ការផ្លាស់ប្តូរធំមួយ ក្នុងចំណោមការផ្លាស់ប្តូរធំៗមួយចំនួនទៀត នៅលើគំរូ iPhone គម្រប់ខួប ១០ឆ្នាំ នោះគឺ Apple នឹងផ្លាស់ប្តូរពីការប្រើប្រាស់អេក្រង់ប្រភេទ LCD ដូចបច្ចុប្បន្ន ទៅជាអេក្រង់ OLED វិញ។
កាលពីដើមឆ្នាំនេះ Foxconn ដែលជារោងចក្រជំនាញផលិត iPhone ឲ្យ Apple បានទិញយក Sharp ក្នុងតម្លៃ ៣,៥ពាន់លានដុល្លារ។ ប្រធាន Sharp លោក Tai Jeng-wu និងក៏ស្ថិតជាថ្នាក់ដឹកនាំរបស់ Foxconn បានចែករំលែកជាមួយ និស្សិតនៅមហាវិទ្យាល័យ Tatung (តៃវ៉ាន់) កាលពីចុងសប្តាហ៍មុន ថា Apple នឹងផ្លាស់ប្តូរទៅប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ OLED។

គំរូ Concept ស្តីពី iPhone 8
“iPhone តែងតែធ្វើការអាប់ឌេតឲ្យប្រសើរជាងមុន និងកំពុងធ្វើការផ្លាស់ប្តូរពី បន្ទះអេក្រង់ LTPS ទៅ កាន់ OLED។ ពួកយើងនៅមិនទាន់ដឹងថា iPhone អេក្រង់ OLED បង្កើតឲ្យមានភាពចាប់អារម្មណ៍ ខ្លាំង ឬក៏អត់នោះទេ? ប៉ុន្តែបើសិនជា Apple មិនផ្លាស់ប្តូរតាមនិន្នាការនេះទេ នោះ iPhone នឹងមិន មានការផ្លាស់ប្តូរអ្វីទាំងអស់” លោក Tai Jeng-wu សង្កត់ធ្ងន់យ៉ាងដូច្នេះ។
មុននេះ Nikkei Asian Review បានចុះផ្សាយព័ត៌មានថា iPhone 8 នឹងប្រើប្រាស់អេក្រង់ OLED ដែល ផលិត ដោយ Samsung, Sharp, ឬ LG ជាមួយនឹងទំហំបីផ្សេងគ្នាគឺ 4,7 inch, 5 inch,និង 5,5 inch។ ការដែលបំពេញបន្ថែមអេក្រង់ទំហំ 5 inch គឺដើម្បីជួយសម្រួលដល់អ្នកប្រើប្រាស់ក្នុងការជ្រើសរើស នៅពេលដែលមានអារម្មណ៍ថា អេក្រង់ 4,7 inch រាងតូចបន្តិច និង 5,5 inch រាងធំបន្តិច។
គំរូស្មាតហ្វូនខួប ១០ឆ្នាំ នៃការបង្កើត iPhone ក៏នឹងមានការរចនាម៉ូតថ្មីស្រឡាង កាមេរ៉ាកាន់តែល្អ និងមានបំពាក់នូវ Feature ល្អៗជាច្រើនទៀត ដូចជាសាកថ្មអត់ខ្សែ ស្គែនប្រស្រីភ្នែក...ជាដើម៕
- Galaxy S7 edge ពណ៌ខៀវទឹកសមុទ្រ បានបង្ហាញខ្លួន នៅអាស៊ីហើយ
ប្រែសម្រួល៖ មង្គល ប្រភព៖ vexpress