អ្នកនៅប៉ារីសកាលពីយប់មិញ (១៤កក្កដា) មានការភ័យខ្លាចជាខ្លាំងនៅពេលឃើញផ្សែងខ្មួលខ្មាញ់ក្រោមតួ Eiffel ទន្ទឹមនឹងការវាយប្រហារដោយរថយន្តនៅទីក្រុង Nice ភាគខាងអាគ្នេយ៍ប្រទេសបារាំង ដែលបណ្ដាលឱ្យមានមនុស្សស្លាប់ ៨០នាក់។

វីដេអូបង្ហាញថា ផ្សែងខ្មៅក្រាស់បានហុយឡើងពីជើងតួ Eiffel ខណៈដែលមនុស្សរាប់ពាន់នាក់បានចេញទៅអបអរថ្ងៃបុណ្យឯករាជជាតិ។ បណ្ដារូបថតដែលត្រូវបានគេបង្ហោះនៅលើអ៊ីនធឺរណែត ក៏បង្ហាញថា មានអណ្ដាតភ្លើងខ្ពស់ប្រហែល ៤-៥ម៉ែត្រនៅក្បែរតួ Eiffel។
ករណីមានផ្សែងខាងលើ បាននាំឱ្យមានការភ័យខ្លាចជាខ្លាំងសារជាថ្មី ចំពោះការវាយប្រហារភេរវកម្មណាមួយមកលើអ្នកស្រុកប៉ារីស។
ប៉ុន្តែ ក្រោយមក នគរបាលបារាំង បានឱ្យដឹងថា ផ្សែង និងអណ្ដាតភ្លើងនេះ គឺកើតឡើងដោយសារកំហុសបច្ចេកទេសក្នុងពេលបាញ់កាំជ្រួចអបអរថ្ងៃបុណ្យឯករាជជាតិ។

សូមរំលឹកថា កាលពីយប់មិញ ក៏មានករណីភេរវកម្មដ៏ធំមួយបានកើតឡើងនៅក្នុងទីក្រុង Nice របស់បារាំង ខណៈដែលបុរសម្នាក់បើកបរឡានដឹកទំនិញ ទៅបុកហ្វូងមនុស្សដែលកំពុងរង់ចាំមើលកាំជ្រួចក្នុងថ្ងៃបុណ្យឯករាជជាតិ។ ការវាយប្រហារនេះ បានសម្លាប់មនុស្សយ៉ាងតិច ៨០នាក់ និងជាច្រើននាក់ទៀតរងរបួស។
ប្រទេសបារាំងបច្ចុប្បន្ន កំពុងត្រូវបានគេដាក់ក្នុងស្ថានភាពប្រកាសអាសន្ន បន្ទាប់ពីមានការវាយប្រហារភេរវកម្ម កាលពីខែវិច្ឆិកា ឆ្នាំ ២០១៥។ ក្រុមខ្មាន់កាំភ្លើង ISIS កាលណោះបានវាយប្រហារទៅលើពហុកីឡាដ្ឋានជាតិ រោងមហោស្រប Bataclan បណ្ដាភោជនិយដ្ឋាន និងហាងកាហ្វេ។ ការវាយប្រហារនោះ បានសម្លាប់មនុស្ស ១៣០នាក់។
ប្រែសម្រួល ៖ បុត្រា