ភពមួយដែលត្រូវបានគេដាក់ឈ្មោះថា K2-3d មានចម្ងាយពីផែនដី ១៥០លានឆ្នាំពន្លឺ អាចនឹងមានមនុស្សភពផ្កាយរស់នៅ។
K2-3d មានលក្ខណៈគ្រប់គ្រាន់ដើម្បីអាចឱ្យមនុស្សភពផ្កាយរស់នៅ ព្រោះវាមានផ្កាយមេនៅក្បែរ ដែលជាកត្តាមួយជួយឱ្យទឹកស្ថិតក្នុងសភាពរាវ កក់ក្ដៅ និងមានអាកាសធាតុដូចផែនដី នេះបើតាម New Scientist ចុះផ្សាយក្នុងថ្ងៃនេះ។

គន្លងគោចររបស់ភព K2-3d ជិតនឹងដើរទៅដល់ចំនុចមួយដែលកើតមានបាតុភូតសូរ្យគ្រាស ជាមួយនឹងផ្កាយមេដែលវាហោះជុំវិញ ដែលនេះបានជួយបកស្រាយនូវសំនួរដែលសួរថា តើភពនេះមានផ្ទុកជីវិតដែរ ឬយ៉ាងណា។
កែវពង្រីកអវកាស Kepler របស់ NASA បានរកឃើញភព K2-3d តាមរយៈផ្កាយមេរបស់វា។ NASA នឹងប្រើប្រាស់កែវពង្រីក Hubble ដើម្បីពិនិត្យមើល K2-3d ក្នុងរយៈពេល៥ថ្ងៃក្នុងអំឡុងពេលវាមានបាតុភូតសូរ្យគ្រាស នៅឆ្នាំ ២០១៧។
បណ្ឌិត Bjorn Benneke មកពីវិទ្យាស្ថានបច្ចេកវិទ្យា California អាមេរិក ឱ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ដ្រសង្ឃឹមថានឹងរកឃើញស្រទាប់បរិយាកាសដែលសម្បូរដោយ hydro ឬពពកច្រើននៅលើភពដែលដូចផែនដីនេះ។ ទាំងពីរនេះគឺជាសញ្ញាដ៏សំខាន់របស់ជីវិតនៅក្នុងអវកាស។
បើសិនក្រុមអ្នកវិទ្យាសាស្ដ្ររកឃើញសញ្ញារបស់ម៉ូលេគុលទឹក ឧស្ម័នមេតាន ឬ ធាតុអាម៉ូញាក់ (ammoniac) ក្នុងបរិយាកាសរបស់ K2-3d ពួកគេនឹងមានឱកាសស្វែងរកមនុស្សភពផ្កាយនៅទីនេះ។
Benneke ឱ្យដឹងថា “បើសិនជារកឃើញសញ្ញាណាមួយ យើងខ្ញុំនឹងពិនិត្យមើលវាដោយយកចិត្តទុកដាក់ ដោយប្រើកែវពង្រីកអវកាស James Webb ជំនួសឱ្យកែវពង្រីក Hubble នៅឆ្នាំ ២០១៨”។ភព K2-3d ធ្ងន់ជាងផែនដី ១,៥ដង ហើយវាហោះជុំវិញផ្កាយមេរបស់វាដែលមានឈ្មោះថា EPIC 201367065 ជាមួយនឹងវដ្ដ ៤៥ថ្ងៃក្នុងមួយជុំ។ ភព K2-3d មានចម្ងាយពីផែនដី ១៥០លានឆ្នាំពន្លឺ។
ប្រែសម្រួល ៖ តារាប្រភព ៖ Dailymail