រតនគិរី ៖ ជនសង្ស័យ ជនជាតិវៀតណាម ចំនួន ៧នាក់ ត្រូវបានកម្លាំងចម្រុះ ស្រុកយ៉ាដាវ ខេត្ដរតនគិរី ធ្វើការ ឃាត់ខ្លួន បន្ទាប់ពីពួកគេលួចឆ្លងដែនខុសច្បាប់ ចូលមកកាប់ឈើក្នុងដីក្រុមហ៊ុន ម៉ែន សារុន (៧២) ស្ថិតត្រង់ ចំណុចអនុតំបន់ ៤ ជាព្រៃឈើពាក់កណ្ដាលព្រៃស្រោង ស្ថិតក្នុងភូមិឡំ ឃុំប៉ក់ញ៉ែ ស្រុកអូរយ៉ាដាវ ខេត្ដរតនគិរី កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២។ ក្នុងប្រតិបត្ដិការនេះដែរ ដឹកនាំដោយលោក ឡេង យុត នាយផ្នែករដ្ឋបាល ព្រៃឈើផ្នែកបរកែវ។
ប្រភពព័ត៌មាន ពីកម្លាំងចម្រុះ ប្រាប់ឱ្យដឹងថា ដោយសារមានការសហការគ្នាល្អ កម្លាំងរបស់យើងបានធ្វើការ ឃាត់ខ្លួន ជនជាតិវៀតណាម បានចំនួន ៧នាក់ ដែលមានឈ្មោះទី១ ហ្វាង បឹកយ៉ុង ភេទប្រុស អាយុ ៣២ឆ្នាំ , ទី២ ឈ្មោះ លឿង ង៉ុកយឹក ភេទប្រុស អាយុ ៣៥ឆ្នាំ , ទី៣ ឈ្មោះ ម៉ាយ ស៊ុនហា ភេទប្រុស អាយុ ២៩ឆ្នាំ , ទី៤ ឈ្មោះ ង្វៀន វាំងជុង ភេទប្រុស អាយុ ២៧ឆ្នាំ, ទី៥ ឈ្មោះ ង្វៀន យីកាន់ ភេទប្រុស អាយុ ៣៥ឆ្នាំ, ទី៦ ឈ្មោះ ង្វៀន វ៉ាងហ្វីហុង និងទី៧ ឈ្មោះ ង្វៀន វ៉ាន់ហ្វាង ភេទប្រុស អាយុ ២៤ឆ្នាំ។
ប្រភពព័ត៌មានខាងលើ ប្រាប់បន្ដឱ្យដឹងទៀតថា ក្នុងប្រតិបត្ដិការនេះ កម្លាំងចម្រុះយើងធ្វើការរឹបអូសត្រាក់ទ័រ សម្រាប់ធ្វើការ ឈូសឆាយដីចំនួន ២គ្រឿង , ម៉ាស៊ីនត្រង់ស៊ឺន័រ សម្រាប់កាត់ឈើ ចំនួន ២គ្រឿង , ឈើហ៊ុបមូល ដែលកាត់ផ្ដួលរួចចំនួន ៥៨កំណាត់ ជាប្រភេទឈើលេខ១, លេខ២ និងឈើប្រភេទលេខ៣ លាយចម្រុះគ្នា។ វត្ថុតាងត្រាក់ទ័រ សម្រាប់ឈូសឆាយដី ព្រៃឈើ ចំនួន ២គ្រឿង និងម៉ាស៊ីនត្រង់ស៊ឺន័រ កាត់ឈើចំនួន ២គ្រឿង នោះ យកមករក្សាទុកក្នុងទីបញ្ជាការ កងរាជអាវុធហត្ថ ស្រុកអូរយ៉ាដាវ។
ក្នុងព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២ នេះផងដែរ កម្លាំងសមត្ថកិច្ចចម្រុះ បានបញ្ជូនខ្លួន ជនសង្ស័យជនជាតិវៀត ណាមខាងលើ មកខណ្ឌរដ្ឋបាលព្រៃឈើ ខេត្ដរតនគិរី ដើម្បីសាកសួរ រួចបង្កសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ដ ចាត់ចែងតាមច្បាប់៕






ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល