ក្រុមអ្នកវិទ្យាសាស្ដ្រអាមេរិក បានអភិវឌ្ឍដោយជោគជ័យនូវបច្ចេកវិទ្យាពិសេសមួយ អនុញ្ញាតឱ្យបញ្ជាទៅលើសកម្មភាពរបស់អ្នកដទៃ ដោយប្រើការគិត ដូចទៅនឹងសាស្ដ្រាចារ្យ Charles Xavier ក្នុងភាពយន្ដ X-men ។

យើងធ្លាប់តែបានគិតថា សមត្ថភាពបញ្ជាទៅលើរាងកាយអ្នកដទៃ គឺកើតឡើងតែក្នុងរឿងនិទាន ឬភាពយន្ដបែបស្រមៃប្រឌិត ក៏ប៉ុន្ដែ ការសិក្សាស្រាវជ្រាវមួយ ថ្មីៗ ដែលត្រូវបានចុះផ្សាយនៅលើទំព័រទស្សនាវដ្ដី Public Library of Science One បានបញ្ជាក់នូវភាពផ្ទុយគ្នាគ្នា។

/

ទិដ្ឋ​ភាព​បញ្ជា​ទៅ​លើ​សត្រូវ ដោយ​ប្រើ​ខួរ​ក្បាល នៅ​ក្នុង​ភាព​យន្ដ X-men

ទស្សនាវដ្ដី Public Library of Science One ឱ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ដ្រ និងវិស្វករកុំព្យូទ័រ មកពី សកលវិទ្យាល័យ Washington បានធ្វើឱ្យសមត្ថភាព X-men ក្លាយជាការពិត ដោយបង្កើតបានបច្ចេកវិទ្យាមួយ អនុញ្ញាតឱ្យបញ្ជាទៅលើខួរក្បាលអ្នកដទៃ។

ដើម្បីបញ្ជាក់អំពីដំណើរការរបស់ឧបករណ៍ថ្មីនេះ ក្រុមអ្នកវិទ្យាសាស្ដ្របានធ្វើការពិសោធទៅលើមនុស្សចំនួន ៣ក្រុម ដែលត្រូវបានគេឱ្យលេងល្បែងមួយ។ ក្រុមទាំងនេះ ត្រូវបានដាក់នៅក្នុងអាគារ ២ផ្សេងៗគ្នា។ មនុស្សម្នាក់ គឺជាអ្នកតាមដានស្ថានភាពនៃល្បែង នៅលើអេក្រង់ធំមួយ ចំណែកអ្នកក្រៅពីនេះ គឺមានតួនាទីអនុវត្តបញ្ជាក្នុងល្បែង ដោយមិនអាចមើលឃើញអ្វីទាំងអស់។

ឧបករណ៍ថតយករលកសញ្ញាខួរក្បាល ត្រូវបានគេភ្ជាប់លើអ្នកដែលមើលទៅលើអេក្រង់ ហើយ​តាមរយៈការតាមដានស្ថានភាពនៃល្បែង ការ​បញ្ជានៃប្រព័ន្ធសរសៃប្រសាទកណ្ដាលរបស់មនុស្សនេះ ត្រូវបានបញ្ជូនទៅកាន់ខួរក្បាលរបស់អ្នកផ្សេង។ រលកសញ្ញាខួរក្បាលនេះ បញ្ជាទៅលើសាច់ដុំសរសៃប្រសាទ ដើម្បីបញ្ជាទៅលើអ្នកទទួល ឱ្យអនុវត្តតាមបញ្ជាដោយខ្លួនមិនបានដឹងអ្វីសោះ។

/

លទ្ធផលដែលទទួលបាន គឺពិតជានឹកស្មានមិនដល់ ៖ ការបញ្ជូនរលកសញ្ញាខួរក្បាលពីមនុស្សនេះ ទៅកាន់មនុស្សផ្សេង គឺមានល្បឿនលឿន ពោលគឺចំណាយមិនដល់ ៦៥០មិល្លីវិនាទី(mili minute)។ ទន្ទឹមនឹងនេះ លទ្ធផលនៃការអនុវត្តបញ្ជារបស់អ្នកមិនបានមើលលើអេក្រង់ គឺមានភាពត្រឹមត្រូវដល់ទៅ ៨៣%។ តាមរយៈការពិនិត្យទៅលើផែនទីរលកសញ្ញាខួរក្បាល បានបង្ហាញថា ការអនុវត្តខុសបញ្ជា ភាគច្រើនគឺកើតឡើងដោយសារការរារែកក្នុងការគិតរបស់អ្នកបញ្ជាក្នុងការលេងល្បែងនេះ។

បណ្ឌិត Rajesh Rao បានឱ្យដឹងថា ៖ “លទ្ធផលនេះ ជួយឱ្យយើងដឹងថា ព័ត៌មានអាចបញ្ជូនទៅតាមខួរក្បាលដោយឡែក ២ ផ្សេងៗគ្នា ហើយជួយឱ្យមនុស្ស ២នាក់ អនុវត្តភារកិច្ចជាក់លាក់ ១”។លោកបណ្ឌិត បន្តថា ៖ “ឧបករណ៍ ដែលធ្លាប់ត្រូវបានគេចិញ្ចឹមមហិច្ឆតាតាំងពីយូរមកហើយ នៅក្នុងខ្សែភាពយន្ដនានា មិនត្រឹមតែមានសមត្ថភាពបង្កើតនូវបដិវត្តក្នុងវិស័យទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្ដែ វាក៏នឹងបើកផ្លូវសម្រាប់ការស្រាវជ្រាវទៅលើមុខងារទាំងឡាយរបស់ខួរក្បាល”។

/

ក្រុមគ្រូពេទ្យក៏អាចប្រើប្រាស់បច្ចេកវិទ្យានេះ ក្នុងការព្យាបាលអ្នកជម្ងឺស្លាប់មួយចំហៀងខ្លួន ឬខូចខាត​សរសៃប្រសាទដែលបញ្ជាមកកាន់អវៈយវៈ។ល។ ក្រៅពីនេះ ក្រុមអ្នកបើកបរយន្ដហោះ ក៏អាចបញ្ជាការហោះហើរ ពីដី ក្នុងករណីមានហេតុការណ៍បន្ទាន់នៅលើអាកាស៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Telegraph/NYdailynews