បណ្ដានាយកប្រតិបត្ដិនៃក្រុមហ៊ុនអាមេរិក បានស្រែកក្ដែងៗប្រឆាំងនឹងការបំបែកបំបាក់ក្មេងៗចេញពីគ្រួសាររបស់ពួកគេ នៅឯព្រំដែនអាមេរិក។

នាយកប្រតិបត្ដិនៃក្រុមហ៊ុន Apple លោក Golden Sachs និងបណ្ដាក្រុមហ៊ុនដ៏មានឥទ្ធិពលផ្សេងទៀត បានថ្កោលទោសចំពោះការអនុវត្ដដ៏ព្រៃផ្សៃកាលពីថ្ងៃអង្គារ ហើយបានអំពាវនាវឱ្យរដ្ឋាភិបាលអាមេរិកត្រូវបញ្ចប់នូវគោលនយោបាយបែបនោះ។

នាយកប្រតិបត្ដិនៃក្រុមហ៊ុន Chobani លោក Hamdi Ulukaya បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ “ការពង្រាត់កូនពីម្ដាយ ឬឪពុក មិនមែនជាបរិបទនយោបាយ ដែលត្រូវអនុវត្ដនោះទេ។ កូន និងឪពុកម្ដាយ គួរតែត្រូវរួមរស់ជាមួយគ្នា និងថែរក្សាគ្នា មិនថាពួកគេនៅផ្នែកព្រំដែនម្ខាងណានោះទេ”។

បណ្ដាសហស្ថាបនិកនៃក្រុមហ៊ុន Airbnb លោក Brian Chesky លោក Joe Gebbia និងលោក Nathan Blecharczyk បានថ្លែងជារួមថា រដ្ឋាភិបាលអាមេរិក ត្រូវតែបញ្ឈប់”គោលនយោបាយអយុត្ដិធម៌នេះ”។ ពួកគេ បានបន្ថែមថា៖” ការពង្រាត់កូនពីង្វង់ដៃឪពុកម្ដាយរបស់ពួកគេ គឺជាទង្វើគ្មានបេះដូង សាហាវព្រៃផ្សៃ អមនុស្សធម៌ និងផ្ទុយនឹងតម្លៃនៃសម្ព័ន្ធភាព និងក្ដីស្រឡាញ់របស់អាមេរិក”។

/

លោក Mark Zuckerberg នាយកប្រតិបត្ដិនៃក្រុមហ៊ុន Facebook ព្រមទាំងលោក Sheryl Sandberg មន្រ្ដីប្រតិបត្ដិជាន់ខ្ពស់ បានបរិច្ចាគប្រាក់ជូនដល់គម្រោងរៃអង្គាសប្រាក់របស់មជ្ឈមណ្ឌលជនភៀសខ្លួន និងអន្ដោប្រវេស្ដន៍ដើម្បីការអប់រំ និងសេវាផ្នែកច្បាប់ ជាអង្គការមិនមែនរដ្ឋាភិបាល ដែលផ្ដល់ការគាំពារផ្នែកច្បាប់ដល់ក្រុមគ្រួសារជនអន្ដោប្រវេស្ដន៍ នៅក្នុងរដ្ឋតិចសាស់។

អ្នកទាំងពីរ បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ “យើងត្រូវតែបញ្ឈប់នូវគោលនយោបាយនេះឥឡូវនេះ។ ការអនុវត្ដគោលនយោបាយបំបែកបំបាក់គ្រួសារ នៅលើព្រំដែនប្រទេសរបស់យើង ត្រូវតែបញ្ចប់ឥឡូវនេះ”។

ក្រសួងសន្ដិសុខមាតុភូមិ បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលបានបំបែកបំបាក់កុមារយ៉ាងតិច ២,០០០ នាក់ពីឪពុកម្ដាយ នៅឯព្រំដែន ក្រោយពីរដ្ឋបាលដឹកនាំដោយលោកត្រាំ បានដាក់ចេញនូវគោលនយោបាយថ្មី ដែលមានចំណងជើងថា”គ្មានការអត់ឱន”។

រដ្ឋាភិបាលនេះ បានចោទប្រកាន់មនុស្សពេញវ័យគ្រប់រូប ដែលចាប់ខ្លួនបាន ពេលកំពុងឆ្លងកាត់ព្រំដែនខុសច្បាប់ដោយបទល្មើសព្រហ្មទណ្ឌសហព័ន្ធ ដែលបានអនុវត្ដប្រឆាំងនឹងបុរសស្រ្ដី ដែលមានកូននៅជាមួយ ដោយបញ្ជូនពួកគេទៅកាន់តុលាការអន្ដោប្រវេស្ដន៍ ដូចដែលរដ្ឋបាលពីមុនៗធ្លាប់បានអនុ​វត្ដ។

រូបភាពនៃគ្រួសារ ដែលពោរពេញដោយភាពខកចិត្ត ព្រមទាំងសម្លេងកូនក្មេងយំ ដែលត្រូវបានថតដោយអង្គការ ProPublica បានជំរុញឱ្យមានការតវ៉ាជាសាធារណៈ។ ក្រុមមេធាវីអាមេរិកជាង ៧០ នាក់ បានអំពាវនាវឱ្យមេធាវី Jeff Sessions ធ្វើការកែប្រែគោលនយោបាយនោះ ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ money.cnn