ខ្មាន់កាំភ្លើងម្នាក់ បានបាញ់សំដៅលើមនុស្សនៅឯមជ្ឈមណ្ឌលពាណិជ្ជកម្មនៃក្រុង Munich ភាគខាងត្បូងអាល្លឺម៉ង បណ្ដាលឱ្យមានមនុស្សស្លាប់យ៉ាងតិច ១០នាក់ និងរងរបួស ២១នាក់ មុនពេលខ្មាន់កាំភ្លើងធ្វើអត្តឃាត។

/

នាយកនគរបាល Hubertus Andra បានឱ្យដឹងថា ខ្មាន់កាំភ្លើងរស់នៅក្នុងក្រុង Munich តាំងពីយូរមកហើយ ម្យ៉ាងគេក៏ពុំធ្លាប់មានបញ្ហាទាក់ទឹននឹងព្រហ្មទណ្ឌអ្វីមួយនោះដែរ។ នៅពេលសួរអំពីការបាញ់ប្រហារ នាយនគរបាលខាងលើ ប្រាប់ថា បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។

ទំព័រ Reuters បានចុះផ្សាយថា នគរបាលឱ្យដឹងថា មានអ្នកស្លាប់យ៉ាងតិច ១០នាក់ រាប់ទាំងខ្មាន់កាំភ្លើង។

អំពើហឹង្សានេះ បានចាប់ផ្ដើមនៅវេលាម៉ោងប្រហែល ១៨ នៅពេលបុរសម្នាក់បានបាញ់រះនៅក្នុងភោជនិយដ្ឋាន McDonald's ខាងក្រៅផ្សារ Olympia។ ភ្លាមនោះ នគរបាលក៏បានមកដល់កន្លែងកើតហេតុ។

សាក្សីនៅកន្លែងកើតហេតុ បានប្រាប់ថា “ស្នូរកាំភ្លើងជាច្រើនគ្រាប់ បានផ្ទុះឡើង ខ្ញុំមិនអាចនិយាយថា ប៉ុន្មានគ្រាប់នោះទេ ប៉ុន្តែ វាច្រើនគ្រាប់”។

/

រូបភាពនៅក្នុងទូរទស្សន៍បង្ហាញថា មានរថយន្ដសង្គ្រោះបន្ទាន់ជាច្រើនគ្រឿង ចតនៅមុខមជ្ឈមណ្ឌលពាណិជ្ជកម្ម Olympia នៅក្បែរ Olympic ក្នុងក្រុង Munich។

Reuters បានដកស្រង់សំដីអ្នកនាំពាក្យនគរបាល ឱ្យដឹងថា មានអ្នកស្លាប់ និងរងរបួសជាច្រើនសិបនាក់ ក្នុងការផ្ទុះអាវុធនេះ ហើយនគរបាលកំពុងឡោមព័ន្ធមជ្ឈមណ្ឌលពាណិជ្ជកម្មខាងលើ។

កាសែត Die Welt ចុះផ្សាយថា សមត្ថកិច្ចក្រុង Munich បានប្រកាសអាសន្ន ដោយប្រើប្រព័ន្ធទូរស័ព្ទរបស់ក្រុង។ ប្រជាជនត្រូវបានគេព្រមាន មិនឱ្យចាកចេញពីផ្ទះ ៖ “ដើម្បីសុវត្ថិភាព ចូរជៀសវាងទីលាន និងទីប្រជុំជនដែលមានមនុស្សច្រើន។ រថភ្លើង និងរថយន្តក្រុង ត្រូវផ្អាកដំណើរការ។ សូមបើកវិទ្យុ និងទូរទស្សន៍”។

/

នគរបាលក្រុង Munich ក៏បានអំពាវនាវប្រជាជន មិនឱ្យបង្ហោះរូបភាពនគបាលនៅកន្លែងកើតហេតុ ដើម្បីកុំឱ្យជនល្មើសទទួលបានដំណឹងដែលមានប្រយោជន៍សម្រាប់ពួកគេ។

ប្រែសម្រួល ៖ បុត្រា