ភ្នំពេញ៖ ក្រុមនិស្សិតពេទ្យជិត៥០០នាក់ ដែលបានបញ្ចប់ការ សិក្សាឆ្នាំទី៦នៃ មហាវិទ្យាល័យ សុខាភិបាល សាកលវិទ្យាល័យ អន្តរជាតិ (IU) ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បាននាំគ្នាតវ៉ា ជាលក្ខណៈ ទ្រង់ទ្រាយ ធំមួយ ដើម្បីទាមទារឲ្យ សកលវិទ្យាល័យកំណត់ ថ្ងៃប្រឡងឲ្យបានច្បាស់លាស់។
និស្សិត គឹម វណ្ណៈ ដែលបានបញ្ចប់ការសិក្សាឆ្នាំទី៦ បានប្រាប់ឲ្យដឹងនៅ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣ ថាពួកខ្លួន ជានិស្សិត ជំនាន់ទី០៧ ចំនួន៤៨៤នាក់ នៃសាកលវិទ្យាល័យ IU បានបញ្ចប់ឆ្នាំទី៦ អស់រយៈពេលជាង១ឆ្នាំ មកហើយ ប៉ុន្តែសកលវិទ្យាល័យមិនទាន់បាន កំណត់ថ្ងៃឲ្យពួកខ្លួន បានប្រឡងនៅឡើយទេ រហូតមកដល់ សព្វថ្ងៃនេះ។
និស្សិតរូបនេះបន្តថា ដោយសារតែភាពយឺតយ៉ាវ របស់សកលវិទ្យាបែបនេះ ទើបពួកនិស្សិតទាំងអស់ ជួបប្រជុំគ្នា សម្រេចធ្វើការតវ៉ា នៅថ្ងៃអាទិត្យ ទី១៩នេះ តែម្តងទៅ ក្នុងគោលបំណង ឲ្យសកលវិទ្យាល័យកំណត់ ថ្ងៃប្រលងឲ្យ បាន ច្បាស់លាស់ , សុំឲ្យសកលវិទ្យាល័យគោរព តាមសន្យា ដូចដែលកាលពីពួកគេ ចុះឈ្មោះចូលរៀន កាលពី ឆ្នាំ ២០០៦។
និស្សិត គឹម វណ្ណៈ បានបញ្ជាក់ថា “ពួកខ្ញុំតវ៉ានេះទី១គឺអត់ចង់ប្រឡងថ្នាក់ជាតិទេ , ទី២ ចង់ឲ្យសម្តេចតេជោ ហ៊ុន សែន ជួយដោះស្រាយ បញ្ហាពួកខ្ញុំ ពេលពួកខ្ញុំចូលរៀនដំបូង តាមអនុក្រឹត្យចាស់ រយៈពេល៦ឆ្នាំ ហើយសាលា ក៏បាន ជូនដំណឹងថា ប្រឡងធម្មតា នៅពេលដែលពួកខ្ញុំ រៀនបានឆ្នាំទី៣ហើយ ទើបមានចំណាពី ខាងក្រោយមកថា ឲ្យពួកខ្ញុំប្រឡងថ្នាក់ជាតិ អីចឹងវាដូចជាអយុត្តិធម៌ សម្រាប់ពួកខ្ញុំ ហើយពួកខ្ញុំរៀនចប់មួយឆ្នាំ ជាងមិនទាន់មាន ការរៀបចំ ប្រឡងឲ្យពួកខ្ញុំទៀត”។
និស្សិត គឹម វណ្ណៈ បានឲ្យដឹងទៀតថា ពួកនិស្សិតទាំងអស់ក៏បានធ្លាប់ផ្តិតមេដៃ ដើម្បីឲ្យសកលវិទ្យាល័យ ដាក់ពេល វេលាច្បាស់លាល់ ណាមួយឲ្យនិស្សិតទាំងបានប្រឡង ដើម្បីបានចូលបម្រើការងារ នៅតាមស្ថាប័ននានាប៉ុន្តែ មិនមានចម្លើយ៕


ផ្តល់សិទ្ធិដោយ៖ ដើមអំពិល