ភ្នំពេញៈ ក្រុមអ្នកមាន បានបើករថយន្តពីរគ្រឿង ប្រដេញគ្នាចេញខារ៉ាអូខេ តាមមហាវិថីព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្នុងនោះរថយន្ត មួយគ្រឿងម៉ាកថុនត្រា បានបើកបុកគូទរថយន្តម៉ាក កាមរីបាឡែន យ៉ាងពេញទំហឹង កាលពីវេលាម៉ោង ១នឹង ១១នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៣ ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញ រថយន្តពីរ គ្រឿងម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខភ្នំពេញ 2v-3484 ប្រដេញគ្នាជាមួយ រថយន្តមួយគ្រឿងទៀត ម៉ាក ថុនត្រា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2W-1665 តាមបណ្តោយមហាវិថី ព្រះនរោត្តម ក្នុងទិស ដៅពីជើងទៅត្បូង ដោយពួកគេបានបើកបរ ក្នុងល្បឿនយ៉ាងលឿន ខណៈបើកមកដល់ចំណុច ជិតអគ្គស្នងការនគរបាល ការពារជាតិ ស្រាប់តែរថយន្តថុនត្រា បានជ្រុលទៅបុក ចំគូទរថយន្តកាមរីបាឡែន បណ្តាលឲ្យរងនូវការខូចខាត យ៉ាងដំណំ ។

ក្នុងព្រឹត្តិការណ៍ គ្រោះថ្នាក់ចរាចរខាងលើនេះ ម្ចាស់រថយន្តទាំងពីរគ្រឿង ដែលជាមនុស្សស្គាល់គ្នា បានចុះពីលើរថយន្ត ហើយប្រកែក និងមានការប្រទូស្តរាយគ្នាយ៉ាងខ្លាំង ទើបផ្អើលដល់សមត្ថកិច្ចចម្រុះ ខណ្ឌចំការមន ចុះមកអន្តរាគមន៍ សម្របសម្រួលរវាងភាគីទាំងពីរ ព្រោះពួកគេទើបតែចេញពីច្រៀងខារ៉ាអូខេជាមួយគ្នា។ ដោយមានការពន្យល់ណែនាំ ពីសំណាក់សមត្ថកិច្ចនោះម្ចាស់រថយន្តថុនត្រា បានសម្រេចជួសជុលផ្នែកខូចខាត សងទៅភាគីខាងរថយន្តកាមរីបាឡែនទាំងស្រុងតែម្តង ។

គួរបញ្ចាក់ថា ម្ចាស់រថយន្តទាំងពីរគ្រឿងនេះ ទើបតែចេញពីច្រៀងនៅខារ៉ាអូខេ សូល ហើយពួកគេ ស្ថិតក្នុងស្ថានភាពស្រវឹងស្រាទាំងអស់ ដោយម្នាក់ៗនិយាយមិន ចង់ត្រូវគ្នា ។ ស្គាល់គ្នាពេលសប្បាយ តែបើមានបញ្ហា នោះគឺម្នាក់ៗសុំតែត្រូវ នឹងទាមទារសំណង ដោយមិនគិតថាស្គាល់គ្នា ឬក៏មិនស្គាល់ឡើយ៕

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល