ព័ត៌មានអន្តរជាតិ ៖ ជនអន្តោប្រវេសន៍ជាច្រើននាក់មកពីប្រទេសនីហ្សេ ទ្វីបអាហ្រ្វិក បានស្លាប់បាត់បង់ជីវិត នៅឯវាលខ្សាច់ក្តៅហែង សាហារ៉ា ក៏ព្រោះតែស្រែកទឹកខ្លាំងពេក ក្រោយពីរថយន្តរបស់ពួកគេធ្វើដំណើរទៅអឹរ៉ុបនោះ បានគាំងខូចនៅលើវាលខ្សាច់មួយនេះ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស BBC ។

ប្រភពសារព័ត៌មានដដែលបន្ថែមថា សាកសពមនុស្ស ៥ នាក់ត្រូវបានគេរកឃើញ ខណៈ៣៥ នាក់ផ្សេងទៀត បន្តការបាត់ខ្លួននៅឡើយ ក៏ព្រោះតែពួកគេ ព្យាយាមធ្វើដំណើរទៅកន្លែងផ្សេងគ្នា ដើម្បីស្វែងរកជំនួយ នេះបើតាមការអោយដឹងពីរដ្ឋាភិបាលក្រុង Agadezប្រទេស នីហ្សេ។

រដ្ឋាភិបាលក្រុងមួយនេះ បានលាក់បាំងថា គ្មានជនអន្តោប្រវេសន៍ ណាមួយធ្វើដំណើរចាកឆ្ងាយអំពីស្រុកកំណើតទៅអឹរ៉ុបនោះទេ តែបើតាមការអោយដឹង គ្រាន់តែអំឡុងខែនេះក្រុមមនុស្ស ដែលជាជនអន្តោប្រវេសន៍ រាប់រយនាក់ បានស្លាប់បាត់បង់ជីវិត នៅឯសមុទ្រMediterranean ក្រោយពីទូករបស់ពួកគេបានលិច អំឡុងដំណើរពនេចរ ចំណាកស្រុករបស់ខ្លួន។

លោក Rhissa Feltou អភិបាលក្រុង Agadez បានគូសបញ្ជាក់បន្ថែមថា នាដើមខែនេះមានរថយន្តពីរគ្រឿង ផ្ទុកទៅដោយជនអន្តោប្រវេសន៍ជាង ៦០ នាក់ បានចាកចេញពីទីក្រុង រួចឆ្ពោះទៅកាន់ក្រុង Tamanrassett តែដឹងអីថា អំឡុងពេលធ្វើដំណើរឆ្លងកាត់វាលខ្សាច់ សាហារ៉ា រថយន្តមួយគ្រឿងស្រាប់តែខូច នាពាក់កណ្តាលផ្លូវ ដែលញ៉ាំងអោយពួកគេ បង្ខំចិត្តដើរត្រលប់មកក្រុងវិញ ក្នុងការស្វែងរកជំនួយ ជាអកុសល ក្នុងដំណើរដើរវិលត្រលប់មកក្រុងនោះ មានក្រុមមនុស្សមួយចំនួនស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ។ ទម្រាំតែមានអ្នកខ្លះ ដើរមកដល់ក្រុង និង ផ្តល់ដំណើរដល់កម្លាំងយោធាកិច្ចអន្តរាគមន៍ចុះចេញទៅជួយសង្គ្រោះបានយឺតពេលទៅហើយ។
ដោយឡែក មកទល់នឹងខណៈនេះ រដ្ឋាភិបាលប្រទេសនេះ ក៏បានចាត់វិធានការជាបន្ទាន់ អោយមានការរុករកក្រុមមនុស្ស ដែលបានបាត់ខ្លួន។ គួររំឭកផងដែរថា សាកសព ៥ នាក់ ដែលបានស្លាប់បង់ជីវិតនោះ រួមមានក្មេងស្រី ៥ នាក់ មានអាយុចន្លោះពី ៩ ទៅ ១១ ឆ្នាំ៕
* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- រថយន្តក្រុង ល្បងកម្លាំងជាមួយរថភ្លើង សម្លាប់មនុស្ស ១០ យ៉ាងអណោចអធម- ចាប់ឃាត់ខ្លួនមនុស្ស ៥ នាក់ ក្រោយបើកឡាន ហ្ស៊ីប បុករះ ស្លាប់មនុស្សអស់ជាច្រើននាក់- ខ្លោចចិត្ត ៖ ៤២ ស្លាប់ ក្រោយរថយន្តក្រុង ឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីព្រឹកមិញ- ស្ថានទូត អាមេរិក រងការចោទប្រកាន់ ជាស្ថានីយ៍ឈ្លបយកការណ៍
ប្រែសម្រួល ៖ កុសលប្រភព ៖ BBC