(ម៉ិក​ស៊ិក)៖ តុលាការប្រទេសម៉ិក​ស៊ិក បានជូនដំណឹងថា អធិរាជរត់ពន្ធគ្រឿងញៀនលោក Joaquin El Chapo Guzman ដែលទើបនឹងឆាប់កាលពីថ្មីៗនេះ មានបំណង់ចង់ទៅជាប់ពន្ធ​ធនាគារនៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីកងកម្លាំង​ជើង​ទឹក​ម៉ិក​ស៊ិក ចាប់ខ្លួនបាននៅនៅ​តំបន់​ឆ្នេរសមុទ្រ​នៃ​ទីក្រុង Los Mochis ក្នុង​រដ្ឋ Sinaloa នេះបើយោងតាមការចេញផ្សាយរបស់​សារ​ព័ត៌មាន AP នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦។

យោងតាមការចេញផ្សាយរបស់ AP បានឲ្យដឹងនៅពេលនេះ តុលាការកំពុងរៀបចំឯកសារ​ដើម្បីធ្វើបត្យាប័ន ទៅតាមនិតិវិធី ប៉ុន្តែមិនបានបង្ហើបឲ្យដឹងពីព័ត៌មានផ្សេងៗឡើយ។

ថ្ងៃ​សុក្រ ទី​០៨ ខែ​មករា ឆ្នាំ​២០១៦​កន្លងទៅនេះ កងកម្លាំង​ជើង​ទឹក​ម៉ិក​ស៊ិក បាន​ចេញ​ប្រតិបត្តិការ​តាម​ចាប់ខ្លួន​ស្ដេច​គ្រឿងញៀន​នេះ នៅ​តំបន់​ឆ្នេរសមុទ្រ​នៃ​ទីក្រុង Los Mochis ក្នុង​រដ្ឋ Sinaloa ដោយ​ប្រធានាធិបតីម៉ិក​ស៊ិក លោក Enrique Peña Nieto បាន​ប្រកាស​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម Twitter ផ្ទាល់ខ្លួន​របស់​លោក​ថា «​បេសកកម្ម​ចាប់ខ្លួន​ស្ដេច​រត់ពន្ធ​គ្រឿង​ញៀន​គឺ​ទទួលបាន​ជោគជ័យ​ និងបានបញ្ជួន លោក Guzman ទៅកាន់ពន្ធធនាគារ ដែល​លោកបានរត់គេចកាលពីខែកក្កដា ឆ្នាំ២០១៥»។

អធិរាជ​ជួញដូរ​គ្រឿង​ញៀន​រូបនេះ បាន​រត់គេច​ចេញពី​គុក​ក្នុង​ប្រទេស​ម៉ិក​ស៊ិក កាលពី​ខែ​កក្កដា ឆ្នាំ​២០១៥ តាមរយៈ​រូង​ក្រោម​ដី ដែល​មាន​រយៈ​ចម្ងាយ​រហូតដល់ ១,៥​គីឡូម៉ែត្រ និង​មាន​ទទឹង​ជិត ១​ម៉ែត្រ និង​កម្ពស់ ១,៧​ម៉ែត្រ ហើយ​បើ​តាម​តាម​អ្នកជំនាញ​បានឲ្យដឹងថា គម្រោង​រត់គេច​ពី​គុក​នេះ ប្រើ​រយៈពេល​ជាង ១​ឆ្នាំ និង​ចំណាយ​លុយ ៥០​លាន​ដុល្លារ​អាមេរិក​។​

​តើ​ការ​ចំណាយលុយ​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​របៀប​ណា​?​ យោងតាម​សេចក្ដីរាយការណ៍​របស់​កាសែត Wall Street Journal បានឲ្យដឹងថា ស្ដេច​រត់ពន្ធ​គ្រឿងញៀន​រូបនេះ បាន​ប្រើ​បក្សី​ក្នុង​ការសាកល្បង​ទៅលើ​កម្រិត និង​សម្ពាធ​ខ្យល់​នៅក្នុង​រូង​ក្រោម​ដី ដែល​បាន​ជីក ព្រោះថា នៅ​ក្រោយ​ពេល​គេច​ខ្លួន​បាន ក្រុម​ស៊ើបអង្កេត​បាន​ប្រទះឃើញ​សាកសព​បក្សី​មួយ នៅ​ក្នុង​ធុងសំរាម​ក្នុង​បន្ទប់​របស់ Guzman​។​

​ក្រុម​មន្ត្រី​ជំនាញ​បានឲ្យដឹងថា បក្សី​នេះ​ប្រហែលជា​ត្រូវ​បាន​ក្រុមការងារ របស់​ស្ដេច​គ្រឿងញៀន ប្រើ​ដើម្បី​សាកល្បង​សម្ពាធ​ខ្យល់ ព្រោះថា​រូង​ក្រោម​ដី​នោះ មាន​រយៈ​ចម្ងាយ​រហូតដល់ ១,៥​គីឡូម៉ែត្រ និង​មាន​ទទឹង​ជិត ១​ម៉ែត្រ និង​កម្ពស់ ១,៧​ម៉ែត្រ​។​

Joaquin (El Chapo) Guzman ធ្លាប់​រត់គេច​ពី​គុក​ម្ដង​រួចទៅហើយ កាលពី​ឆ្នាំ ២០០១ បន្ទាប់ពី​ចាប់ខ្លួន​កាលពី​ឆ្នាំ ១៩៩៣ ដោយ​នៅ​ពេល​នេះ Guzman រត់គេច​ខ្លួន​តាមរយៈ​រទេះ​បោកគក់ រួច​គេចខ្លួន​តាម​រថយន្ត ដោយ​គម្រោង​នៃ​ការ​រត់​គេចខ្លួន​នោះ មាន​មនុស្ស​ជិត ១០០​នាក់ បាន​ចូលរួម​និង​ចំណាយ​លុយ ២,៥​លាន​ដុល្លារ​អាមេរិក និង​បានរស់នៅ​ក្រោម​ដី​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ទើប​ចាប់ខ្លួន​បាន​ម្ដង​ទៀត​កាលពី​ដើមឆ្នាំ ២០១៤​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​យោង​តាម​ការ​ព័ត៌មាន​ដែល​មាន​នៅ​លើ​គេហទំព័រ Wikipedia បានឲ្យដឹងថា នៅ​ពីក្រោយ​ខ្នង​ស្ដេច​ជួញដូរ​គ្រឿងញៀន​ម្នាក់នេះ គឺ​មាន​ក្រុម​ជំនាញ​ជា​ច្រើន ពាក់ព័ន្ធ​នឹង​ការជីក​រូង​ក្រោម​ដី ព្រោះថា ក្រោយពេល​ដែល​រត់គេច​ខ្លួន​បាន​កាលពី​ឆ្នាំ​២០០១ ស្ដេច​គ្រឿងញៀន​រូបនេះ បាន​រត់​ក្រោម​ដី ដោយ​មាន​ផ្លូវ​ក្រោម​ដី​ចំនួន ៦​កន្លែង ត​ភ្ជាប់​គ្នា​ពី​ផ្ទះមួយ​ទៅ​កាន់​ផ្ទះ​មួយទៀត ដោយ​ផ្លូវ​ក្រោម​ដី​នេះ មិន​ត្រូវបាន​គេ​ដឹង​ឡើយ រហូតដល់​ដើមឆ្នាំ ២០១៤ នៅ​ពេល​ឆាប់​ខ្លួន​បាន​ម្ដងទៀត ទើប​ដឹងថា ស្ដេច​គ្រឿងញៀន​រូបនេះ​រស់នៅ​ក្រោម​ដី​៕​

​ខាងក្រោមនេះគឺជាវីដេអូបង្ហាញពីការចាប់ខ្លួនស្ដេចគ្រឿងញៀន Guzman នៅនៅ​តំបន់​ឆ្នេរសមុទ្រ​នៃ​ទីក្រុង Los Mochis ក្នុង​រដ្ឋ Sinaloa

/

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី