អ្នកប្រើប្រាស់ឧបករណ៍ iPhone និង Android ទាំងឡាយជាធម្មតាតែងតែប្រើប្រាស់នូវមុខងារលេខសំងាត់ (Passcode) ដើម្បីចាក់សោរទូរស័ព្ទរបស់ខ្លួន។ ដូច្នេះបើគ្មាន Passcode ទេនោះអ្នកដទៃមិនអាចចូលមើលបានពីខ្លឹមសារនៅខាងក្នុងទូរស័ព្ទបានឡើយ។ ដោយឡែកមានកម្មវិធីមួយមានឈ្មោះថា XRY របស់ក្រុមហ៊ុន Micro Systemation (ស្វ៊ីស) បានធ្វើការផ្គល់ជូនដល់បណ្តាស្ថាប័នមានសមត្ថកិច្ចទាំងឡាយនូវមុខងារដែលអាចអោយធ្វើការបំបែកនូវ Passcode ទាំងនោះបាននិងអាចចូលទៅប្រើប្រាស់រឺពិនិត្យមើលរាល់ទិន្នន័យទាំងអស់ក៏ដូចជាការទាញយកឯកសារទាំងអស់ចេញពីក្នុងទូរស័ព្ទទាំងនោះបានដោយងាយបំផុត។

[IMG]

ក្រុមហ៊ុនខាងលើបានអោយដឹងថាពួកគេលក់កម្មវិធី XRY នេះទៅអោយតែស្ថាប័នមានសមត្ថកិច្ចប៉ុណ្ណោះ ដូចជាប៉ូលីស រឺកងទ័ពជាដើម ដើម្បីជួយអោយពួកគេអាចចូលទៅប្រើប្រាស់រឺធ្វើការត្រូតពិនិត្យក្នុងទូរស័ព្ទរបស់បណ្តាជនប្រព្រឹត្តបទល្មើស រឺក៏ជនសង្ស័យដើម្បីប្រមូលយកឯកសារចេញពីទូរស័ព្ទពួកគេទុកធ្វើជាភស្តុតាង។ នៅក្នុងខ្សែវីដេអូដាក់បង្ហាញខាងក្រោមរបស់ខ្លួន, ក្រុមហ៊ុន Micro Systemation អាចធ្វើការបំបែកនូវ Passcode នៅលើទូរស័ព្ទ iPhone និងទូរស័ព្ទ Android បានដោយងាយបំផុតគឺត្រឹមតែក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ។ ក្រោយមកគឺអាចយកឯកសារទាំងប៉ុន្មានដែលនៅក្នុងនោះមកដាក់នៅក្នុងកុំព្យូទ័រដើម្បីធ្វើការត្រួតពិនិត្យ។(បច្ចុប្បន្នខ្សែវីដេអូនោះត្រូវបានលប់ចេញពី YouTube ដោយមិនដឹងពីមូលហេតុ)។ លោក Mike Dickinson, អគ្គនាយកផ្នែកទីផ្សាររបស់ក្រុមហ៊ុន ហើយក៏ជាអ្នកដែលមានវត្តមាននៅក្នុងខ្សែវីដេអូបង្ហាញពីការបំបែក Passcode បានអោយដឹងថា ក្រុមហ៊ុនរបស់លោកដាក់លក់នូវសមិទ្ធិផលដែលមានសមត្ថភាពអាចបំបែក Passcode នៅលើបណ្តាឧបករណ៍ iOS និងAndroid ទៅអោយជាង ៦០ ប្រទេសនៅទូទាំងពិភពលោក។ ក្រុមហ៊ុនរបស់លោកបានផ្គត់ផ្គង់ទៅអោយជាង ៩៧% សំរាប់ស្ថាប័នសមត្ថកិច្ចប៉ូលីសក្នុងប្រទេសអង់គ្លេស ស្ថាប័នប៉ូលីសជាច្រើននៅក្នុងប្រទេសអាមេរិក និងក្នុងនោះក៏មានទាំង FBI ទៀតផង។ ហើយក្នុងនោះដែរ កងទ័ពរបស់អាមេរិកគឺជាអតិថិជនសំខាន់បំផុតរបស់ពួកគេ។ ប្រាក់ចំណូលរបស់ក្រុមហ៊ុនកាលពីឆ្នាំ ២០១០ មានការកើនឡើងចំនួន ២៥% បើធៀបជាមួយឆ្នាំមុនៗ គឺពី ១២ លានដុល្លាអាមេរិក ឡើង ១៨ លានដុល្លាអាមេរិកក្នុងមួយឆ្នាំ។ លោក Mike បានរៀបរាប់ពីដំណើរការរបស់ XRY នេះថាវាមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងអ្នក hacker Jailbreak iPhone ដែរ ប៉ុន្តែមិនបានបញ្ជាក់អោយច្បាស់ថាពួកគេប្រតិបត្តិកម្មវិធីសុវត្ថិភាពណាមួយដើម្បីអនុវត្តន៍ប្រការនេះនោះឡើយ។ លោកនិយាយថាក្រុមហ៊ុនមិនប្រើប្រាស់ Backdoor (ជាទំរង់មួយដែលក្រុមអ្នកធ្វើការអភិវឌ្ឍន៍បង្កើតឡើងដើម្បីផ្តល់ភាពងាយស្រួលក្នុងការចូលទៅកាន់ប្រព័ន្ធខាងក្នុងរបស់ឧបករណ៍ទាំងឡាយ) គឺមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងពួក hacker ធ្វើកម្មវិធី Jailbreak យ៉ាងដូច្នោះដែរ។ ហើយមានបុគ្គលិកចំនួនពាក់កណ្តាលក្នុងចំណោម ៧៥ នាក់របស់ក្រុមហ៊ុនកំពុងតែធ្វើការសិក្សាស្រាវជា្រវស្វែងរកនូវវិធីសាស្រ្តថ្មីដើម្បី hack ចូលទៅក្នុងឧបករណ៍អេឡិចត្រូនិចដែលកំពុងតែបង្ហាញវត្តមានជាបន្តបន្ទាប់នាពេលបច្ចុប្បន្ននេះទៀតផង។ នៅពេលឆ្លងផុតពីដំណាក់កាលជញ្ជាំងសុវត្ថិភាពរបស់ iPhone កម្មវិធី XRY នឹងចាប់ផ្តើមធ្វើយុទ្ធនាការ brute force តាមរយៈការបើកនូវផ្ទាំង Passcode មួយម្តងៗដើម្បីធ្វើការស្វែងរកនូវ Passcode ត្រឹមត្រូវបំផុត។ នៅក្នុងខែ្សវីដេអូ XRY គឺចំណាយត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះដើម្បីអាចស្វែងរក Passcode ដែលត្រឹមត្រូវរបស់ iPhone នោះគឺ 0000។ នេះជា Passcodeដែលងាយស្រួលស្មានបំផុត ហើយប្រសិនបើយើងដាក់ Passcode ដែលពិបាកជាងនេះ និងស្មុគស្មាញជាងនេះ នោះដំណាក់កាលបំបែកក៏ត្រូវចំណាយពេលច្រើនជាងនេះផងដែរ។ នេះបើយោងតាមការបកស្រាយរបស់លោក Mike ។ លេខសំងាត់កាន់តែស្មុគស្មាញ នោះក៏ទាមទារនូវពេលវេលាមួយយូរផងដែរ និងកាន់តែមានការពិបាកជាងដើម្បី XRY អាចចូលទៅក្នុងទូរស័ព្ទបាន,លោក Mike និយាយ, នៅក្នុងករណីមួយចំនួន ដំណើរការនេះអូសបន្លាយយ៉ាងយូរបំផុតដែលធ្វើអោយយើងមិនអាចទ្រាំទ្របានតទៅទៀតក៏មានដែរ។ តួយ៉ាងដូចជាកាលពីថ្មីៗកន្លងមកនេះទាក់ទងនឹងរឿងករណីរបស់ Dante Dears ដែលជាអ្នកជាប់គុកម្នាក់ត្រូវបានលើកលែងទោស ប៉ុន្តែ​ត្រូវទទួលរងការចោទប្រកាន់ពីបទមានទំនាក់ទំនងនឹងបណ្តាញពេស្យាចារដែលមានឈ្មោះថាPimping Hoes Daily តាមរយៈទូរស័ព្ទ Android របស់ខ្លួន។ FBI ព្យាយាមបំបែក Passcode ទូរស័ព្ទរបស់ជនលើ្មសរួបនោះតែមិនបានសំរេច ក៏សំរេចចិត្តសុំជំនួយពីខាង Google ៕

ប្រភព៖ Forbes

ដោយ៖ រស្មី