ទីភ្នាក់ងារសារព័ត៌មាន Interfax របស់រុស្ស៊ី ទើបតែបានបង្ហើបឱ្យដឹងថា ប្រទេសនេះកំពុងអភីវឌ្ឍគ្រាប់កាំភ្លើងឆ្លាតវៃមួយប្រភេទ មានរចនាបទដ៏អស្ចារ្យ និងអាចកែប្រែផ្លូវហោះហើររបស់វា។ ចំណែកអាមេរិក ក៏កំពុងតែសម្ងំអភិវឌ្ឍក្បាលគ្រាប់ដូចគ្នានេះ។

/

ទំព័រ Interfax ចេញផ្សាយថា FPI ដែលជាអង្គភាពស្រាវជ្រាវជាន់ខ្ពស់របស់រុស្ស៊ី គឺជាអ្នកទទួលខុសត្រូវលើគម្រោងនេះ។ Vitaly Davydov អនុប្រធាននៃក្រុមប្រឹក្សាវិទ្យាសាស្ដ្រ និងបច្ចេកទេសរបស់ FPI ថ្លែងថា ៖ “នៅពេលបាញ់ចេញ គ្រាប់កាំភ្លើងនេះនឹងអាចកែប្រែផ្លូវហោះហើរ និងសំដៅចំគោលដៅ។ នៅក្នុងរយៈចម្ងាយឆ្ងាយ ក៏ដូចជានៅក្នុងអាកាសមិនល្អ គ្រាប់កាំភ្លើងប្រភេទនេះ នឹងគ្រប់គ្រងទិសដៅរបស់វាដោយស្វ័យប្រវត្ត។ បច្ចុប្បន្ន យើងខ្ញុំកំពុងតែធ្វើការអភិវឌ្ឍនូវគ្រាប់កាំភ្លើងឆ្លាតវៃនេះ”។

/

លោក Davydov ក៏បានឱ្យដឹងថា គ្រាប់កាំភ្លើងប្រភេទនេះ នឹងត្រូវបានរចនាឡើងដោយបច្ចេកទេស និងបច្ចេកវិទ្យាដ៏អស្ចារ្យបំផុត រួមទាំងទម្ងន់ និងទំហំរបស់វា។ ប្រការនេះនឹងធ្វើឱ្យមានការយល់ឃើញថ្មី អំពីអ្វីដែលគេហៅថា “គ្រាប់កាំភ្លើង”។

ទាក់ទិននឹងតម្លៃរបស់វា លោក Davydov បង្ហើបប្រាប់ថា វាជាការពិត គ្រាប់កាំភ្លើងឆ្លាតវៃនេះ នឹងនឹងមានតម្លៃថ្លៃ នៅពេលត្រូវបានលក់ទៅឱ្យអតិថិជន។

/

ទំព័រ Intellihub ឱ្យដឹងថា ភាគីខាងអង្គភាពស្រាវជ្រាវផ្នែកការពារជាតិ (DARPA) របស់អាមេរិក បានឱ្យដឹងថា អាមេរិក ក៏កំពុងតែសម្ងំអភិវឌ្ឍបច្ចេកវិទ្យាឆ្លាតវៃនាំផ្លូវគ្រាប់កាំភ្លើងមួយប្រភេទ សម្រាប់កាំភ្លើងវែង rifle។ តាមការឱ្យដឹង នៅពេលបាញ់ចេញ គ្រាប់កាំភ្លើងឆ្លាតវៃរបស់អាមេរិក ក៏នឹងប្ដូរផ្លាស់ផ្លូវហោះហើរ ប៉ុន្ដែ វានៅតែអាចឱ្យម្ចាស់កាំភ្លើងតាមដានក្បាលគ្រាប់ ហើយនៅតែកំទេចគោលដៅដែលបានកំណត់៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ popularairsoft/wonderfulengineering