វ៉ាស៊ីនតោន៖ មន្រ្តីក្រសួង ការបរទេសអាមេរិក នៅថ្ងៃពុធ ទី២៣ ខែមករា បានធ្វើការ ថ្កោលទោស យ៉ាង ធ្ងន់ធ្ងរ ចំពោះការវាយប្រហារ ដោយគ្រាប់បែកអត្តឃាត នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ បណ្តាលឲ្យមាន អ្នកស្លាប់ និងរបួសរាប់សិបនាក់ ។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៣ ដោយស្រង់ សម្តីលោកស្រី វិកតូរៀ ណូលែន អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិកថា «ជំហររបស់អាមេរិក ជាមួយនិង ប្រជាជនអ៊ីរ៉ាក់ និងនៅតែបន្តការ គំាទ្ររដ្ឋាភិបាលអ៊ីរ៉ាក់ ដើម្បីប្រយុទ្ធប្រឆំាង ក្រុមភេរវកម្ម និងកិច្ចខិតខំ ប្រឹងប្រែងសង្គ្រោះ ផ្នែកសាសនា រួមទំាងការបែងចែក ប្រទេសផងដែរ»។
ជាមួយគ្នានោះដែរ លោកស្រីបន្ថែមថា រដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន ក៏បានបង្ហាញចិត្ត អាណិតអាសូរ យ៉ាង ជ្រាលជ្រៅ ចំពោះគ្រួសារជនរងគ្រោះផងដែរ។ លោកស្រី បានប្តេជ្ញាថា រដ្ឋាភិបាលអាមេរិក នឹងខិតខំប្រឹងប្រែងកម្រិតខ្ពស់មួយដើម្បីជួយប្រទេសអ៊ីរ៉ាក់ ដើម្បីវែកមុខអ្នកនៅពីក្រោយខ្នង នៃការវាយប្រហារ ដើម្បីរក យុត្តិធម៌ ជូនជនរងគ្រោះផងដែរ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃពុធ ទី២៣ ខែមករា មានជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានបំផ្ទុះខ្លួនឯង នៅក្នុងពិធីបុណ្យសពមួយស្ថិតក្នុងវិហារឥស្លាមរបស់ពួកនិកាយស៊ីអ៊ីត ក្នុងទីក្រុងភាគខាងជើងប្រទេស អ៊ីរ៉ាក់ បណ្តាលមានមនុស្ស ស្លាប់ចំនួន ៣៥នាក់ និង ៧៥នាក់ទៀត រងរបួស៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល