វិទ្យាសាស្ដ្រទំនើបអាចបង្កើតអំប្រ៊ីយ៉ុងកូនកាត់ មនុស្ស-សត្វ ហើយគម្រោងបង្កើតសត្វកូនកាត់ដូចនៅក្នុងរឿងព្រេងរបស់ប្រទេសក្រិក កំពុងត្រូវបានគេពិចារណាយ៉ាងយកចិត្តទុកដាក់។

/សត្វ Chimera  នៅក្នុងរឿងព្រេងរបស់ប្រទេសក្រិក  

នៅក្នុងរឿងព្រេងរបស់ប្រទេសក្រិក Chimera គឺជាសត្វចម្លែកដែលជាកូនកាត់សត្វតោ ពពែ និងពស់។ សត្វនេះមិនមាននៅក្នុងពិភពលោកនោះទេ ប៉ុន្តែ ការបង្កាត់ពូជរវាងសត្វនឹងសត្វ គឺជាគំនិតមួយដែលអាចក្លាយជាការពិត។ ប្រការនេះ ក៏កំពុងធ្វើឱ្យអ្នករិះគន់ មានការព្រួយបារម្ភ។

កាលពីសប្ដាហ៍មុន មន្ទីរសុខាភិបាលជាតិអាមេរិក (NIH) បានស្នើឱ្យមានការអនុម័តទៅលើគោលនយោបាយថ្មីមួយដែលអនុញ្ញាតឱ្យផ្ដល់ជំនួយដល់ក្រុមអ្នកវិទ្យាសាស្ដ្រក្នុងការបង្កើត សត្វមួយប្រភេទដែលគេហៅថា Chimera ។ ដោយការប្រើបច្ចេកវិទ្យាហ្សែន គេជឿថា វាអាចនឹងកើតឡើង នៅពេលកោសិកាមនុស្ស រួមផ្សំជាមួយបណ្ដាកោសិការបស់សត្វផ្សេងៗ និងវិវឌ្ឍន៍ទៅជាសត្វកាតមនុស្ស។

មុននេះ កាលពីខែកញ្ញា NIH បានផ្អាកការផ្ដល់ជំនួយទៅឱ្យគម្រោងស្រាវជ្រាវប្រភេទនេះដើម្បីពិចារណាអំពីសីលធម៌នៃការបង្កើតជាសត្វដែលអាចមានរូបរាងជាមនុស្ស។ ក្រុមអ្នកគាំទ្រយល់ថា ការស្រាវជ្រាវនេះអាចជួយឱ្យអ្នកវិទ្យាសាស្ដ្រយល់កាន់តែច្បាស់អំពីប្រភេទជម្ងឺរបស់មនុស្ស ហើយស្វែងរកវិធីថ្មីដើម្បីព្យាបាល។

ដើម្បីក្ដាប់បាននូវបញ្ហាដែលទាក់ទឹននឹងសីលធម៌ អ្នកដឹកនាំកម្មវិធី All Things Considered Ray Suarez បានសម្ភាសជាមួយ Insoo Hyun សាស្ដ្រាចារ្យផ្នែកសីលធម៌ជីវសាស្ដ្រនៅសកលវិទ្យាល័យ Case Western Reserve។

គេដឹងថា បច្ចុប្បន្ន ច្បាប់បានអនុញ្ញាតឱ្យបញ្ចូលកោសិការបស់មនុស្ស ទៅក្នុងអំប៊្រីយ៉ុងរបស់សត្វក្នុងរយៈពេល ១៤ថ្ងៃ ហើយការសិក្សាស្រាវជ្រាវនេះនឹងត្រូវបានគេតាមដានយ៉ាងយកចិត្តទុកដាក់។មូលហេតុដែលត្រូវព្រួយបារម្ភភាគច្រើនគេមានការព្រួយបារម្ភអំពីបញ្ហាការពារសត្វ។ យើងមិនដឹងប្រាកដថា ការពិសោធនេះនឹងធ្វើឱ្យសត្វត្រូវរងទុក្ខបែបណា។ ក្រៅពីនេះ ក៏មានការព្រួយបារម្ភខ្លាំង អំពីការច្របល់បញ្ចូលគ្នារវាងមនុស្សនិងសត្វ អាចនឹងនាំឱ្យសត្វត្រូវប្រែប្រួលរួបរាង។ មនុស្សធម៌គឺជាប្រការដែលមិនអាចយកមកលេងសើចបាននោះទេ បើទោះជាតម្លៃនៃការពិសោធ ស្រាវជ្រាវរបស់យើង ខ្ពស់ដល់កម្រិតណាក៏ដោយ។

Insoo Hyun បានសំដែងការគាំទ្រចំពោះការពិសោធបង្កាត់ពូជ ប៉ុន្តែ លោកថ្លែថា ត្រូវតែមានលក្ខខណ្ឌច្បាស់លាស់។

គំនិតនៃការបង្កើតអ្វីដែលមិនមាននៅក្នុងធម្មជាតិ

/

អ្នកវិទ្យាសាស្ដ្រ​ អាចបង្កើត​សត្វដែលមានរូបរាងដូចមនុស្ស

Insoo Hyun យល់ថា នេះគឺជាការយកចិត្តទុកដាក់បំផុតរបស់សាធារណជន។ មនុស្សជាច្រើនយល់ថា វានឹងមានលទ្ធផលពិបាកស្មានកើតឡើង នៅពេលបង្កើតសត្វប្រភេទថ្មីមួយ។ នេះគឺជាការព្រួយបារម្ភសមស្រប។ Insoo Hyun ថ្លែងថា ការពិសោធ ស្រាវជ្រាវនេះ ត្រូវការការតាមដានឱ្យបានហ្មត់ចត់។ ពួកគេនឹងមិនអនុញ្ញាតឱ្យកូន Chimera ចាកចេញពីបន្ទប់ពិសោធ ហើយដើរត្រេតត្រតតាមដងផ្លូវ។

ក្រុមប្រឹក្សាពិនិត្យឡើងវិញ ត្រូវកំណត់ព្រំដែនយ៉ាងណា?

បើតាម Insoo Hyun ក្រុមប្រឹក្សាពិនិត្យឡើងវិញ គួរតែមានឯកសារតាមដាន និងប្រវត្តិតាមដានការពិសោធ ស្រាវជ្រាវអំពីអំប៊្រីយ៉ុងរបស់មនុស្ស និងសត្វ ក្រោយមកបង្ហាញអំពីវិធីគ្រប់គ្រងឱ្យបានត្រឹមត្រូវបំផុត។ នោះគឺជាជំហានដំបូងនៃការពិសោធទៅលើ Chimera ។

ប្រែសម្រួល ៖ តារា