Huawei ធា្លប់បានប្រកាសថា នឹងយកឈ្នះ Apple និង Samsung ដើម្បីក្លាយជាក្រុមហ៊ុនលេខ ១ ក្នុងការផលិតស្មាតហ្វូន។
បណ្ដាក្រុមហ៊ុនផលិតស្មាតហ្វូនចិន កំពុងតែបញ្ចេញសកម្មភាពមួយ ធ្វើឱ្យ Apple និង Samsung ត្រូវភ័យខ្លាច។ ការរកស៊ី ក៏ដូចជាការប្រយុទ្ធ អ្នកណាមានអាវុធគ្រប់គ្រាន់ អ្នកនោះនឹងមានប្រៀប។

សកម្មភាពដែលត្រូវបានគេប្រៀបដូចជាការ “ប្រមូលអាវុធ” របស់បណ្ដាក្រុមហ៊ុនផលិតស្មាតហ្វូនចិននោះគឺការទិញបណ្ណកម្មសិទ្ធិបញ្ញាថ្មី ក៏ដូចជាការចុះឈ្មោះជាកម្មសិទ្ធិនៃឧបករណ៍ដែលពួកគេបង្កើតឡើងដោយខ្លួនឯង។
ក្នុងចំណោមក្រុមហ៊ុនចិន ក្រុមហ៊ុន Huawei ធា្លប់បានប្រកាសថា ខ្លួននឹងក្លាយជាអ្នកផលិតស្មាតហ្វូនធំជាងគេបង្អស់ក្នុងរយៈពេល ៥ឆ្នាំទៀត។ សកម្មភាពលេចធ្លោជាងគេរបស់ Huawei នោះគឺ ការប្ដឹង Samsung ថា បានរំលោភលើកម្មសិទ្ធិបញ្ហាចំនួន ១១ប្រភេទរបស់ខ្លួន នៅអាមេរិក កាលពីខែមុន។

ក្នុងឆ្នាំ ២០១៥ Huawei ក៏ជាក្រុមហ៊ុនលេខ ១ ក្នុងលោក ដែលមានបណ្ណកម្មសិទ្ធិបញ្ញាច្រើនជាងគេ។ គូប្រជែងដែលតាមពីក្រោយ គឺ Qualcomm និង Samsung ចំណែក Apple មិនមានឈ្មោះក្នុងបញ្ជីនេះនោះទេ។
Huawei ក៏មិនភ្លេចវិនិយោគទៅលើគម្រោងស្រាវជ្រាវរបស់ខ្លួន ទន្ទឺមនឹងការទិញបណ្ណកម្មសិទ្ធិបញ្ញាថ្មី។ ក្នុងរយៈពេល ៥ឆ្នាំកន្លង Huawei បានចំណាយដល់ទៅ ៣០ពាន់លានដុល្លារសម្រាប់ R&D (ការស្រាវជ្រាវ និងអភិវឌ្ឍ)។

ដោយឡែក កាលពីឆ្នាំទៅ Huawei បានចំណាយ ៩,២ពាន់លានដុល្លារក្នុងការស្រាវជ្រាវ និងអភិវឌ្ឍ ខណៈដែល Apple ចំណាយត្រឹមតែ ៨,១ពាន់លានដុល្លារ។ បច្ចុប្បន្ន Huawei មានមជ្ឈមណ្ឌល R&D ចំនួន ១៦ នៅទូទាំងពិភពលោក ក្នុងនោះ មានទាំងនៅអាមេរិក និងអឺរ៉ុប។
បណ្ណកម្មសិទ្ធិបញ្ញា គឺជាអាវុធក្នុងសមរភូមិស្មាតហ្វូន ៖
ស្មាតហ្វូនមួយគ្រឿង អាចនឹងមានបណ្ណកម្មសិទ្ធិបញ្ញារាប់ពាន់ប្រភេទខុសៗគ្នា។ នេះគឺជាបញ្ហាស្មុគស្មាញ ហើយការប្ដឹងគ្នារវាង Apple និង Samsung ទាក់ទឹនកម្មសិទ្ធិបញ្ញា បានឱ្យយើងដឹងអំពីប្រការនេះ។
Huawei និងបណ្ដាក្រុមហ៊ុនផលិតស្មាតហ្វូននៅចិន ក៏បានយល់អំពីសារសំខាន់របស់បណ្ណកម្មសិទ្ធិបញ្ញា ពិសេស នៅពេលពួកគេចង់វាយលុកទីផ្សារធំៗរបស់ពិភពលោក។
អគ្គនាយកផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន Huawei ឱ្យដឹងថា ៖ “យើងខ្ញុំពិតជាអាចរីកចម្រើនដូច Apple ”។
ប្រែសម្រួល ៖ បុត្រា