ទីក្រុងហាណូយ៖ ព្យុះទីហ្វុង Doksuri បានវាយប្រហារភាគកណ្ដាលប្រទេសវៀតណាម កាលពីថ្ងៃសុក្រ ដោយបានសម្លាប់មនុស្សម្នាក់ និងបណ្ដាលឱ្យមនុស្ស ១០ នាក់រងរបួស ខណៈដែលព្យុះនេះ បង្កឱ្យមានភ្លៀងធ្លាក់ និងខ្យល់បក់បោកយ៉ាងខ្លាំង ដែលបានបោកបក់របើកដំបូលផ្ទះ និងបង្គោលអគ្គីសនី។

មន្រ្តីទទួលបន្ទុកគ្រោះមហន្តរាយលោក Ngo Duc Hoi បាននិយាយថា ខ្យល់ព្យុះ ដែលមានល្បឿនអតិបរមា ១៣៥ គីឡូម៉ែត្រក្នុងមួយម៉ោងនេះ បានបក់បោកមកលើខេត្ត Ha Tinh ដោយបានវាយប្រហារលើសង្កាត់ឆ្នេរសមុទ្រចំនួន ៦ និងបំផ្លិចបំផ្លាញដំបូលផ្ទះចំនួន ៦២,២០០ ខ្នង  និងធ្វើឱ្យដួលរលំដើមឈើ និងបង្គោលភ្លើង។

/

មន្រ្តីទទួលបន្ទុកគ្រោះមហន្តរាយម្នាក់ បាននិយាយថា នៅខេត្ដជិតខាងនៃខេត្ត Quang Binh ភាគខាងជើង បុរសម្នាក់ បានស្លាប់បាត់បង់ជីវិត នៅពេលគាត់ព្យាយាមជ្រែងផ្ទះរបស់គាត់កុំឱ្យប៉ើងតាមខ្យល់ ខណៈដែលមនុស្ស ១០ នាក់ផ្សេងទៀត បានរងរបួសដោយសារដើមឈើរលំលើ ឬកម្ទេចកម្ទីបាក់បែក ធ្លាក់លើ។ លោកបន្ថែមថា  ផ្ទះចំនួន ៥០.០០០ ខ្នងទៀត បានរងការខូចខាត ដោយដំបូលផ្ទះជាច្រើន បានប៉ើងធ្លាក់រប៉ាត់រប៉ៃ។ ព្យុះទីហ្វុង បានបក់បោករហូតដល់ ១៨៥ គីឡូម៉ែត្រក្នុងមួយម៉ោង។ ខេត្តទាំងមូល ដាច់ភ្លើងងងឹតសូន្យឈឹង ដោយសារតែអាជ្ញាធរ បានកាត់ផ្តាច់ចរន្ដអគ្គិសនី មុនពេលព្យុះបក់បោក។ ទឹកជំនន់ត្រូវបានគេរាយការណ៍ថា បានជន់លិចនៅតាមភូមិមួយចំនួន។

ព្យុះទីហ្វុង Doksuri បានបក់ផាត់ឆ្លងកាត់ប្រទេសហ្វីលីពីន កាលពីថ្ងៃអង្គារ ជាគ្រោះធម្មជាតិគួរឱ្យខ្វល់ខ្វាយមួយ​ នៅក្នុងតំបន់ត្រូពិច ដែលមានអានុភាពយ៉ាងខ្លាំង ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤ នាក់ និងបណ្ដាលឱ្យមនុស្ស ៦ នាក់ផ្សេងទៀត បាត់ខ្លួន។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម បាននិយាយ នៅក្នុងរបាយការណ៍មួយថា នៅព្រឹកថ្ងៃសុក្រ អ្នកភូមិ ៧៩.០០០ នាក់ នៅតំបន់ដែលមានគ្រោះថ្នាក់បំផុត នៅក្នុងខេត្តភាគកណ្តាលចំនួន ៥ ត្រូវបានជម្លៀសចេញ ហើយមនុស្ស ២១០,០០០ នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់ទីសុវត្ថិភាព មុនពេលព្យុះបក់បោក។

ក្រុមអ្នកព្យាករណ៍ បានព្រមានអំពីទឹកជំនន់ និងការបាក់ដី នៅតំបន់ខ្លះនៃតំបន់ភាគខាងជើងនិងភាគកណ្តាលរបស់ប្រទេស។ ព្យុះទីហ្វុងត្រូវបានគេរំពឹងថា នឹងថមថយទៅវិញ មុនពេលបក់បោកចូលភាគខាងជើងប្រទេសឡាវ នៅដើមថ្ងៃសៅរ៍។ ប្រទេសវៀតណាម ដែលមានប្រជាជន ៩៣ លាននាក់ ងាយនឹងរងគ្រោះដោយទឹកជំនន់ និងខ្យល់ព្យុះ ដែលសម្លាប់មនុស្សរាប់រយនាក់ជារៀងរាល់ឆ្នាំ ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Bangkokpost