ភ្នំពេញ៖ កម្មករម្នាក់ត្រូវបានសម្បកបាវរលំសង្កត់លើ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅក្នុងផ្ទះលេខ ៤៣E0 ស្ថិតក្នុងភូមិ២ សង្កាត់អូរប្ញស្សីទី១ ខណ្ឌ៧មករា ខាងកើតផ្សារអូរប្ញស្សី បង្កការភ្ញាក់ផ្អើលកាលពីម៉ោងប្រមាណ ៥ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ។
អ្នកស្រី គិត ចេង អាយុ ៣២ឆ្នាំ ជាម្ចាស់ផ្ទះ បានឲ្យដឹងថា ជារៀងរាលព្រឹកអ្នកស្រីតែងតែទូរស័ព្ទហៅកម្មករជា ជនរងគ្រោះ ដើម្បីធ្វើកិច្ចការងារ ប៉ុន្តែនៅព្រឹកនេះ អ្នកស្រីទូរស័ព្ទជាច្រើនលើក ជនរងគ្រោះមិនលើក ក៏សង្ស័យ ហើយបានដើរទៅកាន់កន្លែងជនរងគ្រោះស្នាក់នៅ ដែលមានសំបកបាវ ការ៉ុងនៅជុំវិញ ស្រាប់តែឃើញសំបកបាវ រាយប៉ាយ និងឃើញជនរងគ្រោះត្រូវសំបកបាវសង្កត់លើស្លាប់បាត់ទៅហើយ។
កម្មករដែលស្លាប់ឈ្មោះ ស៊ាង ទូច អាយុ២០ឆ្នាំ មានស្រុកកំណើតនៅឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង។
បើតាមសមត្ថកិច្ច បានបញ្ជាក់ថា កម្មកររូបនេះដេកនៅក្នុងផ្ទះនោះតែម្នាក់ឯង ហើយចាក់សោរពីខាងក្នុងជិតថែម ទៀតផង ដូច្នេះករណីនេះ ប្រហែលមិនមែនជាករណីអ្វីផ្សេងនោះទេ ពោលជនរងគ្រោះត្រូវសម្បករលំសង្កត់ពេល កំពុងលង់លក់ក្នុងដំណេក បណ្តាលឲ្យស្លាប់តែម្តង៕


ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល