(បាងកក)៖ ព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ដែលមានព្រះជន្មាយុ ៨៨វស្សាទៅហើយនោះ ត្រូវបានក្រុមគ្រូពេទ្យធ្វើការព្យាបាល​អាការៈរោគ គ្រុនក្តៅ និង អាចមានមេរោគក្នុងឈាមព្រះអង្គ​ថែមទៀតផង។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់រាជវាំងថៃ ដែល Channel News Asia ដកស្រង់នាព្រឹក​ថ្ងៃអង្គារ ទី០២ ខែសីហា ឆ្នាំ២០១៦។

ក្រុមគ្រូពេទ្យថៃ តែងតែធ្វើការត្រួតពិនិត្យព្រះរាជសុខភាព របស់ព្រះមហាក្សត្រ ជារៀងរាល់ខែ​ហើយកាលពីខែមុននេះ ព្រះបាទ ភូមិបុល បានទទួលការព្យាបាល​នៅផ្នែកឆ្អឹងខ្នង។ ព័ត៌មានស្តីសុខភាព​របស់ព្រះមហាក្សត្រថៃ ត្រូវបាន​ប្រជាជនថៃទាំងអស់ ធ្វើការតាមដានយ៉ាងលម្អិតបំផុត ក៏ព្រោះតែពួកគេគោរពស្រឡាញ់​ព្រះមហាក្សត្រស្មើនឹងជីវិត។

គួរបញ្ជាក់ថា រយៈពេលជាងមួយឆ្នាំចុងក្រោយនេះ ព្រះមហាក្សត្រថៃបានយាងចូលមន្ទីរពេទ្យ​ទីក្រុងបាងកក ជាញឹកញាប់ ហើយពេលចុងក្រោយ​ ដែលប្រជានុរាស្ត្រទូទាំងប្រទេសបានឃើញព្រះអង្គ ជាសាធារណនោះ​គឺនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ ដោយព្រះអង្គបានចំណាយ​ពេល បំពេញព្រះរាជទស្សនកិច្ច​នៅជុំវិញរាជវាំង ក្នុងរាជធានីបាងកក៕

/

ប្រភព ៖ CNA

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង