ភ្នំពេញ ៖ ភ្ញៀវវ័យក្មេងមួយក្រុម ជា ប្រភេទយុវវ័យ បានរិះគន់បុគ្គលិកទាំងស្រីទាំងប្រុស ដែលបម្រើការងារនៅក្នុងហាងតែគុជយីហោ “ធី អេន ថក” មានទីតាំង ស្ថតិនៅជាប់របង វិទ្យាល័យទួលទំពូងប៉ែក ខាងលិច ក្នុងទឹកដីខណ្ឌចំការមន ដោយសារ តែបុគ្គលិកទាំងនេះ បានប្រើសំដីឈ្លើយដាក់ពួកគេជាភ្ញៀវ និងញុះឱ្យពួកគេចេញពី ហាងទៀតផង ដោយគ្រាន់តែលេងហ្គីតា និងជជែកគ្នាលេង មិនទាន់ដល់ ១៥នាទី ផង ។
នារីម្នាក់ ដែលសូមមិនបញ្ចេញឈ្មោះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងថា រូបគេ និងមិត្ដភ័ក្ដិ បងប្អូន៤-៥ នាក់ បាននាំគ្នាចូលទៅហាងតែគុជខាងលើ ដើម្បីជជែករឿងការងារមួយចំនួន ហើយ នៅពេលចូលទៅដល់ក្នុងហាងភ្លាម ក៏បាន កុម្មង់ភេសជ្ជៈហូប ហើយក៏ចាប់ផ្ដើមជជែកគ្នា អមដោយការលេងហ្គីតាក្នុងសំឡេង តិចៗ ដោយគិតថា បើលេងខ្លាំងវានាំឱ្យប៉ះ ពាល់អារម្មណ៍ដល់ភ្ញៀវដទៃទៀត ។
កញ្ញារូបនេះ បានបន្ដទៀតថា ពេល ដែលពួកគេជជែកគ្នាបណ្ដើរ និងលេងហ្គីតាបណ្ដើរនោះ ក៏បានសួរទៅបុគ្គលិកដែលបម្រើការងារនៅក្នុងហាង ដោយខ្លាចថា ប៉ះពាល់ហាងរបស់ពួកគេ។ កញ្ញាក៏បានសួរ ទៅបុគ្គលិកនោះថា តើពួកខ្ញុំលេងហ្គីតាមាន ការរំខាន ឬមួយយ៉ាងណានោះទេ បើរំខាន ពួកខ្ញុំនឹងត្រឡប់ចេញទៅវិញ ។ ពេលនោះ ស្រាប់តែបុគ្គលិកស្រីម្នាក់អាយុជាង ២០ឆ្នាំ បានឆ្លើយឌឺថា បើចេញវាល្អធ្វើឱ្យហាងរបស់ គេមានភាពស្ងាត់ស្ងៀម ។ គ្រាន់តែឮពាក្យ សំដីមួយម៉ាត់នេះ ពួកគេទាំង ៤-៥នាក់ក៏ បានគិតលុយ ហើយនាំគ្នាចាកចេញទាំង ហួសចិត្ដ មិនទាន់ដល់១៥នាទីផង នៅពេល ដែលពួកគេចូលទៅក្នុងហាង នៅ វេលាម៉ោងប្រមាណ ៣រសៀល ថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០១៣ នេះ ។
បើយោងតាមកញ្ញាខាងលើ បានឱ្យដឹង ថា នៅក្នុងហាងមិនសូវមានភ្ញៀវចូលនោះឡើយ ហើយបុគ្គលិក ស្រីក្នុងចំណោម ៤-៥ នាក់ បាននិយាយដោយមុខមាំថា រូបគេជិត ឈប់ធ្វើការនៅកន្លែងនេះហើយ ដូច្នេះ មិន ខ្វាយខ្វល់នឹងការរិះគន់របស់ភ្ញៀវឡើយ ។
សកម្មភាព និងពាក្យសំដីមិនចង់ទទួល ភ្ញៀវ និងមិនប្រើពាក្យសំដីឱ្យបានសមរម្យខាងលើនេះ ត្រូវបានពួក គេរិះគន់ថា ជាការធ្វើឱ្យបាត់អតិថិជនចូលទៅក្នុងហាង មិន ដឹងថា តើថៅកែហាងបានដឹងពីអាកប្បកិរិយា និងទង្វើរបស់បុគ្គលិកខ្លួនយ៉ាងណានោះ បើដូច្នេះមែន សូមអប់រំឱ្យបានល្អផង ជៀស វាងការបាត់បង់ភ្ញៀវ នាំឱ្យដួលហាងនៅថ្ងៃ ណាមួយជាក់ជាមិនខាន។ យ៉ាងណាក៏ដោយ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិន ទាន់អាចសុំការបកស្រាយពីបុគ្គលិក និងថៅកែ ហាងតែគុជនេះនៅឡើយទេ ជុំវិញការរិះគន់របស់ក្រុមភ្ញៀវ ខាងលើនេះ ៕

![src=http://image.dap-news.com:81/dap-news/dap-images/2013/August/id-067/CH-0558.jpg width=500]()
ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល