ឧក្រិដ្ឋជនតែងតែរត់គេចពីប៉ូលីស ព្រោះមិនចង់ជាប់គុក ប៉ុន្តែសម្រាប់ឧក្រិដ្ឋជនដែលបានចួលទៅក្នុងពន្ធនាគារ HMP Cardiff នៅប្រទេសអង់គ្លេសវិញនោះប្រហែលជាបះសក់មិនស្ទើរនោះទេព្រោះទីនេះហើយជាកន្លែងដែលឧក្រិដ្ឋជនទាំងនោះ អាចកែប្រែខ្លួនហើយ ពេលចេញពីគុកអាចមានមុខរបរល្អប្រសើរទៀតផង។
អ្វីដែលប្លែកនោះគឺថា ក្នុងពន្ធនាគារមួយដែលមានសន្តិសុខយាមកាមយ៉ាងតឹងរឹងនេះគឺគេបានបង្កើតអោយមានភោជនីយដ្ឋានប្រណិតមួយកន្លែងនៅក្នុងពន្ធនាគារនេះតែម្ដង ដែលអ្វីដែលវាកាន់តែប្លែកនោះគឺថា រាល់មុខម្ហូបដែលចម្អិនគឺចម្អិនដោយអ្នកទោសក្នុងពន្ធនាគារនេះផ្ទាល់តែម្ដង ក៏ដូចជាអ្នកបម្រើសេវាកម្មក៏ជាអ្នកទោសផងដែរ។
មានមនុស្សមួយចំនួនប្រហែលជាគិតថាម្ហូបដែលអ្នកទោសចម្អិនប្រហែលជាមិនមានរសជាតិគួរអោយពិសារនោះទេ ប៉ុន្តែសម្រាប់ភោជនីយដ្ឋានក្នុងពន្ធនាគារដែលត្រូវបានគេដាក់ឈ្មោះថា Clink Cymru នេះសន្យាថានឹងបម្រើភ្ញៀវនូវអាហារដែលមានគុណភាព និងរសជាតិលំដាប់អន្តរជាតិ ជាមួយនឹងទីកន្លែងធំទូលាយដែលអាចទទួលភ្ញៀវបាន ៩៦ នាក់។
បុគ្គលិកជាអ្នកទោសដែលធ្វើការក្នុងភោជនីយដ្ឋាននេះទាំងអស់មានចំនួន ៣០ នាក់ដែលសុទ្ធសឹងតែជាអ្នកទោសកម្រិត D ដែលត្រូវបានគេស្គាល់ថាជាបីតាឧក្រិដ្ឋជនដែលធ្លាប់បានធ្វើអំពើខុសច្បាប់ដែលជាប់ទោសធ្ងន់ធ្ងរ ត្រូវបានគេដាក់អោយមកធ្វើជាចុងភៅក៏ដូចជាអ្នកបម្រើសេវាកម្មក្នុងភោជនីយដ្ឋាននេះ។
ម្ចាស់គំនិតក្នុងាការបើកភោជនីយដ្ឋានក្នុងគុកនេះគឺលោក Alberto Crisci ដែលជាមេចុងភៅល្បីម្នាក់នៅក្នុងភោជនីយដ្ឋានល្បីមួយនៅទីក្រុង London ដែលលោកបានប្រាប់ថា អ្វីៗទាំងនេះគឺធ្វើដើម្បីអោយអ្នកទោស ដែលធ្លាប់តែធ្វើអំពើអាក្រក់អាចចាប់ជាជំនាញ មួយពិតប្រាកដសម្រាប់ពួកគេចិញ្ចឹមជីវិត នៅពេលដែលគេចេញពីគុកទៅ កុំអោយធ្វើនូវអំពើខុសច្បាប់ទៀត៕

ដោយ៖ ម៉ូកាប្រភពពី៖ k14