ព័ត៌មានអន្តរជាតិ ៖ ទូរទស្សន៍រដ្ឋរបស់ប្រទេស រូម៉ានី បានផ្សាយថា ឧទ្ធម្ភាគចក្រប្រភេទ សូខេត ដឹក យោធាចំនួន ១០នាក់ បានធ្លាក់កាលពីថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា នៅជិតទីក្រុង មេដៀសភាគកណ្តាល ប្រទេស រូម៉ានី បណ្តាលឲ្យស្លាប់យោធា ០៨នាក់។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ដោយផ្អែកតាមការ​លើកឡើងរបស់លោក មីសៀ ឌូសា រដ្ឋមន្រ្តីការពារជាតិរូម៉ានី ថា ឧប្បតិហេតុធ្លាក់នោះ បានបណ្តាល​ឲ្យស្លាប់យោធា ០៨នាក់ ដែលនៅលើឧទ្ធម្ភាគចក្រ ចំណែក ០២នាក់ទៀតគឺនៅរស់រានមានជីវិតប៉ុន្តែ​​​ ស្ថិតក្នុងអាការៈធ្ងន់ធ្ងរ ដោយសារភ្លើងឆេះ។

ចំណែក​    ក្រសួង​​មហាផ្ទៃរូម៉ានីវិញ បានឲ្យដឹងថា ជនរងគ្រោះដែលនៅរស់រានមានជីវិត​ទំាងពីរនាក់​នោះ គឺលោតចេញពីឧទ្ធម្ភាគចក្រ  ដោយ  ខ្លួនឯង។ ចំណែកសាក្សី បាននិយាយថា «នៅពេលដែល គាត់ ទៅ    ដល់កន្លែងកើតហេតុ ឃើញឧទ្ធម្ភាគចក្រនោះ បានឆេះទៅហើយ។ អ្នករងគ្រោះម្នាក់ នៅ ដឹងខ្លួននៅឡើយ ខណៈម្នាក់ទៀតស្ថិតក្នុងអាការៈធ្ងន់ធ្ងរ»។

/

ក្រសួងមហាផ្ទៃបន្តថា ឧទ្ធម្ភាគចក្រមួយគ្រឿងដែលធ្លាក់នោះ គឺកំពុងហោះហើរទៅឆ្ពោះទៅមូលដ្ឋាន យោធា ស៊ីនគូ ដែលមានចម្ងាយប្រហែល ៤៥  គីឡូម៉ែត្រ ពីភាគអាគ្នេយ៍នៃកន្លែងធ្លាក់ ដើម្បីទៅចូល រួម សមយុទ្ធយោធាជាមួយ ទាហានអាម៉េរិក។

រដ្ឋមន្រ្តីការពារជាតិ លោក ឌូសា ក៏បានបញ្ជាឲ្យស៊ើបអង្កេតក្នុងឧប្បតិហេតុនេះផងដែរ ចំណែក ក្រុម ការងាររួម ដែលរួមមានក្រុមព្រះរាជអាជ្ញាយោធា មន្រ្តីជំនាញខាងវិទ្យាសាស្រ្ត និងឧបនាយករដ្ឋមន្រ្តី រូម៉ានី ទទួលបន្ទុកសន្តិសុខជាតិ ក៏បានធ្វើដំណើរទៅកន្លែងធ្លាក់នោះហើយដែរ៕

ប្រភព ៖ ដើមអម្ពិល