទាំងអស់សុទ្ធតែមានប្រយោជន៍ដល់ជនជាប់ចោទនោះទេ ត្រង់ចំណុចនេះមានន័យថា សាក្សីខ្លះក៏អាចផ្តល់សក្ខីកម្មដាក់បន្ទុក ទៅលើជនជាប់ចោទផងដែរ។
សាក្សីមិនអាចបដិសេធនូវការធ្វើសម្បថ ដែលតម្រូវដោយចៅក្រមបានទេ។ យោងតាមមាត្រា ១៥៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ មុននឹងឆ្លើយទៅនឹងសំណួរក្នុងអង្គសវនាការ សាក្សីត្រូវធ្វើការស្បថស្របតាមសាសនា ឬជំនឿរបស់ខ្លួនថា ខ្លួននិយាយតែការពិត។ ការតម្រូវឲ្យសាក្សីធ្វើសម្បថនេះ គឺក្នុងគោលបំណងគាបសង្កត់តម្រង់ផ្លូវចិត្ត និងស្មារតីរបស់សាក្សីឲ្យនិយាយតែអ្វី ដែលពួកគេបានដឹងពិតប្រាកដ ព្រោះសក្ខីកម្មរបស់សាក្សីនេះ មានសារសំខាន់ណាស់ ក្នុងការឈានទៅស្វែងរកឲ្យឃើញនូវការពិតក្នុងរឿងក្តី។
យោងតាមមាត្រា ៣១៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា សាក្សីត្រូវតែចូលបង្ហាញខ្លួនតាមការកោះហៅរបស់តុលាការ ។ ក្នុងករណី ដែលសាក្សីមិនព្រមចូលមកបង្ហាញខ្លួនតាមការកោះហៅរបស់តុលាការនោះ តុលាការអាចប្រើកងកម្លាំងសាធារណៈដើម្បីបង្ខំសាក្សីឲ្យចូលមកបង្ហាញខ្លួន។
នៅក្នុងក្រមព្រហ្មទណ្ឌមាត្រា ៥៣៨ ក៏បានចែងពីការផ្តន្ទាទោសទៅលើរាល់បុគ្គលណា ដែលត្រូវបានកោះហៅឲ្យមកឆ្លើយជាសាក្សីនៅមុខអយ្យការ ឬចៅក្រមស៊ើបសួរ ឬមុខតុលាការព្រហ្មទណ្ឌហើយមិនព្រមចូលខ្លួនតាមដីកាកោះហៅនោះ ដោយគ្មានមូលហេតុសមស្រប ដោយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ខែទៅ ៦ ខែ និងពិន័យជាប្រាក់ពី ១ សែនទៅ ២ លានរៀល ៕

អត្ថបទ៖ សារ៉ាត