កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៣ វេលាម៉ោង៩និង៣០នាទីយប់ នៅភូមិជំរះពេន ឃុំជំរះពេន ស្រុកសំរោង ខេត្ដតាកែវ កម្លាំងកងរាជ អាវុធហត្ថស្រុកសំរោងឃាត់ខ្លួនមន្ត្រីយោធាម្នាក់ ក្រោយពីទួទួលបណ្ដឹងពីប្រជាពលរដ្ឋថាបានបាញ់គំរាម១គ្រាប់ផ្អើល ភ្ញៀវពេញរោងការ ។
មន្ដ្រីយោធាម្ដាក់ដែលឃាត់ខ្លួនឈ្មោះ ម៉ាក់ ទូច ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរយោធា ឋានន្ដរស័ក្ដិពលបាលត្រី អង្គភាពកងពលតូចដឹកជញ្ជូនលេខ៩៩ នៃកងទ័ពជើងគោក មានទីលំនៅភូមិជំរះពេន ឃុំជំរះពេន ស្រុកសំរោង ខេត្ដតាកែវ ។
ប្រភពពីមន្ដ្រីកងរាជអាវុធហត្ថ ស្រុកសំរោងបានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានទៅហូបការ មិត្ដភក្ដិនៅភូមិដើមធ្លក ឃុំរវៀង ស្រុកសំរោង ខេត្ដតាកែវ ពេលកំពុងហូបនៅក្នុងពិធីនោះ មានក្មេង ទំនើងដេញវាយគ្នានៅខាងក្រៅរោងការ ឃើញសកម្មភាពមិនសូវស្រួល ជនសង្ស័យបានដកកាំភ្លើងខ្លីម៉ាក NT42 មានគ្រាប់៦ បាញ់ឡើងលើ១គ្រាប់ ដើម្បីគំរាមដល់ក្មេងទំនើងទាំងនោះ ព្រោះកូនកម្លោះជាមិត្ដភក្ដិរបស់ខ្លួន ។ ក្រោយពេលសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានបាញ់ប្រាកដមែន។
បច្ចុប្បន្ន កម្លាំងកងរាជអាវុធហត្ថស្រុកកសាងសំណុំរឿង បញ្ជូនទៅបញ្ជាការកងរាជអាវុធហត្ថខេត្ដ ដើម្បីចាត់នីតិវិធីបន្ដ ៕
ដោយ ៖ សីហាប្រភព ៖ NKW