ក្រុមអ្នកវិទ្យាសាស្ដ្រទើបតែរកឃើញផ្ទាំងទឹកកកកម្រាស់ ១៧០ម៉ែត្រ ដែលមានផ្ទុកទឹកអាចឱ្យអ្នកទៅរស់នៅលើភពព្រះអង្គារ ប្រើប្រាស់បានយូរអង្វែងនាពេលអនាគត។

/

ក្រុមអ្នកស្រាវជ្រាវ ដែលដឹកនាំដោយ Cassie Stuurman មកពីសកលវិទ្យាល័យ Texas អាមេរិក បានរកឃើញផ្ទាំងទឹកកកដ៏វែងមួយនៅលើភពព្រះអង្គារ ដែលមានផ្ទុកទឹកប្រហាក់ប្រហែលនឹងបឹង Superior (បឹងធំជាងគេទីបីក្នុងពិភពលោក) នៅអាមេរិក នេះបើតាមទំព័រ Gizmodo ។

បន្ទាប់ពីបានវិភាគទៅលើទិន្នន័យពីរ៉ាដាដែលអាចមើលឃើញក្រោមដី នៅលើយាន Mars Reconnaissance Orbiter របស់ NASA ក្រុមអ្នកវិទ្យាសាស្ដ្របានរកឃើញថា មានទឹកដែលកកនៅ Utopia Planitia ជាតំបន់វាលរាបក្នុងតំបន់ Utopia ដែលជារណ្ដៅធំបំផុតនៅលើភពព្រះអង្គារ។

Stuurman បានឱ្យដឹងថា “ភពព្រះអង្គារមានទឹកកកយ៉ាងច្រើន។ យើងខ្ញុំយល់ថា ធ្លាប់មានទឹកក្នុងសភាពរាវគ្រប់គ្រាន់ដើម្បីគ្របដណ្ដប់ពេញផ្ទៃដីដែលមានកម្រាស់ ១០០ម៉ែត្រនៅលើភពនេះ។ បើទោះទឹកទាំងនេះភាគច្រើនបានហួតចូលទៅក្នុងបរិយាកាស ប៉ុន្តែ សព្វថ្ងៃ ក៏នៅតែមានទឹកយ៉ាងច្រើន ដែលកំពុងកក នៅក្នុងបណ្ដាប៉ូលរបស់ភពព្រះអង្គារ”។

ប្រការដែលគួរចាប់អារម្មណ៍នៅតំបន់ Utopia Planitia នោះគឺបរិមាណទឹកដែលកក មានចំនួនពី ៥០ទៅ៨៥% ធៀបនឹងថ្ម។ ទឹកកកនៅ Utopia Planitia ភាគច្រើននៅដោយឡែក គឺមិនលាយឡំជាមួយដី និងថ្មនោះទេ។ ផ្ទាំងទឹកកកទាំងមូលមានកម្រាស់ឡើងដល់ ១៧០ម៉ែត្រ។

ប្រភពទឹកនេះក៏អាចត្រូវបានប្រើប្រាស់សម្រាប់មនុស្សដែលនឹងទៅរស់នៅលើភពព្រះអង្គារនាពេលដ៏ខ្លីខាងមុខ។ ផ្ទាំងទឹកកកនេះ អូសបន្លាយដល់ក្បែរតំបន់អេក្វាទ័រ ដែលជាកន្លងមួយត្រូវបានគេចាត់ទុកថា ល្អបំផុតក្នុងបច្ចុប្បន្នរបស់ភពព្រះអង្គារ។ តំបន់នេះ ស្ថិតនៅលើផ្ទៃដីរាបស្មើ ងាយស្រួលក្នុងការធ្វើដំណើរដោយយាន។

/

តំបន់ Utopia Planitia ដែល​ទើបត្រូវបាន​រក​ឃើញទឹកកក​នៅក្រោម​ដី

Jack Holt មកពីសកលវិទ្យាល័យ Texas ដែលជាអ្នកបានចូលរួមក្នុងការសិក្សាស្រាវជ្រាវខាងលើ បាននិយាយថា “ទឹកកកនេះងាយស្រួលក្នុងការយកមកប្រើប្រាស់ជាង បើធៀបនឹងតំបន់ទឹកកកផ្សេងៗនៅលើភពព្រះអង្គារ”៕

ប្រែសម្រួល ៖ តារាប្រភព ៖ sciencemag