មនុស្សរាប់រយនាក់ត្រូវបានគេជឿថា បានស្លាប់ និងរបួសនៅ Ethiopia បន្ទាប់ពីកងកម្លាំងសន្តិសុខ បាញ់កាំភ្លើងសំដៅទៅលើក្រុមបាតុករ។

/

ហេតុការណ៍នេះបានកើតឡើងកាលពីម្សិលមិញ នៅពេលមនុស្សរាប់ពាន់នាក់កំពុងចូលរួមក្នុងពិធីបុណ្យសាសនាមួយនៅ Bishoftu ក្នុងតំបន់ Oromia ដែលមានចម្ងាយពីក្រុង Addis Ababa ៤០គីឡូម៉ែត្រ នេះបើតាមទំព័រ BBC។

ប្រភពព័ត៌មានមួយចំនួនឱ្យដឹងថា ក្រុមទាហានត្រូវបានគេដាក់ពង្រាយបន្ទាប់ពីក្រុមបាតុករប្រឆាំងរដ្ឋាភិបាល នាំគ្នាគប់ដុំថ្ម និងដប ខណៈដែលប្រភពមួយចំនួនថា បាតុកម្មនេះត្រូវបានធ្វើឡើងដោយសន្តិវិធី។

/

រដ្ឋាភិបាល Ethiopia ឱ្យដឹងថា មនុស្សជាច្រើននាក់បានបាត់បង់ជីវិត ហើយថា អ្នកដែលទទួលខុសត្រូវក្នុងរឿងនេះនឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់។

Jawar Mohamed ដែលជាសកម្មជនម្នាក់ឱ្យដឹងថា មានមនុស្សស្លាប់ប្រមាណជា ៣០០នាក់។ ទាហាន និងឧទ្ធម្ភាគចក្រមួយគ្រឿង បានបាញ់កាំភ្លើងសំដៅលើបាតុករ ធ្វើឱ្យអ្នករាល់គ្នាដួលទៅលើថ្ម និងធ្លាក់ទឹក។ បច្ចុប្បន្ន ព័ត៌មាននេះមិនទាន់ត្រូវបានទទួលស្គាល់នៅឡើយ។

បាតុកម្មជាច្រើនដែលបានបណ្ដាលឱ្យមានមនុស្សស្លាប់ បានកើតឡើងក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ នៅ Ethiopia នៅពេលប្រជាជនមិនសប្បាយចិត្តចំពោះរឿងនយោបាយ និងសេដ្ឋកិច្ច៕

ប្រែសម្រួល ៖ តារាប្រភព ៖ Theguardian/BBC